Home ព័ត៌មានសំខាន់ៗ ប្រេង​ហក់​ឡើង...

ប្រេង​ហក់​ឡើងលើ​៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​លើកដំបូង​ចាប់តាំងពី​ការផ្ទុះ​ជំងឺឆ្លង ក្រោយពី​មាន​ការវាយប្រហារ​នៅ​អា​រ៉ាប៊ីសាអូឌីត​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖​ប្រេង​ឆៅ​Brent​លក់​ចេញ​នៅ​ថ្ងៃ​ចន្ទ​ទី​៨​មីនា​បាន​ឡើងថ្លៃ​ហួស​៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​(១៥៩​លីត្រ​)​ជា​លើកដំបូង​ចាប់តាំងពី​ពិភពលោក​ផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ នៅពេល​ប្រេង​​ឆៅ​អាម៉េរិក​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ក្រោយពី​មាន​សេចក្តីរាយការណ៍​អំពី​ការវាយប្រហារ​លើ​បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​អា​រ៉ាប៊ីសាអូឌីត​។​

​ប្រេង​ឆៅ​Brent​សំរាប់​ប្រគល់​នៅ​ខែ​ឧសភា បាន​ហក់​ឡើងដល់​៧១,៣៨​ដុល្លារ​ក្នុង​ជំនួញ​កាលពី​ព្រឹក​ថ្ងៃ​៨​មីនា ។​វា​ជា​ថ្លៃ​ខ្ពស់បំផុត​បើ​ធៀប​នឹង​ថ្លៃ​ប្រេង​នានា​ចាប់តាំងពី​ថ្ងៃ​០៨​មករា ឆ្នាំ​២០២០ ។​

​ប្រេង West Texas Intermediate (WTI)​នៅ​ផ្សារ​អាម៉េរិក​សំរាប់​ប្រគល់​នៅ​ខែ​មេសា​បាន​ឡើង​១,០៨​ដុល្លារ ដល់​៦៧,១៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​ថ្លៃ​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ខែ​តុលា ឆ្នាំ​២០១៨​។​

​កងកម្លាំង​ឧទ្ទាម​ហូ​ទី​នៃ​ប្រទេស​យេ​ម៉ែន បាន​ប្រើ​ដ្រូ​ន​និង​កាំជ្រួច​វាយប្រហារ​បេះដូង​ឧស្សាហកម្ម​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​អាទិត្យ រួម​មាន​រោងចក្រ​ចម្រាញ់​Saudi Aramco​មួយ​ដែល​សំខាន់​​សំរាប់​ការនាំ​ចេញ​ប្រេង ។​

​វា​ជា​ការវាយប្រហារ​ទី​២​ក្នុងពេល​មួយ​ខែ​មកនេះ បន្ទាប់ពី​ហេតុការណ៍​មួយ​នៅ​ក្រុង​ចេ​ដាកា​លពី​ថ្ងៃ​៤​មីនា​។​

​ពួក​អ្នកវិភាគ​នៅ​ក្រុមហ៊ុន ING​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា «​យើង​អាច​ឃើញ​ការឡើង​ថែមទៀត​នៅក្នុង​ទីផ្សារ​ប្រេង​ក្នុងពេល​ដ៏​ខ្លី …»​។​

​ហេ​លី​ម៉ា ក្រូ​ហ្វ នៅ​ក្រុមហ៊ុន​RBC Capital​បាន​និយាយថា ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​បញ្ជាក់​ពី​បរិយាកាស​សន្តិសុខ​នៅក្នុង​តំបន់​បន្ត​នៅ​គ្រោះថ្នាក់​យ៉ាង​ណា នៅ​ពេល​ជិត​១៨​ខែ​ក្រោយ​ពី​ការវាយប្រហារ​​របស់​អ៊ីរ៉ង់​នៅ​ថ្ងៃ​១៤ កញ្ញា ឆ្នាំ​២០១៩ ដែល​បាន​បិទ​ខ្ទប់​ទិន្នផល​ប្រេង​ពាក់កណ្តាល​របស់​ព្រះរាជាណាចក្រ​នេះ​។​

​ប្រេង​នៅ​ផ្សារ​Brent និង​WTI​បាន​ឡើងថ្លៃ​៤​លើ​ក​ជាប់ៗ​គ្នា​ក្រោយ​ពី​អង្គការ​ប្រទេស​នាំចេញ​ប្រេង​OPEC​និង​សម្ពន្ធមិត្ត​របស់ខ្លួន​បាន​សំរេចចិត្ត​បន្ត​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ដ៏​ច្រើន​ដោយ​មិនមាន​ការផ្លាស់ប្តូរ​នៅ​ខែ​មេសា​។​

​ការដឹកជញ្ជូន​ប្រេង​ចេញ​នៅ​២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ក៏​កើន​៤,១​ភាគរយ និង​តំរូវការ​ប្រេង​បន្ត​កើនឡើង​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular