ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈកាលពី​ថ្ងៃទី ១០ ខែមីនា លោក ជិ​រ៉ា​វុឌ្ឍិ សុវណ្ណ​អាត អនុព័ន្ធពាណិជ្ជកម្ម ( Mr. Jirawuth Suwanna-Arj, Minister Counselor (Commercial) )​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​អមដោយ​មន្ត្រី រាជការ​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​តំណាង​ក្រុមហ៊ុន​នៅក្នុង​វិស័យ​ឯកជន​ថៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ដូចជា ក្រុមហ៊ុន CP Cambodia Co., Ltd ក្រុមហ៊ុន PTT (Cambodia) Limited ក្រុមហ៊ុន Logistics Intelligence (Cambodia) Co., Ltd ក្រុមហ៊ុន Modern Plastic & Packaging (Cambodia) Co., Ltd ក្រុមហ៊ុន Makro Cambodia និង​ក្រុមហ៊ុន JWD Asia Logistics (Cambodia) Co., Ltd​បានរួម​គ្នា​នាំយក​អំណោយ​មាន​ជា​គ្រឿងឧបភោគ បរិភោគ និង​របស់របរ​ប្រើប្រាស់់​មួយចំនួន​ផ្សេងទៀត​ជូន​ដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​និមិត្ត ខេត្តបន្ទាយមានជ័យ​ដើម្បី​ប្រគល់ ជូន​ដល់​ពលករ​-​ពល​ការី​នី​កម្ពុជា​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​។​

​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​ជា​តំណាង​ឲ្យ​រដ្ឋបាលខេត្ត​បាន​អញ្ជើញ​ទទួល​អំណោយ​នេះ​ដោយផ្ទាល់​។​
​មន្ត្រី​ស្ថានទូត​ថៃ​បាន​ថ្លែងថា​កម្មវិធី​របស់​ស្ថាន​ឯកអគ្គរាជទូត​ថៃ​និង​វិស័យ​ឯកជន​ថៃ​ប្រចាំ​កម្ពុជា​ដែល​រៀបចំ​នៅពេលនេះ​មាន​គោលបំណង​ដើម្បី​ជាការ​រួមចំណែក​ជួយ​រដ្ឋាភិបាល​កម្ពុជា​ដែល​ទទួលបន្ទុក​មើល​ការខុសត្រូវ​បងប្អូន​ពលការ​-​ពល​ការី​នី​ជាច្រើន​នាក់​ដែល​បានធ្វើ​ដំណើរ​ត្រលប់​មកពី​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​វិញ​ដោយសារ​ស្ថានការណ៍​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ហើយ​មួយវិញទៀត​ជាការ​ជួយ​ដល់​បងប្អូន​ពលករ​-​ពល​ការី​នី​កម្ពុជា​ដែល​ចាត់ទុកថា​ជា​កំលាំង​សំខាន់​នៅក្នុង​ការជំរុញ​ការរីកចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច​សហគមន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃឡង់​ដ៍​៕សរន