ដោយៈ សរិទ្ធ / ព្រៃវែងៈ រហូតមកដល់រសៀល ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងារ ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ខេត្តព្រៃវែង បានស្រាវជ្រាវ រកឃើញអ្នកជាប់ពាក់ព័ន្ធ នឹងម្ចាស់មន្ទីរសម្រាក ព្យាបាល និង សម្ភព អ៊ឹម សុភី និងជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែក អ្នកលឿង ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ « ខ » ស្រុកពាមរក៍ ដែលមានវិជ្ជមានជំងឺកូវីដ -១៩ បានចំនួន ១១៤ នាក់ ។
លោក ចាន់ ថា អភិបាលរង ខេត្តព្រៃវែង បានឲ្យដឹង នៅរសៀល ថ្ងៃទី ៨ មីនា នេះថាៈ អ្នកជាប់ពាក់ព័ន្ធ ១១៤ នាក់ នោះ មាននៅមន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី ចំនួន ២១ នាក់ ហើយក្រៅពីនេះ អ្នកនៅមន្ទីរពេទ្យបង្អែក អ្នក លឿង និងក្រុមគ្រួសារគ្រូពេទ្យនោះ ហើយយើងបានយកសំណាក និងដាក់ឲ្យពួកគាត់ ធ្វើចត្តាឡីស័ក រួចរាល់ហើយ។
បន្ទាប់ពីមានករណី ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី និងជាគ្រូពេទ្យបម្រើ ការងារ នៅមន្ទីរពេទ្យបង្អែក អ្នកលឿងភ្លាម រដ្ឋបាលខេត្តព្រៃវែង បានណែនាំឲ្យមន្ទីរ សុខាភិបាល ចុះស្រាវជ្រាវ ទៅលើមុខសញ្ញា ចំនួន ៤ ដែល ពាក់ព័ន្ធ រួមមានៈ ១- មន្ត្រីបម្រើការងារ នៅមន្ទីរពេទ្យបង្អែក អ្នកលឿង ស្រុកពាមរក៍ , ២-អ្នកដែលបានមកសម្រាក និង ពិនិត្យ ព្យាបាល នៅមន្ទីរសម្រាក ព្យាបាល និង សម្ភព អ៊ឹម សុភី , ៣- ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅ ជាមួយ ឈ្មោះ អ៊ឹម សុភី និង ៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត ។
យ៉ាងណាក៏ដោយ លោក ចាន់ ថា បានឲ្យដឹងថាៈ ម្ចាស់គ្លីនិកនោះ មិនបានដឹងខ្លួន ថាខ្លួនគាត់ បានឆ្លងមេរោគកូវីដ ១៩ នេះ មកពីអ្នកណា មកនោះទេ។
ចំណែក លោក វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាន នាយដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថាៈ ករណីគ្រូពេទ្យ ឆ្លងកូវីដ ១៩ នៅអ្នកលឿងនេះ អាចឆ្លងពីជនជាតិ វៀតណាម ដែលកន្លងមក មានជនជាតិ វៀតណាម ៩ នាក់ ដែលបានធ្លាប់ទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាលនេះ បានត្រឡប់ ទៅប្រទេសវៀតណាមវិញ ត្រូវបានគេរកឃើញ មានវិជ្ជមានកូវីដ ១៩ ។
ទន្ទឹមនឹងនេះ លោកអភិបាលរង ខេត្តព្រៃវែង បានណែនាំដល់ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ធ្វើការគ្រប់ គ្រងទីតាំង មួយចំនួន និងរក្សា ការពារ ការចេញចូល គ្រប់ប្រភេទ សំដៅគ្រប់គ្រងសុវត្តិភាព ក្នុងនោះមាន មន្ទីរពេទ្យបង្អែក អ្នកលឿង និងមន្ទីរសម្រាកព្យាបាល អ៊ឹម សុភី ដែលមានឆ្លងជំងឺកូវីដ ១៩ នេះ ផងដែរ ៕/V-PC