Home ព័ត៌មានជាតិ សន្តិសុខ រឿង​ជម្លៀស​ចិ...

រឿង​ជម្លៀស​ចិន ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័​កៈ តុលាការ សម្រេច​ឃុំខ្លួន ភ្នាក់ងារ​សន្តិសុខ សុខា​ភ្នំពេញ ដាក់ពន្ធនាគារ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅ​ទីបំផុត​តុលាការ បានសម្រេច​ឃុំខ្លួន ភ្នាក់ងារ​សន្តិសុខ សណ្ឋាគារ សុខា​ភ្នំពេញ ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ការជម្លៀស​ជនជាតិ​ចិន ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ នេះ ។ នេះ​បើតាម​ការបញ្ជាក់ របស់លោក គុជ គឹម​ឡុង អ្នកនាំពាក្យ សាលាដំបូង រាជធានី​ភ្នំពេញ ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​រសៀល ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ ។​

​មន្ត្រី​ជំនាញ នៃ​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ ១៩ បាន​បញ្ជូន​ខ្លួន ភ្នាក់ងារ​សន្តិសុខ​រូបនេះ ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ដើម្បី​ឲ្យ​តុលាការ បន្ត​នីតិវិធី​។​

​បុរស​ដែល​តុលាការ​សម្រេច​ឃុំខ្លួន ឈ្មោះ រ៉ែ​ន សុធា​រ៉ា អាយុ ៣៨ ឆ្នាំ មុខរបរ ភ្នាក់ងារ សន្តិសុខ សណ្ឋាគារ សុខា ភ្នំពេញ​។ ភ្នាក់ងារ​សន្តិសុខ ដែល​ជម្លៀស​ជនជាតិ​ចិន គេច​ចេញពី​កន្លែង ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​សុខា ភ្នំពេញ គឺជា​ដើមចម​នាំ​ឲ្យ​មាន ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​។​

​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា មុននេះ​ថាៈ សំណុំរឿង ភ្នាក់ងារ​សន្តិសុខ ដែល​ជម្លៀស​ជនជាតិ​ចិន គេច​ចេញពី​កន្លែង​ធ្វើ ច​ត្តា​ឡី​ស័ក ត្រូវបាន​លោក សិ​ដ្ឋ វណ្ណៈ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ ចោទប្រកាន់ តាម​មាត្រា ៤២ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​គ្រោះ មហន្តរាយ ដោយបាន​បញ្ជូន ទៅ​ចៅក្រម​ស៊ើបសួរ លោក ពេជ្រ វិ​ជ្ជ​ធរ បាន​សាកសួរ តាម​នីតិវិធី និង​បានសម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​យោងតាម​មាត្រា ៤២ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​គ្រោះ មហន្តរាយ បាន​ចែងថា អំពើ​ដោយ ចេតនា មិន​គោរព​បញ្ជា របស់​រដ្ឋបាល នៅនឹងកន្លែង ឬ​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះ មហន្តរាយ ដែល​ប្រើប្រាស់​សិទ្ធិអំណាច របស់ខ្លួន ក្រោម​បញ្ញត្តិ នៃ​មាត្រា ២៥ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១(​មួយ​) ខែ ទៅ ១(​មួយ​)​ឆ្នាំ និង​/​ឬ ពិន័យ​ជា​ប្រាក់​ពី ១ មួយ​សែន​រៀល ទៅ ២ លាន​រៀល ។​

​សូមជម្រាបថា កម្លាំង​កងរាជអាវុធហត្ថ បាន​បញ្ជូន​ខ្លួន​ភ្នាក់ងារ​សន្តិសុខ សណ្ឋាគារ​សុខា ភ្នំពេញ ទៅកាន់​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ បន្ទាប់ពី សន្តិសុខ​រូបនេះ បានធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​សុខភាព ចាក់អង្រែ​ក្រោម រយៈពេល ១៤​ថ្ងៃ ដោយ​លទ្ធផល អវិជ្ជមាន​កូ​វីដ​១៩​។ ភ្នាក់ងារ​សន្តិសុខ ដែល​ឃាត់ខ្លួន​ឈ្មោះ រ៉ែ​ន សុធា​រ៉ា បាន​ជម្លៀស​ចិន ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​សណ្ឋាគារ សុខា​ភ្នំពេញ ក្នុងនោះ​រួម មាន​ទាំង​ស្ត្រី​ចិន​ម្នាក់ ដែល​គេ​រកឃើញ មាន​ជំងឺឆ្លង​កូ​វីដ ១៩ ផងដែរ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងមកនេះ​។​

​គួរ​បញ្ជាក់ថា មកដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នេះ ២ សប្តាហ៍​ហើយ ចំនួន​អ្នក​ឆ្លង​កូ​វីដ ១៩ នៅក្នុង​ព្រឹត្តិការណ៍ ឆ្លង​សហគមន៍ ថ្ងៃ​២០​កុម្ភៈ មិនទាន់​ថមថយ​ទេ​។ ក្រសួងសុខាភិបាល បាន​បន្ត​រកឃើញ​អ្នក​វិជ្ជមាន និង​អ្នកពាក់ព័ន្ធ រាល់ថ្ងៃ​។ អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ត្រូវបាន​រកឃើញ​ឆ្លង​កូ​វីដ ១៩ ចំនួន ៤៤៦ នាក់​។ ប៉ុន្តែ​មកដល់​ព្រឹក ថ្ងៃទី​៦ មីនា មាន​អ្នកជា​សះស្បើយ ៤ នាក់​ហើយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular