ដោយ​:​វណ្ណៈ​/​ព្រះសីហនុ​: សមត្ថកិច្ច បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ជនជាតិ​ចិន ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​និតិ​វិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ ពីបទ​គាស់​ផ្ទះ​ពលរដ្ឋ​លួច​យក​លុយ​កាក់ និង​សម្ភារៈ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​រូប​នោះបាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ ពលរដ្ឋ កាលពី​វេលា​ម៉ោង​០២ និង​០០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​០៨ ខែ មីនា ឆ្នាំ​២០២១ នៅ​ចំណុច​ហាង​លក់​ម៉ូតូ​លី​ម៉ុង​គក់ ស្ថិត​ក្នុង​ក្រុមទី​១៣ ភូមិ​០៣ សង្កាត់​០៤ ក្រុង​-​ខេត្ត​សីហនុ ដោយ ធ្វើ​សកម្មភាព​គាស់​ថត តុ យកលុយ​ដុល្លារ​ចំនួន ១៥.០០០$ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​), លុយ​ខ្មែរ​មួយចំនួន​, ទូរ​សព្ទ័​ដៃ​ចំនួន ០២ គ្រឿង ម៉ាក IPHONE 11PRO MAX ០១ គ្រឿង និង​ម៉ាក IPHONE 7PLUS ០១​គ្រឿង ។

​ជនសង្ស័យ​ឈ្មោះ Long LiLing ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ​ចិន​ ត្រូវបានឃាត់ខ្លួនកាលពី​រសៀល​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១​។

​វត្ថុតាង​ចាប់​យកបាន​ជាក់ស្ដែង​រួមមាន​៖ ទូរស័ព្ទដៃ​ចំនួន ០២ គ្រឿង​, លុយ​ដុល្លារ ចំនួន ៩០០$ (​ប្រាំបួន​រយ​ដុល្លារ​អាមេរិក​), លុយ​ខ្មែរ​ចំនួន ២.៥៧០.០០០៛ (​ពីរលាន​ហាសិប​ប្រាំពីរ​ម៉ឺន​រៀល​), ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ម៉ាក HUAWEI, កាត​វី​ង ចំនួន ០៧​សន្លឹក​, ប័ណ្ណបើកបរ ០១ សន្លឹក​, កាបូបដៃ​ពណ៌​ខ្មៅ ចំនួន ០១ និង​កាបូបស្ពាយ​ពណ៌​ខ្មៅ ០១ ។

​ករណីនេះ នគរបាល​កំពុង​បន្ត​និតិ​វិធី​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕​