Home ព័ត៌មានសំខាន់ៗ សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម ស ខេង ចុះ​ពិនិត្យ​ការ​បោសសំអាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង លិច​ក្នុង​ទន្លេមេគង្គ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ នេះ បាន​ដឹកនាំ និង​តាមដាន​ប្រកបដោយ​ការយកចិត្ត ទុកដាក់​ខ្ពស់ ចំពោះ​ប្រតិបត្តិការ​របស់ ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះ ស្រាយ ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ ក្នុង​នាវា ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ បាន​បើក ប្រតិបត្តិការ បោសសំអាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង លិច​ក្នុង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ចំនួន ១៥.២៨២ គីឡូក្រាម រួមទាំង​ឆ្អឹង​សព​មនុស្ស និង​សម្ភារ​សឹក​មួយចំនួនទៀត​។

​ដោយឡែក នៅក្នុង​សប្ដាហ៍​ទី​១ នៃ​ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ប្រតិបត្តិការ បាន​បន្ត​បេសកកម្ម​មុជទឹក ចុះ​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បានជា​បន្តបន្ទាប់​ទៀត ក្នុងនោះ​រួមមាន គ្រាប់​ប្រភេទ ១២,៧ ម​.​ម ចំនួន ១៩.០៨៧ គ្រាប់​, គ្រាប់​៦០ ម​.​ម ៨៧ គ្រាប់​, គ្រាប់​៨១ ម​.​ម ៦១​គ្រាប់​, ឆ្អឹង​សព​មនុស្ស ១៦ បំណែក​, អាវុធ AK ៤៧ ៨​ដើម និង​សម្ភារ​សឹក មួយចំនួន​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បង្កើត ក្រុមការងារ អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ ករណី​រកឃើញ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដោយមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខា​ប្រចាំការ ក្រសួងការពារជាតិ ជា​ប្រធាន អមដោយ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសំអាត​មីន និង​គ្រប់​មិនទាន់​ផ្ទុះ ជា​អនុប្រធាន​។​

​ក្នុង​កិច្ចប្រតិបត្តិការ បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង​លិច​នោះ រាជរដ្ឋាភិបាល បានកំណត់​ឱ្យ ក្រុមការងារ អន្តរក្រសួង ធ្វើ​សេចក្តីរាយការណ៍ និង​ស្នើសុំ យោបល់ ដឹកនាំ​ជាប្រចាំ ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​។ សម្ដេច​ក្រឡាហោម បាន​ដឹកនាំ​កិច្ចប្រជុំ ជា​បន្តបន្ទាប់ និង​អញ្ជើញ​ទៅពិនិត្យ ទីតាំង​ប្រតិបត្តិការ និង​ជួប​សំណេះសំណាល ដោយផ្ទាល់​ជាមួយ ថ្នាក់ដឹកនាំ និង​ក្រុមការងារ ប្រតិបត្តិការ កាលពី​ថ្ងៃទី​១២ ខែ​កម្ភៈ ឆ្នាំ​២០២១ កន្លងទៅ​។​

​ប្រតិបត្តិ​ការស្វែងរក គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ត្រូវបាន​កំណត់​លើ​ទីតាំង ទំហំ ១៥.០០០ ម៉ែត្រការ៉េ ឬ​ស្មើនឹង ១៥០ ហិកតា​។ ប្រតិបត្តិការ​នេះ បានចាប់ផ្ដើម ពី​ខែតុលា ឆ្នាំ​២០២០ ហើយ​គ្រោង​បញ្ចប់ នៅ​ខែឧសភា ពោលគឺ​មុន​ការមកដល់ នូវ​រដូវវស្សា​។ យ៉ាងណាក៏ដោយ សម្ដេច​ក្រឡាហោម បាន​សង្កត់ធ្ងន់ថា ប្រតិបត្តិការ មិនអាច​ធ្វើ​ដោយ ប្រញាប់ប្រញាល់ ពេក​នោះឡើយ ពោលគឺ​ត្រូវ​គិត​លើ​សុវត្ថិភាព ក្រុមការងារ ជា​អាទិភាព​បំផុត​។​

​ជាការ​កត់សម្គាល់ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​បន្ថែម សមាសភាព​សមាជិក ក្រុមការងារ​មួយចំនួនទៀត​។ តាមរយៈ​សេចក្ដី សម្រេច ចុងក្រោយ​នេះ កិច្ចប្រតិបត្តិការ ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះ ស្រាយ ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ​ក្នុង​នាវា ដែល​លិច​ក្នុង​ទន្លេ​នឹងត្រូវ បន្ត​អនុវត្ត នៅ​ភូមិសាស្ត្រ មួយចំនួនទៀត រួមមាន​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​ស្រុក​ពាម​ជរ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular