ដោយ: សម្បត្តិ/ភ្នំពេញ: ក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងកាំបិតបុ័ងតោ កាប់ទៅលើយុវជន២នាក់ បណ្ដាលឲ្យម្នាក់ដាច់ត្រឹមកដៃ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរត់ចូលផ្ទះប្រជាពលរដ្ឋទាន់ពេល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជិតសាលាបារាំង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឈៀង សំណាង អាយុ ១៧ឆ្នាំ ស្នាក់នៅ ម្ដុំស្ពានអាកាសស្ទឹងមានជ័យ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងយុវជនពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9156 ធ្វើដំណើរតាមបណ្ដោយផ្លូវ បេតុង ម្ដុំសាលាបារាំង សុខៗ ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណ១០នាក់ និងម៉ូតូ ៦គ្រឿង បានជិះមកពីក្រោយ បុកម៉ូតូជនរងគ្រោះ ឲ្យដួល ហើយទាញដាវសាមូរ៉ៃ និងកាំបិតបុ័ងតោ កាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យដាច់ត្រឹមកដៃ រងរបួសធ្ងន់ធ្ងរ ។ ចំណែកម្នាក់ទៀតបានរត់ចូលផ្ទះប្រជាពលរដ្ឋ ក្បែរនោះទាន់ពេល ។
ប្រភពបានបន្តថា បន្ទាប់ពីកាប់យុវជនម្នាក់នោះឲ្យដាច់ដៃហើយ មានបងប្អូនប្រជាពលរដ្ឋក្បែរនោះ បានចេញមកឈូឆរ និងបានឃាត់ខ្លួន បក្សពួកជនបង្ករបានម្នាក់ ចំណែកឯបក្សពួកផ្សេងទៀត ឃើញដូចច្នេះ ភ័យ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន បក្សពួកជនបង្ករម្នាក់ ដែលឃាត់ខ្លួនបាន នោះ ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីយកទៅសួរនាំ រង់ចាំចាត់ការតាមនិតិវិធី៕