រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ បន្ត​កិច្ចសន្យា​យូរអង្វែង​ជាមួយ​ក្លឹប Liverpool

1232
ចែករម្លែក

កីឡាករ​ប្រេ​ស៊ី​ល រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) បាន​ចុះកិច្ចសន្យា​ថ្មី​យូរអង្វែង ជាមួយ​ក្លឹប Liverpool ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន ខ្ពស់បំផុត​របស់​ក្លឹប​នេះ​ដោយមាន​ប្រាក់​ឈ្នួល​៩​លាន​ផោន​ក្នុង​មួយឆ្នាំ​។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​ហង្ស​ក្រហម ចាប់តាំងពី​មកដល់​ពហុកីឡាដ្ឋាន Anfield កាលពី​ឆ្នាំ​២០១៥ ដោយ​រកបាន​៥០​គ្រាប់ ក្នុងការ​បង្ហាញមុខ​១៤០​លើក​។​
​ ​
​ហ្វឺ​មី​ណូ រកបាន​២៧​គ្រាប់​នៅ​រដូវ​កាល​នេះ ដើម្បី​ជួយ​ជំរុញ​ក្រុម Liverpool ឡើង​មកឈរ ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ស្របពេល​ពួកគេ​ជិត​ឈាន ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​ហ្វី​មី​ណូ បាន​ចូលរួមចំណែក​ជួយ​ក្រុម Liverpool យកឈ្នះ​ក្រុម Roma ក្នុង​លទ្ធផល​៥-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ពួកគេ​នឹងត្រូវ​ប្រកួត​ជើង​ទី​២ នៅ​អ៊ីតាលី​នៅ​ថ្ងៃ​ពុធ​នេះ​។​
​ ​
​បន្ទាប់ពី​សម្រេច​បន្ត​អនាគត​ជាមួយ Liverpool ដល់​ឆ្នាំ​២០២៣ ហ្វឺ​មី​ណូ បាន​និយាយថា “​វា​គឺជា​ការសម្រេចចិត្ត​ដ៏​ងាយស្រួល​។ ក្លឹប​បាន​នាំ​ខ្ញុំ​ទៅកាន់​វិថី​ដ៏​អស្ចារ្យ​មួយ​ហើយ​ខ្ញុំ​មាន ការវិវឌ្ឍ​ច្រើន​នៅទីនេះ​ជាមួយនឹង​ការងារ​របស់ខ្ញុំ ដោយមាន​ការគាំទ្រ​ពី​ក្រុម​ទាំងមូល​។ ខ្ញុំ​រីករាយ​មែនទែន​”​។​
​ ​
​ហ្វឺ​មី​ណូ បាន​និយាយថា “​អ្វីៗ​ស័ក្តិសម​មែនទែន​សម្រាប់​ខ្ញុំ​។ មិត្ត​រួម​ក្រុម​របស់ខ្ញុំ​អស្ចារ្យ​ណាស់ ហើយ​ខ្ញុំ​ដឹងគុណ​ដែល​អាច​លេង​ជាមួយ​ពួកគេ​នៅ​ក្លឹប​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ