ប្រែសម្រួល : កញ្ញាដាលីស ៖ មន្ត្រីប៉ូលិសបានផ្តល់សក្ខីកម្មកាលពីថ្ងៃចន្ទទី៨មីនាថាគាត់បានចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់នៅឯការតវ៉ារបស់ក្រុមចលនា Black Lives Matterកាលពីឆ្នាំមុននៅរដ្ឋអាយអូវ៉ា បន្ទាប់ពីនាងមិនព្រមចាកចេញ នៅពេលដែលគាត់បាញ់ផ្សែងម្រេចដើម្បីបំបែកហ្វូងមនុស្ស។
មន្ត្រីប៉ូលិសនៅទីក្រុងដេសម៉យណេស ឈ្មោះ លូក វីលសុន និយាយថា គាត់មិនបានដឹងថា នាង អង់ដ្រេ សាហូរី ជាអ្នកយកព័ត៌មាននៅទីក្រុងដេសម៉យណេសនោះទេនៅពេលដែលគាត់ឆ្លើយតបទៅនឹងកន្លែងដែលមានភាពវឹកវរ ដែលក្រុមបាតុករកំពុងតែបំបែកបង្អួចហាងនិងគប់ដុំថ្មនិងដបទឹកដាក់ប៉ូលិសនៅខាងក្រៅផ្សារ Merle Hay កាលពីថ្ងៃទី ៣១ ខែឧសភា។
លោកវីលសុននិយាយថាគាត់បានបាញ់ថ្នាំគីមីបង្កការក្រហល់ក្រហាយនេះចេញពីឧបករណ៍បាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីឱ្យទូលាយចំណតរថយន្តពាណិជ្ជកម្មហើយវាមានប្រសិទ្ធភាពក្នុងការកម្ចាយក្រុមមនុស្សទាំងនោះរួមទាំងមិត្តប្រុសរបស់នាងសាហូរី ឈ្មោះ ស្ពេនសឺ រ៉ូបណេត។ ប៉ុន្តែលោកនិយាយថា នាងសាហូរីមិនព្រមចេញទៅណាសោះ ទោះបីជាថ្នាំបាញ់ម្រេចដែលអាចបណ្តាលឱ្យមានអារម្មណ៍ក្រហាយនិងងងឹតភ្នែកបណ្តោះអាសន្នក៏ដោយ។
លោកវីលសុនបានផ្តល់សក្ខីកម្មថា “នៅពេលដែលខ្ញុំយល់ថានាងមិនព្រមចាកចេញ ខ្ញុំត្រូវតែចាត់វិធានការ” ដោយបន្ថែមថា លោកនៅតែមិនទាន់ដឹងថានាងជានរណា។
លោកវីលសុន ដែលពាក់មួកសុវត្ថិភាពនិងរបាំងការពារឧស្ម័ននិយាយថា គាត់បានចូលទៅជិតហើយចាប់នាងសាហូរីដោយដៃឆ្វេងរបស់គាត់ ខណៈគាត់កំពុងកាន់បំពង់បាញ់ម្រេចនៅដៃស្តាំ។គាត់និយាយថាគាត់បានបាញ់ផ្សែងម្រេចបន្ថែមទៀតនៅពេលដែលលោករ៉ូបណេតត្រឡប់មកវិញហើយព្យាយាមទាញយកនាងសាហូរីចេញពីដៃរបស់គាត់ដោយបាញ់ផ្សែងម្រេចដាក់អ្នកទាំងពីរនៅចម្ងាយកៀកម្តងទៀត។
លោកវីលសុនបានផ្តល់សក្ខីកម្មនៅថ្ងៃដំបូងនៃការជំនុំជម្រះក្តីលើនាងសាហូរីនិងលោករ៉ូបណេតទាក់ទងបទល្មើសមជ្ឈិមពោលគឺពួកគេមិនព្រមបំបែកខ្លួននិងជ្រៀតជ្រែកសកម្មភាពរបស់ប៉ូលិស។ ក្រុមរដ្ឋអាជ្ញាបានជំរុញរឿងក្តីរបស់ពួកគេទោះបីមានសម្ពាធក្នុងតំបន់ក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិដើម្បីទម្លាក់ចោលកិច្ចប្រឹងប្រែងដ៏កម្រដើម្បីដាក់ទណ្ឌកម្មអ្នកយកព័ត៌មានក៏ដោយ។
ប្រសិនបើផ្តន្ទាទោស ពួកគេនឹងត្រូវពិន័យរាប់រយដុល្លារ និង មានកំណត់ត្រាបទល្មើសក្នុងប្រវត្តិរូបរបស់ពួកគេ។ ចៅក្រមក៏អាចកាត់ឱ្យពួកគេជាប់គុកម្នាក់៣០ថ្ងៃលើបទចោទនីមួយៗ ទោះបីករណីដាក់គុកអ្នកកាសែតនៅអាម៉េរិកជារឿងកម្រក៏ដោយ៕
នាង អង់ដ្រេ សាហូរី អាចនឹងជាប់គុក៣០ថ្ងៃពីបទរំខានការងារប៉ូលិស