Home ព័ត៌មានជាតិ សន្តិសុខ រកឃើញ​មូលហេតុ...

រកឃើញ​មូលហេតុ នៃ​ការដុត​ខ្លួន​របស់​បុរស​ម្នាក់ នៅ​រង្វង់​មូល​ផ្សារ​វាលរេញ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ បុរស​ដែល​បានធ្វើ​អត្តឃាត ដោយ​ចាក់​ដុត​ខ្លួន កាលពី​ព្រលឹម ថ្ងៃទី ៨ ខែមីនា ឆ្នាំ​២០២១ នៅ​រង្វង់​មូល​សួនច្បារ ផ្សារ​វាលរេញ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​អាជ្ញាធរខេត្ត​នេះ បញ្ជាក់ថា ជា​ជន​មាន​សតិ​មិន​ប្រក្រតី​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​ថាៈ បុរស​ដែល​បានធ្វើ​អត្តឃាត ដោយ​ចាក់​ដុត​ខ្លួន ពី​ព្រឹក​មិញ តាម​ការស្រាវជ្រាវ របស់​សមត្ថកិច្ច នៅ​មូលដ្ឋាន បាន​រកឃើញ​មូល​ហេតុថា ជា​ជន​មាន​សតិ​មិន​ប្រក្រតី ពេលនេះ កំពុង​ត្រូវបាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​។​

​តាម​របាយការណ៍​ស្រាវជ្រាវ របស់​ស្ថាប័ន​ជំនាញ បានបង្ហាញ​ឱ្យឃើញថាៈ វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​រង្វង់​មូល វាលរេញ ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​ប៉ុនប៉ង ធ្វើអត្តឃាត ដោយ​ឈ្មោះ ចាន់ រិទ្ធី ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពែង ឃុំ​ភ្នំ​លាវ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ ដើរ​តាម​ដងផ្លូវ​ជាតិ​លេខ ៤ ពី​ជើង​ទៅ​ត្បូង ដោយ​នៅក្នុង​ដៃ មាន​កាន់​ដប​ទឹកបរិសុទ្ធ (​ដាក់​សាំង​) មកដល់​ចំណុច​ខាងលើ បាន​ចាក់​សាំង​លើ​ខ្លួន ហើយ​ដុត​ខ្លួ​ត​ឯង បណ្តាលឱ្យ រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ​រកឃើញ​ម្តាយ របស់​ជនរងគ្រោះ ឈ្មោះ សៅ ខ្នា អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ដោយបាន​បំភ្លឺថា ជនរងគ្រោះ ជា​កូនបង្កើត​របស់ខ្លួន​(​កូន​ប្តី​មុន​) តែ​គាត់​បាន ប្រគល់​ឱ្យទៅ​ឪពុកម្តាយ យកទៅ​ចិញ្ចឹម តាំងពី​តូច នៅ​ខេត្តកោះកុង លុះ​មកដល់​ថ្ងៃទី​៧ មីនា ២០២១ ជនរងគ្រោះ បានមក​ផ្ទះ​គាត់ (​សៅ​ខ្នា​) ហើយ​គាត់​បាន​និយាយ ទៅកាន់​ជនរងគ្រោះ​ថា ហែ្អ​ង​មក​ធ្វើ​អី កំពុងតែ មាន​ជំ​ជឺ​កូ​វីដ​ផង តិច​ហែ្អ​ង​មាន​ជំងឺ ឆ្លង​ដល់​គ្រួសារ ។ ទោះ​និយាយ​យ៉ាងណា ក៏​ឈ្មោះ ធន់ រិ​ទ្ធិ មិន​ត្រឡប់​ទៅវិញ គឺ ស្នាក់​នៅផ្ទះ​គាត់ មួយ​យប់​។​

​ម្តាយ​ជនរងគ្រោះ បាន​និយាយទៀតថាៈ លុះ​ព្រឹក​ឡើង ថ្ងៃ​៨ មីនា ២០២១ គាត់ (​សៅ ខ្នា​) កំពុង​បោក​ខោអាវ ជនរងគ្រោះ ក៏​ដើរ​ចេញពីផ្ទះ​បាត់ មិនដឹង​ទៅណា​។ ក្រោយមក ក៏​ឮ​គេ​ថា មាន​មនុស្ស​ដុត​ខ្កួ​ន​ឯង គាត់​សង្ស័យថា ជនរងគ្រោះ ជា​កូន​របស់គាត់​ដែរ​តែ​មិនបាន ទៅ​មើល​ទេ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ អ៊ុ ធារ៉ា ត្រូវជា​ប្អូនប្រុស​ជនរងគ្រោះ (​ឪពុក​ផ្សេងគ្នា​) បាន​រៀបរាប់ថាៈ ពេល​ជនរងគ្រោះ មក​ផ្ទះ គឺ​តែងតែ​និយាយ​ម្នាក់ឯង ខុស​ប្រក្រតី ដូច​មនុស្ស​បែក​ថ្នាំ​ថា (​គាត់​ត្រូវគេ​បូជា​យ៉ា​ញ់​) ជា​ញឹកញាប់ លុះ​ព្រឹក​ឡើង ក៏​បាត់ ពី​ផ្ទះ​តែម្តង​។​

​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ ជា សុគា​ន់ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច តាម​ទូរស័ព្ទ ថា​ប្តី​របស់ខ្លួន​មាន សតិ​ខុស​ប្រក្រតី រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដោយបាន​ចាក​ចេញពីផ្ទះ ៤ ខែ​ទៅ​ខេត្ត កោះកុង​។ លុះដល់​ថ្ងៃទី ៧ មីនា ២០២១ ម្តាយក្មេក (​សៅ ខ្នា​) នៅ​ឃុំ​វាលរេញ​បាន​ទូរស័ព្ទ ប្រាប់​ដែរ​ថា ប្តី​ខ្លួន​មក​ផ្ទះ​គាត់​។​

​សមត្ថកិច្ច​នគរបាល ក៏ដូចជា អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក្រោយពេល​ធ្វើការ ស្រាវជ្រាវ ល្អិតល្អន់​រួចមក បានធ្វើការ​សន្និដ្ឋាន ដូចគ្នា​ថា ជន​ធ្វើអត្តឃាដ ដោយ​ចាក់​សាំង​ដុត​ខ្លួន កាលពី​ព្រឹក​មិញ ជា​ជន​មាន​សតិ​មិន​ប្រក្រតី​។ ជនរងគ្រោះ​ត្រូវ បាន សមត្ថកិច្ច​បញ្ជូនទៅ​ស ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular