ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមហ៊ុន H&M របស់ស៊ុយអែត ដែលជាក្រុមហ៊ុនលក់រាយម៉ូតសម្លៀកបំពាក់ធំជាងគេលំដាប់លេខ ២ នៅលើពិភពលោកបាននិយាយកាលពីថ្ងៃចន្ទទី ៨ ខែមីនាថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះការប្រើប្រាស់កម្លាំងដ៏សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយខ្លួនផ្អាកការបញ្ជាទិញនៅក្នុងប្រទេសនេះហើយ។
យោងតាមអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ប៉ូលិសនិងយោធាបានសម្លាប់មនុស្សជាង៥០ នាក់ក្នុងការបង្ក្រាបបាតុកម្មនិងកូដកម្មប្រចាំថ្ងៃប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។
ក្រុមហ៊ុននិយាយនៅលើវេបសាយរបស់ខ្លួនថា ក្រុមហ៊ុន H&M មានអ្នកផ្គត់ផ្គង់ផ្ទាល់ប្រមាណ ៤៥ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានប្រភពនៅក្នុងប្រទេសនេះអស់រយៈពេល ៧ ឆ្នាំមកហើយ។
លោក សឺខាន់ តាន់កា នាយកប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយតាមអ៊ីមែលថា “ទោះបីយើងបដិសេធមិនចាត់វិធានការភ្លាមៗទាក់ទងនឹងវត្តមានយូរអង្វែងរបស់យើងនៅក្នុងប្រទេសនេះក៏ដោយ ក៏យើងនៅតែផ្អាកការបញ្ជាទិញថ្មីៗជាមួយអ្នកផ្គត់ផ្គង់របស់យើង”។
“នេះគឺដោយសារតែការលំបាកជាក់ស្តែងនិងស្ថានការណ៍ដែលមិនអាចប៉ាន់ស្មានបានដែលរារាំងសមត្ថភាពរបស់យើងក្នុងការធ្វើប្រតិបត្តិការក្នុងប្រទេសនេះរួមមានបញ្ហាប្រឈមទាក់ទងនឹងការផលិតនិងហេដ្ឋារចនាសម្ព័ន្ធ ការនាំចូលវត្ថុធាតុដើម និង ការដឹកជញ្ជូនទំនិញសម្រេច”។
លោកតាន់កានិយាយថា ក្រុមហ៊ុន H&M មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពក្នុងប្រទេសនេះ ហើយថាខ្លួនកំពុងសន្ទនាជាមួយបណ្តាទីភ្នាក់ងាររបស់អ.ស.ប អ្នកតំណាងការទូត អ្នកជំនាញសិទ្ធិមនុស្ស សហជីពពាណិជ្ជកម្ម និង ក្រុមហ៊ុនពហុជាតិដទៃទៀតអំពីស្ថានភាពនៅមីយ៉ាន់ម៉ា៕
ក្រុមហ៊ុន H&M ផ្អាកការបញ្ជាទិញពីក្រុមហ៊ុនផ្គត់ផ្គង់ផ្ទាល់ប្រមាណ ៤៥ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយសារតែកងកម្លាំងសន្តិសុខប្រើអំពើហិង្សាលើអ្នកប្រឆាំងតវ៉ា