​សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​ទឹក ចេញពី​កម្ពុជា កើន​ថ្លៃ​ពី ៣ ទៅ ៥ ដង ខណៈ​តាម​ផ្លូវគោក រក្សា​តម្លៃ​ដដែល

321

​ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក​ប្រធាន​សមាគម ភស្តុភារ​កម្ម​កម្ពុជា បាន​អះអាងថាៈ គិត​ត្រឹម​រយៈពេល ២ ខែ ដើមឆ្នាំ​២០២១ នេះ វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក តម្លៃ​សេវា បាន​ហក់​ឡើង​ខ្ពស់​ពី ៣ ទៅ ៥ ដង ខណៈដែល​វិស័យ​ដឹកជញ្ជូន តាមផ្លូវ​គោក ក្នុងស្រុក បាន​បន្ត​រក្សា​ស្ថេរភាព ជាធម្មតា នៅក្នុង​សេវា និង​ថ្លៃ​ដឹកជញ្ជូន​។​

​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បានលើកឡើង​ថាៈ ស្រប​ពេលដែល សេវា​ដឹកជញ្ជូន ក្នុងស្រុក​មាន​ស្ថេរភាព​ល្អ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ចេញទៅ​ក្រៅប្រទេស តម្លៃ​សេវា​ដឹកជញ្ជូន បាន​ហក់​ឡើង​ពី ៣ ទៅ ៥ ដង ក្នុងនោះ ការឡើង​ថ្លៃ​នេះ គឺ​ទៅតាម​ប្រភេទ​កុងតឺន័រ ដោយសារ​ប្រភេទ​កុងតឺន័រ សម្រាប់​ផ្ទុក​តាម​ត្រូវការ​ដឹកជញ្ជូន​មួយចំនួន ដូចជា​ខ្នាត​កុងតឺន័រ​ខ្នាត ២០ ហ្វី​ត​ជាដើម បច្ចុប្បន្ន ប្រភេទ​កុងតឺន័រ​ខ្នាត​នេះ បាន​កកស្ទះ​ជាច្រើន នៅ​សហរដ្ឋ​អាម៉េរិក​។​

​លោក​បាន​បន្តថាៈ គិត​ចាប់ពី​ដើមឆ្នាំ ២០២០ មក សេវា​ដឹកជញ្ជូន តាមផ្លូវ​គោក បាន​ស្រុតចុះ យ៉ាងខ្លាំង តែ​ចាប់ពី​ខែសីហា ឆ្នាំ​២០២០ រហូតដល់​ខែមករា ឆ្នាំ​២០២១ ផ្នែក​នេះ បាន​ងើប​ល្អប្រសើរ បន្តិច​មកវិញ ហើយ​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២១ ឯណេះ​នេះ សេវា​ដឹកជញ្ជូន​ផ្លូវគោក បាន​បន្ត​ធ្លាក់ចុះ​មកវិញ មូលហេតុ ដោយសារតែ ចំពេល​វេលា​ចូលឆ្នាំ​ចិន ខណៈដែល​ប្រភេទ​ទំនិញ និង​ម្ចាស់​អាជីវកម្ម​ភាគច្រើន ជា​ជន​ជាតិចិន បាន​បន្ត​ឈប់សម្រាក ក្នុង​រដូវ​បុណ្យ​នេះ​។

​លោក​បាន​បន្តថាៈ ចំពោះ​ការដឹកជញ្ជូន តាមផ្លូវ​គោក នៅក្នុង​ស្រុក តម្លៃ​សេវា នៃ​ការដឹកជញ្ជូន មិនមាន​ការប្រែប្រួល នោះឡើយ នឹង​នៅក្នុង​រយៈពេល​នេះ ការដឹកជញ្ជូន តាមផ្លូវ​គោក មាន​សល់​កុងតឺន័រ ជាច្រើន សម្រាប់​ផ្គត់ផ្គង់ ដល់​ការដឹកជញ្ជូន​។​

​សូមបញ្ជាក់ថា កាលពី​កន្លងទៅនេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា ការនាំ​អង្ករ​ចេញ​តាម​ផ្លូវទឹក ក្នុង​រយៈពេល ២ ខែ ដើមឆ្នាំ​២០២១ នេះ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា និង​ឆ្នាំ ២០២០ ឃើញថា​ធ្លាក់ចុះ​ជាង ៤៤ ភាគរយ ដោយសារ​កង្វះ​កុងតឺន័រ​។ ដោយឡែក អ្នក​នាំចេញ​ផ្លែស្វាយ បាន​អះអាង ស្រដៀង​គ្នា​ថា ដោយសារ​កង្វះ​ទូ​កុងតឺន័រ ធ្វើឱ្យ​ការនាំចេញ ហក់​ឡើង ប្រមាណ ២០ ទៅ ៣០ ភាគរយ ក្នុង​រយៈពេល ២ ខែ ដើមឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំមុន​៕/V​