ដោយៈ សរិទ្ធ / កណ្ដាលៈ ស្ត្រីម្នាក់ បានស្លាប់ ពេលបើកម៉ូតូទាក់ដៃចង្កូតម៉ូតូ មួយគ្រឿងទៀត បណ្ដាលឲ្យដួល ចូលក្រោមកង់រថយន្ត នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦និង៥០នាទីយប់ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ ស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ចាន់ថា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកម៉ូតូម៉ាក Honda Zoomer X ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ កណ្ដាល 1AE-5917។ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណម្នាក់។
ប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុ បានឃើញស្ត្រីរងគ្រោះ បានបើកម៉ូតូ ក្នុងទិសដៅ ពីខាងជើង ទៅខាងត្បូង (តាខ្មៅ-ជ្រៃធំ) លុះមកដល់កន្លែងកើតហេតុ ក៏បានប៉ះជាមួយដៃចង្កូត ម៉ូតូមួយគ្រឿងទៀត ដែលមិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណ ហើយក៏បានដួលខ្ទាត ទៅចូលក្រោមកង់ រថយន្ដមួយគ្រឿងទៀត ដែលបើកបរច្រាសទិសគ្នា ក៏ត្រូវកង់រថយន្តនោះ កិនបណ្ដាលឱ្យអ្នកបើកបរ ម៉ូតូ Honda zoomer ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងវាស់វែង កន្លែងកើតហេតុ និងយកវត្ថុតាង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។ ចំណែកសាកសព ត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់ សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះ បណ្ដាលមកពីអ្នកបើកម៉ូតូ ទាំងពីរគ្រឿង មានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ កើតឡើង៕/V-PC