ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ជនជាតិ​វៀតណាម ពីរ​នាក់ និង​បុរស​ជនជាតិខ្មែរ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​លួច​នាំ​ឱសថ ខុសច្បាប់​ជាច្រើន មកពី​ក្រៅប្រទេស និង បាន​លួច​កែ​ភេទបុរស ទៅជា​ស្ត្រី និង​ពី​ស្ត្រី ទៅជា​បុរស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រឹមត្រូវ បាន​ត្រូវ​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ល្ងាច​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​។​

​គួររំលឹកថា កម្លាំង​សមត្ថកិច្ច ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ បាន​បង្ក្រាប​ហាង ឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ក្បែរ​ស្ថានទូត​ចិន ខណ្ឌចំការមន និង មួយកន្លែង​ទៀត មានឈ្មោះ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស ដុក​ទ័​រ កាង ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការ​លួចលាក់​កែ​ភេទ ដោយ​ខុសច្បាប់ ។ ទីតាំង​ទាំង ២ នេះ មាន​ម្ចាស់​តែមួយ ហើយ​ពុំមាន ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង ប្រើប្រាស់​ឱសថ​ក្លែងក្លាយ ទៀតផង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ប្រយុទ្ធ ប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថាៈ ការចុះ​ឆែកឆេរ ទីតាំង​លួច កែ​ភេទ​ទាំងនេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​មន្ត្រី​ជំនាញ បានធ្វើការ​ស៊ើបអង្កេត​ហើយ​រកឃើញ ថា ម្ចាស់​ទីតាំង​កែ​ភេទ​នេះ បាន​លួច​នាំ​ឱសថ ខុសច្បាប់​ជាច្រើន មកពី​ក្រៅប្រទេស និង​បាន​លួច​កែ​ភេទបុរស ទៅជា​ស្ត្រី និង​ពី​ស្ត្រី​ទៅជា​បុរស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ខណៈ​ការកែ​ភេទ​នេះ គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ។​

​ដោយឡែក លោក ទិ​ត សួស្តី អនុប្រធាន​មន្ទីរពេទ្យ នៃ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ឲ្យ ដឹងថាៈ នៅក្នុង​ប្រតិបត្តិការ ចុះ​ឆែកឆេរ រហូតដល់​បិទ​នូវ ទីតាំង​កែ​ភេទ​នេះ គឺ មន្ត្រី​បាន រកឃើញ​ឱសថ ជាច្រើន​ម៉ាក ដែល​ខុសច្បាប់ និង គ្មាន​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល ខណៈ​សម្ភារៈ​វះកាត់ រួមទាំង​លិង្គ​បុរស ដែល​បាន​កាត់ ដើម្បី​ប្តូរ​ភេទ ទៅជា​ស្ត្រី​មួយចំនួន ផងដែរ​៕/V​-PC