Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋី​បារ...

មហាសេដ្ឋី​បារាំង​ស្លាប់​នៅ​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ារីស​៖​មហាសេដ្ឋី​បារាំង លោក អូ​លី​វី​យ៉េ ដា​សូល (Olivier Dassault)​ជា​អ្នកនយោបាយ​និង​ជា​ផ្នែក​នៃ​ត្រកូល​ផលិត​យន្តហោះ​Dassault បាន​ស្លាប់​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​​មួយ​កាលពី​ថ្ងៃអាទិត្យ​។​

​ដា​សូល អាយុ​៦៩​ឆ្នាំ បាន​ស្លាប់​នៅ​ម៉ោង​ប្រមាណ​៦​ល្ងាច​នៅពេល​ឧទ្ធម្ភាគចក្រ​របស់លោក​ធ្លាក់​នៅ​ជិត​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដឺ​វី​ល​( Deauville)​នៅ​បារាំង​ភាគ​ពាយព្យ​។​

​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ដឹកនាំ​ការគោរព ដោយ​លោក​បាន​និយាយ​ដា​លោក​« អូ​លី​វី​យ៉េ ដា​សូល ស្រឡាញ់​បារាំង​។​ក្នុងនាម​ជា​ប្រធាន​ក្រុម​ឧស្សាហកម្ម សមាជិកសភា​​តំបន់ មេបញ្ជាការ​កងទ័ពអាកាស​បំរុង ពេញ​មួយ​ជីវិត​របស់​លោក អូ​លី​វី​យ៉េ ដា​សូល​មិន​ដែល​ឈប់​បំរើ​ប្រទេស​របស់​យើង​ទេ​»​។​

​លោក​ម៉ា​ក្រុង​បាន​ហៅ​ការស្លាប់​នេះ​ថា​ជា​«​ការបាត់បង់​ធំធេង​មួយ​»​និង​បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ដល់​គ្រួសារ​លោក​ដា​សូល​ដែលជា​គ្រួសារ​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​បារាំង​ជាមួយនឹង​មុខ​ជំនួញ​លាត​​សន្ធឹង​ចាប់ពី​អាកាសចរណ៍​ដល់​វិស័យ​ការពារជាតិ ការលក់​ដេញថ្លៃ​វត្ថុ​មាន​តំលៃ ស្រា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ចំណែក​នាយករដ្ឋមន្ត្រី​បារាំង បាន​សរសើរ​លោក​ដា​សូល​ថា​ជា​សមាជិក​សភា​ចិត្តធម៌ សហគ្រិន​ប្រកបដោយ​ទស្សនវិស័យ ជា​បុគ្គល​មានការ​តាំងចិត្ត​ជ្រាលជ្រៅ​ចំពោះ​ប្រទេសជាតិ​ខ្លួន​។​

​ក្រុមហ៊ុន​អាកាសយាន​The Dassault Aviation​របស់​គ្រួសារ​លោក​បាន​ដឹកនាំ​ឧស្សាហកម្ម​យន្តហោះ​បារាំង​អស់​៧០​ឆ្នាំ​មកនេះ និង​បាន​ផលិត​ចេញ​យន្តហោះ​ប្រយុទ្ធ​Falcon​យន្តហោះ Mirage និង​យន្ត​​ហោះ​ទំនើប​ចុងក្រោយ​Rafale​។​

​ទស្សនា​វ​ដ្តី​Forbes​បាន​ប៉ាន់ស្មាន​ថា លោក​អូ​លី​វី​យ៉េ ដា​សូល ជា​អ្នក​មាន​បំផុត​ទី​៣៦១​នៅ​លើ​ផែនដី​នេះ​នៅ​ឆ្នាំ​២០២០ ជាមួយនឹង​ទ្រព្យធន​ប្រមាណ​៥​ពាន់​លាន​អឺរ៉ូ​(៦​ពាន់​លាន​ដុល្លារ​) ស្មើ​នឹង​កូន​បីនាក់​​របស់​លោក​បូក​បញ្ចូល​គ្នា​។​

​ទីភ្នាក់ងារ​ស៊ើបអង្កេត​ការធ្លាក់​យន្តហោះ​បារាំង​BEA​បាន​និយាយថា ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​ក្រោយ​ចេញដំណើរ​បាន​បន្តិច​ពី​«​ទីតាំង​ឯកជន​» ក្នុង​អាកាសធាតុ​មេឃ​មាន​ពន្លឺព្រះអាទិត្យ​និង​ខ្យល់​តិច​។​ប្រ​​ភព​ស្និទ្ធ​នឹង​ការស៊ើបអង្កេត​បាន​អោយ​ដឹងថា អ្នកបើក​ឧទ្ធម្ភាគចក្រ​ក៏​បាន​ស្លាប់​ក្នុង​ការធ្លាក់ និង​មិន​មាន​នរណា​ផ្សេង​នៅក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ទេ​៕

​ប្រធានាធិបតី​ម៉ា​ក្រុង​បាន​និយាយថា លោក​អូ​លី​វី​យ៉េ ដា​សូល «​មិន​ដែល​ឈប់​បំរើ​ប្រទេសជាតិ​របស់​យើង​ទេ​»

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular