ដោយៈ​ស​រិ​ទ្ធ​/​បាត់ដំបង​៖ រថយន្ត​ដឹក​ដី បាន​បុក​រថយន្ត​ទេសចរណ៍​ពីក្រោយ​ពេញទំហឹង ប៉ើង​ក្រឡាប់​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រងរបួស​ចំនួន ១៣​នាក់​ជា​បុគ្គលិក និង​កុមារកំព្រា​របស់​អង្គការ​កុមារកំព្រា​ត្នោតជុំ​នៅវេលា​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១​។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង ត្រង់ចំណុច​ជិត​ភ្លើងស្តុប​បាណន់ ឋិត​ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត ទេសចរណ៍ ១​គ្រឿង​បាន​បើកបរ​ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​លឿន​ពេល​ភ្លាមៗ នោះ​ក៏មាន​រថយន្ត​ដឹក​ដី ១​គ្រឿង​ផ្សេងទៀត​បាន​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​យ៉ាង​លឿន ហើយ​បាន​បុក​រថយន្ត​ទេសចរណ៍​ពីក្រោយ​ពេញទំហឹង​ប៉ើង​ក្រឡាប់​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ ផងដែរ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ពេល​បុគ្គលិក និង​កុមារកំព្រា​របស់​អង្គការ កុមារកំព្រា​ត្នោតជុំ ពួក​វិលត្រឡប់​មកពី​ដើរ​កម្សាន្ត​នា​ទិវា​នារី​អន្តរជាតិ ៨​មីនា​។ នៅក្នុង ចំណោម​ជនរងគ្រោះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង ១៣​នាក់​មាន​ម្នាក់​រងរបួស​ធ្ងន់ បញ្ជូន​ទៅកាន់​មន្ទីរ​បង្អែក​ខេត្ត​។ ចំណែកឯ​ជនរងគ្រោះ​ចំនួន ១២​នាក់​ទៀត​ខ្លះ​របួស​រយះ​មុខ មាត់ ចង្ការ​និង​ថ្ពាល់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នគរបាល​ខេត្តបាត់ដំបង​៕​/PC