ដោយៈសរិទ្ធ / ស្វាយរៀងៈ បុរសជាង ផ្សារដែកម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញ ចង ក សម្លាប់ខ្លួន ក្រោមដើមធ្លក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង២០ នាទី ល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថាៈ បុរសខាងលើ មានឈ្មោះ ពៅ បាន អាយុ ២៤ ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបានបន្តថា ប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រៃអង្គុយ បានទទួលព័ត៌មានថា នៅចំណុច វាលស្រែ ខាងក្រោយផ្ទះ មា្តយសាកសព ឈ្មោះ កែវ ង៉ែត អាយុ៥៧ឆ្នាំរស់នៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីធ្វើអត្តឃាត ចង ក សម្លាប់ខ្លួន ទើបសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ឈ្មោះ តាល់ តាក់ ឋានៈគិលានុប្បដ្ឋាក មន្ទីរពេទ្យ បង្អែកជីភូ បានចុះទៅដល់កន្លែងកើតហេតុ តែខណៈពេលនោះ បងប្អូនក្រុមគ្រួសារ មានការសង្ស័យថា ក្រែងនៅរស់ បាននាំគ្នាស្រាយខ្សែទំលាក់ រួចបានដឹកទៅមន្ទីរពេទ្យ បង្អែកជីភូ។
ក្រោយមក គ្រូពេទ្យ បានបញ្ជាក់ថា បុរសខាងលើ បានស្លាប់ហើយ ទើបដឹកសាសព មកផ្ទះវិញ ខណៈសមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ បានធ្វើការពិនិត្យ លើដងខ្លួនសាកសព ដោយសន្និដ្ឋានថា បុរសនេះ បានយកខ្សែក្របី មកចង ក លើដើមធ្លក ប្រាកដមែនដោយ ពុំមានស្នាកស្នាមអ្វី សំគាល់ជារឿងឃាតកម្មនោះទេ ខណះក្រុមគ្រួសារ អះអាងថា មុនកើតហេតុ គឺបុរសនេះ បានផឹកស្រាស្រវឹង ហើយណាមួយ មានវិបតិ្តក្នុងគ្រួសារ បន្តិចបន្តួច ទើបគិតខ្លី បែបនេះតែម្ដង។ សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ និងប្រគល់ ទៅក្រុមគ្រូសារ ធ្វើបុណ្យតាមប្រពៃណី៕/V-PC