ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈបុរស​ពីរ​នាក់​ក្នុងនោះ​មាន​ម្នាក់​ជា​មន្ត្រី​យោធា​ផង​នោះបាន​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​កំបូល បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ដើម្បី​ធ្វើការ​សាកសួរ​ករណី​ដើរ​បាញ់​សត្វ​កម្សាន្ត តែ​ត្រូវ​កុមារា​កំព្រា​ម្នាក់​បណ្តាល​ឱ្យស្លាប់​។​

​រហូតមកដល់​រសៀល​ថ្ងៃ​ដ​ដៃ​ល​នេះ​តុលាការ​កំពុងធ្វើការ​សាកសួ​រ​បុរស​ទាំងពីរ​នាក់​នេះ​ក្នុងនោះ​ឈ្មោះ ទុ​ត សុគន្ធា​រ៉ា អាយុ​៤១​ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ភូមិ​ប៉ា​យាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ឈ្មោះ ទុ​ត សុគន្ធ​រ៉ា​វ័​ន្ត អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​៨ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បញ្ជាក់ថា ហេតុការណ៍​ដែល​បណ្តាលឱ្យ​កុមារា​កំព្រា​ស្លាប់​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមីនា នៅ​ចំណុច​ដី​វាល ស្ថិតនៅ​ក្នុងភូមិ​លិច​វត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​ក្មេងប្រុស​បាត់បង់​ជីវិត​ឈ្មោះ សារឿន ប៊ុន​ថា មាន​អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​អនុវិទ្យាល័យ​បែក​ចាន ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គារ «​សង្គ្រោះ​ជន​អស់សង្ឃឹម​» ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់ ចំក្បាល​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​។​

​សមត្ថកិច្ច​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ក្មេងប្រុស​រងគ្រោះ​កំពុង​ឈរ​លេង​ជាមួយ​ក្មេងៗ បីនាក់​ទៀត​នៅ​កន្លែងកើតហេតុ ។​ខណៈនោះ​ស្រាប់តែ​ឮស្នូរ​កាំភ្លើង​មួយគ្រា​ប់​ផ្ទុះឡើង នៅ​ជិត​នោះ​បណ្ដាលឱ្យ ត្រូវ​ក្មេងប្រុស​រងគ្រោះ​ចំក្បាល​ដួល​ស្លាប់​ភ្លាមៗ​តែម្ដង​។ ទើប​មានការ​ជ្រួលច្របល់​ស្រាប់​តែមាន​គ្រាប់កាំភ្លើង​ចំនួន បី​គ្រាប់​ផ្ទួនៗ​គ្នា​ទៀត​ហោះ​ទៅ​ធ្លាក់​នៅ​កន្លែងកើតហេតុ​នោះ​ទៀត ប៉ុន្តែ​ពុំបាន​បណ្ដាលឱ្យ​ត្រូវ​ក្មេងប្រុស​ផ្សេង ទៀត​ដែល​ជិត​នោះឡើយ​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ ព្រមទាំង​ប្រជា​ការពារ​ខណ្ឌ​កំបូល បាន​ចុះទៅ​អន្តរាគមន៍ ហើយ​បាន​ប្រទះឃើញ​ជនសង្ស័យ​ពីរ​នាក់ ជិះ​រថយន្ត​ម៉ាក Ssangyong REXTON ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 02-0282 គួរឱ្យ​សង្ស័យ​ក៏បាន​ឃាត់​ត្រួតពិនិត្យ​។​
​ពេលនោះ​កម្លាំងចម្រុះ​បាន​រកឃើញ​កាំភ្លើង​វែង​ស៊េរី​ទំនើប​មួយ​ដើម នៅក្នុង​រថយន្ត​ក្រោយពេល​សាកសួរ​ជនសង្ស័យ និយាយថា​ខ្លួន​បាញ់​សត្វ​ទៅខាង​ណោះ​សោះ​ហេតុ​ម្ដេចទៅ​ត្រូវ​ក្មេងប្រុស​រងគ្រោះ​ទៅវិញ ហើយ​សមត្ថកិច្ច​ក៏បាន​រកឃើញ​សត្វ​លលក មួយ​ក្បាល​ងាប់ ដោយសារ​គ្រាប់កាំភ្លើង​៕​សរន​