ដោយ: ប.ខុន / ភ្នំពេញ: គម្រោងសាងសង់មហាវិថី៣០ម៉ែត្រ ចូលដល់ដំណាក់កាលដាំផ្កា ក្រាលស្មៅជប៉ុននៅលើសួនពុះចែកទ្រូងមហាវិថីនេះ ជាមួយនឹងការតម្លើង បង្គោ លភ្លើងបំភ្លឺផ្លូវចំនួន១០០ដើម ឱ្យបានរួចរាល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការទីស្តីការក្រសួងរៀបចំដែនដីនាដើមខែមេសាដែលមានទីតាំងតាមមហាវិថី នេះ។
លោក ជា សុវណ្ណ ប្រធានអង្គភាពអគ្គិសនី និងបំភ្លឺសាធារណៈនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១ថា ការដាំបង្គោលភ្លើងថ្មីនៅលើមហាវិថី៣០ម៉ែត្រ ចាប់ពីបុរីអង្គរ ភ្នំពេញ ទៅដល់មុខទីស្តីថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចាប់ផ្តើមនៅថ្ងៃនេះ(៨មីនា) មានចំនួន១០០ដើម គ្រោងតម្លើងឱ្យបានរួចរាល់នៅ ក្នុងសប្តាហ៍នេះ។
ប្រធានអង្គភាពខាងលើនិយាយឱ្យដឹងទៀតថា បន្ទាប់ពីការតម្លើងបង្គោល រួចរាល់គឺចាប់គោម តភ្ជាប់បណ្តាញ និងចរន្តនៅសប្តាហ៍បន្ទាប់តាមកម្មវិធី ដែលបានគ្រោងទុក គឺទាន់ការសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅដើមខែមេសា។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ខែមីនាដែរថា ការងារធ្វើសួនច្បារពុះចែកទ្រូងមហាវិថី៣០ម៉ែត្រ ចាប់ពីបុរីអង្គរភ្នំពេញដល់ក្រុង រណប ហ្ក្រេនភ្នំពេញអន្តរជាតិជាប់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថ្មីបានចាប់ផ្តើមដាំផ្កាហើយនៅថ្ងៃនេះ(៨មីនា) ក្នុងគម្រោងមានដាំផ្កាក្រដាសដើម តែដើមជ្រៃលាស់ និងក្រាលស្មៅជប៉ុន ធ្វើយ៉ាងណាឱ្យការសម្ពោធអគារទីស្តីការថ្មី របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
ទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចាប់ផ្តើមសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០ នៅលើទីតាំងដីឡូត៍ លេខ២០០៥ ផ្លូវ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី៣ខែមីនា ក្រសួងនេះបានប្រកាសជូនដំណឹងថា ឱ្យមន្ត្រីចូលធ្វើការកន្លែងថ្មីនេះ នៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១។ តាមការគ្រោងទីស្តីការក្រសួងនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ខែមេសាឆ្នាំ២០២១ ដែលជាថ្ងៃខួបកំណើតរបស់សម្តេច។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិយាយឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅនេះថា ការសាងសង់មហាវិថី៣០ម៉ែត្រ ដែលសម្រេចលទ្ធផលបានជាង៧០ភាគរយ នៃគម្រោងហើយ ជាមហាវិថីធំទូលាយមានលូបង្ហូរទឹកនៅសងខាង មានសួនច្បារ និងភ្លើងបំភ្លឺផ្លូវចំកណ្តាល ដែលជាមហាវិថីកើតពីការចូលរួមចំណែករបស់អ្នកឧកញ៉ា លោកឧកញ៉ាលើផ្នែកថវិកា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
រំលឹកឱ្យដឹងថា មហាវិថី៣០ម៉ែត្រខាងលើនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រ ថវិកាពីសប្បុរសជនដែលជាម្ចាស់បុរីនៅអមសងខាងមហាវិថីនេះ គឺចាប់ពីបុរីអង្គរភ្នំពេញ ទៅដល់មហាវិថីឈ្នះឈ្នះ។
មហាវិថី៣០ម៉ែត្រថ្មីនេះ មានប្រវែង ៥.៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ នៅក្នុងគម្រោង ដែលកំពុងអនុវត្តត្រូវចាក់បេតុងឆ្អឹងដែកកម្រាស់ ០.២០ម៉ែត្រ ចិញ្ចើមផ្លូវម្ខាង២ម៉ែត្រមានលូនៅសងខាង ដោយម្ខាងទំហំ០,៨០ម៉ែត្រ មានសួនច្បារនៅកណ្តាល ២ម៉ែត្រ ជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវ សាច់ផ្លូវម្ខាង១២ម៉ែត្រ មានភ្លើងស្តុប៤កន្លែង និងទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុនជីបម៉ុង គ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល ៦ខែ បន្ទាប់ពីថ្ងៃបើកការដ្ឋាន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០៕