Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​ហុងក...

មេដឹកនាំ​ហុងកុង​កោតសរសើរ​ផែនការ​ចិន​ក្នុង​ការ​រក្សាទុក​តែ​អ្នកស្នេហាជាតិ​នៅក្នុង​នយោបាយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មេដឹកនាំ​ហុងកុង​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​កោតសរសើរ​ផែនការ​របស់​ចិន​ក្នុងការ​រក្សា​ទុក​តែ “​អ្នកស្នេហាជាតិ​” នៅក្នុង​នយោបាយ ហើយ​ទាត់​ចោល​ការអះអាង​ថា​ចំណាត់ការ​​នេះ​ជា​ការលុបបំបាត់​ក្រុម​ប្រឆាំង​។​

​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី ខា​រី ឡាំ បាន​ច្រានចោល​នូវ​ការទាមទារ​ណាមួយ​ដើម្បី​ពិគ្រោះ​យោបល់​ជា​សាធារណៈ​អំពី​ចំណាត់ការ​នេះ​ពីព្រោះ​ពួក​វា​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ច្បាប់​ដើម្បី​ត្រួតពិនិត្យ​បេក្ខជន​បោះឆ្នោត​ទាំងអស់​នៅ​ហុងកុង​បច្ចុប្បន្ន​កំពុង​ត្រូវបាន​ពិភាក្សា​ដោយ​សភា​ចិន​ហើយ​គេ​រំពឹងថា​នឹង​ត្រូវ​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ចិន​បាន​និយាយថា​មានតែ​អ្នក​ដែល​ត្រូវបាន​ចាត់ទុក​ជា​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​ប្រជែង​កៅអី​តំណាងរាស្ត្រ​។​

​ក្រុម​អ្នក​រិះគន់​និយាយថា​ការផ្លាស់ប្តូរ​ទាំងស្រុង​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​កម្រិត​រួចជាស្រេច​របស់​ទីក្រុង​នេះ​នឹង​កម្ទេចចោល​នូវ​អ្វី​ដែល​ជា​ក្រុម​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​សេសសល់​ចុងក្រោយ និង ធានា​ថា​មាន​តែ​អ្នក​ស្មោះត្រង់​ប៉ុណ្ណោះ​ដែល​បន្ត​ស្ថិតនៅ ដែល​ការអះអាង​នេះ​ក៏​ត្រូវ​លោកស្រី​ឡាំ​បដិសេធ​។​

​លោកស្រី​ឡាំ ដែល​តែងតាំង​ដោយ​ប៉េកាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ការកែលម្អ​ប្រព័ន្ធ​បោះឆ្នោត​មិន​ត្រូវបាន​បង្កើតឡើង​ដើម្បី​អនុគ្រោះ​ដល់​នរណា​ម្នាក់​នោះ​ទេ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធានា​ថា អ្នកណា​ក៏​ដោយ​ដែល​គ្រប់គ្រង​ហុងកុង​ត្រូវតែ​ជា​អ្នកស្នេហាជាតិ​”​។​

“​សេចក្តីសម្រេច​នេះ​ធ្វើឡើង​បាន​ទាន់ពេលវេលា មាន​ភាពចាំបាច់ ស្របច្បាប់ និង​ស្រប​រដ្ឋធម្មនុញ្ញ ហើយ​ថ្នាក់ដឹកនាំ​និង​អំណាច​នៃ​ការសម្រេចចិត្ត​របស់​អាជ្ញាធរកណ្តាល​គឺ​មិន​មាន​បញ្ហា​ត្រូវ​ចោទសួរ​ទេ​”៕

​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី ខា​រី ឡាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular