Home ព័ត៌មានសំខាន់ៗ ព្រះ​នាង​មេហ្...

ព្រះ​នាង​មេហ្គា​ន​និង​ព្រះអង្គ​ម្ចាស់ហារី​ពន្យល់​បកស្រាយ​អំពី​ជម្លោះ​ក្នុង​គ្រួសារ​រាជវង្ស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅក្នុង​បទសម្ភាសន៍​ដ៏​ទូលំទូលាយ​មួយ​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៧​មីនា ព្រះអង្គម្ចាស់​ហារី និង​ព្រះ​នាង​មេហ្គា​ន​បាន​ពិភាក្សា​អំពី​រឿងរ៉ាវ​ក្នុង​រាជវាំង​ដ៏​ឈឺចាប់ ទាក់ទិន​នឹង​ពណ៌​សម្បុរ​បុត្រា​របស់​ពួក​ទ្រង់ ការបាត់បង់​ការការពា​រ​ពី​រាជវង្ស និង​សម្ពាធ​ដ៏​ខ្លាំងក្លា​រហូតដល់​ថ្នាក់​ទ្រង់​មាន​បំណង​ធ្វើអត្តឃាត​។​

​បទសម្ភាសន៍​ជាមួយ​លោកស្រី​អប់​ប្រា វីន​ហ្វ្រេ​គឺជា​កិច្ចសម្ភាសន៍​ដំបូង​របស់​គូ​ស្វាមីភរិយា​នេះ ចាប់តាំងពី​ពួក​ទ្រង់​បាន​លាឈប់​ពី​កិច្ចការ​រាជវាំង ហើយ​កិច្ចសម្ភាសន៍​ពិសេស​រយៈពេល ២​ម៉ោង​នេះ​គឺ​រួម​​មានការ​លាតត្រដាង​ជាច្រើន​ដែល​ទំនង​ជា​ធ្វើឱ្យ​រំជើបរំជួល​នៅ​ផ្នែក​ទាំងសងខាង​នៃ​សមុទ្រ​អា​ត្លង់​ទិក​។​

​ព្រះអង្គម្ចាស់​បាន​ប្រាប់​លោក​ស្រី​វីន​ហ្វ្រី​ថា​ទ្រង់មាន​អារម្មណ៍​ថា​ជាប់អន្ទាក់​ជីវិត​រាជវង្ស​ហើយ​ទ្រង់​មាន​ការភ្ញាក់ផ្អើល​ដែល​ទ្រង់​ត្រូវបាន​កាត់ផ្តាច់​ផ្នែក​ហិរញ្ញវត្ថុ​និង​បាត់បង់​សន្តិសុខ​របស់​ទ្រង់​កាលពី​ឆ្នាំមុន​។ ទ្រង់​ក៏​បាន​មានបន្ទូល​ផង​ដែរ​ថា​ទ្រង់​មាន​អារម្មណ៍​ថា​គ្រួសារ​របស់​ទ្រង់​មិន​គាំទ្រ​ព្រះ​នាង​មេ​ហ្គេន ដែល​បាន​ទទួលស្គាល់​ភាព​ឆោតល្ងង់​របស់​ព្រះ​នាង​អំពី​ជីវិត​រាជវង្ស​មុន​ពេល​រៀប​អភិសេក​ជាមួយ​ព្រះ​​អង្គ​ម្ចាស់​ហារី ខណៈ​ដែល​ព្រះ​នាងរង​ការវាយប្រហារ​ពី​កាសែត​និង​រឿង​មិន​ពិត​ជា​ច្រើន​។​

​ព្រះ​នាង​មេហ្គា​ន ដែល​មាន​ឈាមជ័រ​ពីរ​ជាតិ​សាសន៍ បាន​ពណ៌នា​ថា នៅពេល​ព្រះ​នាង​មាន​ផ្ទៃពោះ​ដំបូង​ជាមួយ​បុត្រា អាឈី ពេលនោះ​មាន “​ការព្រួយបារម្ភ​និង​ការសន្ទនា​អំពី​សម្បុរ​ខ្មៅ​របស់​បុត្រា នៅពេល​ដែល​បុត្រា​កើតមក​” ។ សេចក្តីថ្លែងការណ៍​នេះ​បាន​នាំឱ្យ​លោកស្រី​វីន​ហ្វ្រី​សួរ​ទាំង​ភ្ញាក់ផ្អើល​ថា “​អ៊ីចឹង​ផង​?”​។​

​ខណៈ​លោកស្រី​វីន​ហ្វ្រី​អង្គុយ​ស្ងាត់ស្ងៀម ព្រះ​នាង​មេ​ហ្គាន​បន្តថា ព្រះ​នាង​ពិបាក​យល់​ពី​មូលហេតុ​ដែល​មាន​ការព្រួយបារម្ភ​នៅក្នុង​រាជវង្ស​អំពី​ពណ៌​សម្បុរ​បុត្រា​របស់​ទ្រង់​។ ព្រះ​នាង​បាន​មានបន្ទូលថា វា​ពិបាក​សម្រាប់​ព្រះ​នាង​ក្នុងការ​ស្តាប់ឮ​ការសន្ទនា​ទាំងនោះ​។​

​ព្រះ​នាង​មេហ្គា​ន ជា​តារា​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ “Suits” បាន​មានបន្ទូលថា ព្រះ​នាង​មាន​ការព្រួយបារម្ភ​ខ្លាច​បុត្រា​ធំ​ឡើង​គ្មាន​គោរមងារ​ដូច្នេះ​មានន័យថា​បុត្រា​នឹង​មិន​មាន​ការការពារ​ផ្នែក​​សន្តិសុខ​ទេ​។​

​ព្រះ​នាង​បន្តថា កិច្ចដំណើរការ​លើ​អ្វី​គ្រប់យ៉ាង​អំឡុងពេល​មាន​ផ្ទៃពោះ​គឺ “​លំបាក​ណាស់​”​។ ក្រៅពី​គោម​ងារ​ជា “​ព្រះអង្គម្ចាស់​”​ព្រះ​នាង​មាន​ការបារម្ភ​ខ្លាំង​បំផុត​ចំពោះ​សុវត្ថិភាព​និង​កិច្ច​ការពារ​បុត្រ​​របស់​ទ្រង់​។​

​ព្រះ​នាង​មេហ្គា​ន ដែល​មាន​ទឹក​មុខស្រងូត​ស្រងាត់ បាន​រំលឹកថា “​បុត្រា​ត្រូវតែមាន​សុវត្ថិភាព​។ យើង​មិន​បាន​និយាយថា កុំ​ធ្វើ​ឱ្យ​បុត្រ​នេះ​ក្លាយ​ជា​ព្រះអង្គម្ចាស់​ឬ​ព្រះ​នាង​នោះ​ទេ ទោះបី​វា​ជា​អ្វី​ក៏ដោយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​និយាយ​ថា គោរមងារ​នឹង​ជះ​ឥទ្ធិពល​ដល់​ការការពារ​បុត្រ យើង​មិន​បាន​បង្កើត​ម៉ាស៊ីន​បិសាច​ទាំងនេះ​នៅ​ជុំវិញ​ខ្លួន​យើង​នោះទេ ពោលគឺ​ល្បិច​ចុច​អាន​អត្ថបទ និង ចំណី​របស់​ក្រុម​កាសែត​។ អ្នក​បាន​អនុញ្ញាត​ឱ្យ​វា​កើតឡើង ចឹង​មានន័យថា បុត្រ​របស់​យើង​ត្រូវតែ​មាន​សុវត្ថិភាព​”​។​

ជីវិតក្នុងរាជវង្សអង់គ្លេសស្ទើរតែធ្វើអោយនាងមេហ្គា​នបញ្ចប់ជីវិតខ្លួនឯង

​បទសម្ភាសន៍​នេះ​ត្រូវបាន​ចាក់ផ្សាយ​នៅ​សហរដ្ឋ​អាម៉េរិក​មួយ​ថ្ងៃ​ពេញ (​ថ្ងៃអាទិត្យ​) មុន​ពេល​ចាក់​ផ្សាយ​នៅ​ចក្រភព​អង់គ្លេស​៕

​កិច្ចសម្ភាសន៍​របស់លោក​ស្រី​វីន​ហ្វ្រេ​ជាមួយ​ព្រះ​នាង​មេហ្គា​ន​និង​ព្រះអង្គ​ម្ចាស់ហារី​ត្រូវបាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular