Home ព័ត៌មានជាតិ សង្គម ការត្រួតពិនិត...

ការត្រួតពិនិត្យ​អ្នកធ្វើដំណើរ​ចេញចូល​ខេត្តកំពត​និង​ខេត្ត​ព្រះសីហនុ​មាន​លក្ខណៈ​តឹងរ៉ឹង​

ដោយ​: បូកគោ / កំពត​: រយៈពេល​ប្រាំ​ថ្ងៃ​បន្តបន្ទាប់ នៃ​ការត្រួតពិនិត្យ​ដំណើរ​ចេញចូល​រវាង​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​របស់​សមត្ថកិច្ច​ទាំង​តាម​ផ្លូវគោក ក៏ដូចជា​ផ្លូវទឹក​មាន​លក្ខណៈ​ម៉ត់ចត់ និង​តឹងរ៉ឹង​បំផុត​។ នេះ​ជាការ​អនុវត្ត​សេចក្តីណែនាំ និង​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចម្លង​ចូល​សហគមន៍​។​

​ជា​អ្នកដំណើរ​ពី​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​មក​មើល​ម្តាយ​ឈឺធ្ងន់ធ្ងរ​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត បុរស​ម្នាក់​បាន​រៀបរាប់ថា លោក​ក៏បាន​ដឹង​នូវ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ និង​អាជ្ញាធរខេត្ត​ដែល​តម្រូវឱ្យ​ផ្អាក​ការធ្វើដំណើរ​ចេញចូល​ខេត្ត​ព្រះសីហនុ មួយរយៈ​នោះដែរ​។ ប៉ុន្តែ​ដោយសារ​ម្តាយ​នៅ​ស្រុក​បន្ទាយមាស​ឈឺ​ធ្ងន់ ទើប​លោក​សម្រេចចិត្ត​នាំ​កូនស្រី​មក​មើល​គាត់ ព្រោះ​អាចជា​ដំណាក់កាល​ចុងក្រោយ​របស់​អ្នកមានគុណ​។ អ្នកដំណើរ​ដដែល​បាន​បញ្ជាក់ថា មុននឹង​មកដល់​ប៉ុស្តិ៍​នេះ គឺ​លោក និង​កូនស្រី​បាន​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពីរ​ទីតាំង​រួចរាល់​ហើយ​។ លោក​គាំទ្រ និង​ពេញចិត្ត​ក្នុងការ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​លោក​វរសេនីយ៍ត្រី យឹម រ៉ា នាយប៉ុស្តិ៍​នគរបាល​ការពារ​ព្រំ​ដែនទឹក​ត្រពាំងរ​ពៅ មាន​ទីតាំង​ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​បាន​រៀបរាប់ថា ក្រោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក កម្លាំង​របស់លោក​បាន​ដាក់ពង្រាយ និង​ដើរល្បាត ថែមទាំង​រឹតបន្តឹង​ក្នុងការ​ត្រួតពិនិត្យ​ទាំង​នៅ​ដែន​គោក តាម​បណ្តោយ​ឆ្នេរ ក៏ដូចជា​លើ​ផ្ទៃសមុទ្រ​ផងដែរ​។ ជាមួយ​នោះ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជា​នេសាទ​ទាំងអស់ ប្រសិនបើ​ប្រទះឃើញ​អ្នកដំណើរ​លបលួច​ឆ្លង​ចូល ឬ​ចេញ​តាម​ដែនទឹក​រវាង​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​ជួយ​សូម​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ជាបន្ទាន់​។

​លោក នាក់ សុវណ្ណ​រី អភិបាលស្រុក​ទឹកឈូ​បានបញ្ជាក់​តាម​ទូរ​សព្ទ នា​រសៀល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​ថា រយៈពេល​ប្រាំ​ថ្ងៃ​បន្តបន្ទាប់​ដោយ​ចាប់ពី​ថ្ងៃទី​៤ ខែមីនា​មក ទាំង​តាម​ផ្លូវគោក និង​ផ្លូវទឹក​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ​ពុំមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​បានកើត​ឡើង​ទេ​។ ប្រជាពលរដ្ឋ​ខេត្តកំពត​ត្រឡប់​ពី​ខេត្ត​ព្រះសីហនុ​ច្រើន តែ​កម្លាំង​សមត្ថកិច្ច​បានធ្វើការ​វាស់​កម្ដៅ សួរនាំ​ព័ត៌មាន​យ៉ាង​ល្អិតល្អន់ និង​តឹងរ៉ឹង​បំផុត​ពេលធ្វើ​ដំណើរ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​។

​សូមបញ្ជាក់ថា ក្រោយពេល​ទទួលបាន​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល់​ជំងឺ​កូ​វិដ​១៩ ពី​ខេត្ត​ព្រះសីហនុ​មក​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​បញ្ជា​តម្រូវឱ្យ​អាជ្ញាធរ​ស្រុក​ទឹកឈូ និង​កងកម្លាំង​ចម្រុះ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក៏ដូចជា​តាម​បណ្តោយ​ឆ្នេរ រួមទាំង​លើ​ផ្ទៃសមុទ្រ​ត្រង់ចំណុច​ព្រំប្រទល់​រវាង​ខេត្តកំពត និង​ព្រះ​សីហា​នុ​។ ជាការ​កត់សម្គាល់ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​ពីរបាន​ចូលរួម​អនុវត្តតាម​ការអំពាវនាវ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ក៏ដូចជា​បទបញ្ជា​ពី​អាជ្ញាធរខេត្ត​របស់ខ្លួន​បានល្អ​។ ក្នុងករណី​ពុំមាន​ភាពចាំបាច់ ពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​មិនបាន​ធ្វើដំណើរ​ចាក​ចេញពី​ខេត្ត​របស់ខ្លួន​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular