ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​ចូ បៃ​ដិ​ននឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​ជា​មួយ​មេដឹកនាំ​ជប៉ុន ឥណ្ឌា​និង​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​ទី​១២​មីនា​ខណៈ​លោក​ស្វែងរក​កិច្ច​សហប្រតិបត្តិ​​ការ​កាន់តែខ្លាំង​ឡើង​ជាមួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាម៉េរិ​ក​ដើម្បី​ទប់ទល់​នឹង​កម្លាំង​របស់​ចិន​នៅក្នុង​តំបន់​។​

​ដោយ​គេ​ស្គាល់​ថា “​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី​” តំណាង​មកពី​ប្រទេស​ជា​សមាជិក​ទាំង​បួន​បាន​ជួប​គ្នា​ម្តងម្កាល​ចាប់តាំងពី​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ ២០០៧​។​ការសន្ទនា​នេះ​កើត​ឡើង​បន្ទាប់ពី​ប្រទេស​​ជា​ច្រើន​នាំគ្នា​ផ្តល់​ជំនួយ​ដល់​ឥណ្ឌូនេស៊ី​ក្រោយ​រលក​យក្ស​ស៊ូ​ណា​មី​ឆ្នាំ​២០០៤​នៅ​ទីនោះ​។​

​ប៉ុន្តែ​ការប្រជុំ​លើក​នេះ​នឹង​ជា​ការកត់សម្គាល់​លើកដំបូង ដែល​មេដឹកនាំ​ទាំង​បួន​ជួបគ្នា​។​

​លោក​បៃដិនផ្ទាល់​និយាយថា​លោក​មើលឃើញថា​កិច្ចសហប្រតិបត្តិកា​រ​ជាមួយ​សម្ព័ន្ធមិត្ត​អាម៉េរិក​នៅក្នុង​តំបន់​គឺជា​ចំណុច​ផ្តោត​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​លោក​ក្នុង​ការដោះស្រាយ​ជាមួយនឹង​ភាពខ្លាំង​ផ្នែក​សេដ្ឋកិច្ច​និង​យោធា​របស់​ចិន​។​ខណៈ​លោកបៃ​ដិ​ននិយាយថា​គាត់​ចង់បា​ន​ទំនាក់ទំនង​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែខ្លាំង​ឡើង​គាត់​មិន​បាន​បង្ហាញ​សញ្ញា​ណាមួយ​នៃ​ការបន្ធូរបន្ថយ​វិធាន​​ការប្រឈមមុខ​ក្នុង​ជំនាន់​លោក​ត្រាំ​ស្តីពី​ពាណិជ្ជកម្ម​បច្ចេកវិជ្ជា​និង​សិទ្ធិមនុស្ស​នោះទេ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ជេ​ន ភី​សា​គី និយាយថា​”​ប្រធានាធិបតីបៃដិ​ន​បាន​ធ្វើឱ្យ​កិច្ចសន្ទនា​នេះ​ក្លាយ​ជា​ការចូលរួម​ពហុភាគី​ដំបូង​បំផុត​មួយ​របស់​គាត់​ដើម្បី​និយាយ​ពី​សារៈសំខាន់​ដែល​យើង​​បាន​ដាក់​លើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​”​។​

​លោកស្រី​បាន​បន្ថែមទៀតថា ក្រុម​មេដឹកនាំ​រំពឹង​ពិភាក្សា​រឿង​គ្រប់យ៉ាង​ចាប់​ពី​ការគំរាមកំហែង​នៃ​ជំងឺ​កូវី​ដ​១៩​រហូតដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រជាជាតិ​និង​គោលនយោបាយ​អាកាសធាតុ​៕

​លោក​បៃ​ដិ​ននឹង​ចូលរួម​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី​នៅ​ថ្ងៃ​សុក្រ​