ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសជាចំហ នៅថ្ងៃនេះថា អនុលោមតាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋាននានា អាជីវកម្មប្រៃសណីយ៍គ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជាត្រូវស្ថិតនៅក្រោមសមត្ថកិច្ច របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដូច្នេះ ម្ចាស់អាជីវកម្មក្នុងវិស័យប្រៃសណីយ៍ គ្រប់រូបតម្រូវឱ្យមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដាច់ខាតដើម្បីប្រកបអាជីវកម្ម។
ប្រភពដដែលបានបន្តថា នាពេលកន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួន នៅមិនទាន់គោរពបាននូវលក្ខខណ្ឌ នៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយនៅឡើយ។ ម្ចាស់អាជីវកម្មខ្លះ កំពុងប្រកបអាជីវកម្មរបស់ខ្លួនដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតមានសុពលភាព ពីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ដែលទង្វើនេះផ្ទុយទៅនឹងបទប្បញ្ញត្តិនៃមាត្រា២៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីវិស័យប្រៃសណីយ៍។
ប្រភពដដែលបានបញ្ជាក់ថា “ម្ចាស់អាជីវកម្មដែលគ្មានអាជ្ញាបណ្ណអាចនឹងត្រូវបញ្ឈប់ អាជីវកម្មជាបន្ទាន់ និងត្រូវពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន )រៀល។ ករណីមិនរាងចាលនឹងត្រូវបញ្ជូនសំណុំរឿង ទៅតុលាការ។ ក្នុងគោលដៅជំរុញឱ្យការគ្រប់គ្រងវិស័យប្រៃសណីយ៍ប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សណ្តាប់ធ្នាប់និងការពារបាននូវផលប្រយោជន៍អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់ម្ចាស់អាជីវកម្ម ដែលកំពុងធ្វើ ប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ទាំងអស់ចូលរួមសហការ ” ។
ប្រភពដដែលបានបន្តថា ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានអាជ្ញាបណ្ណសម្រាប់ ស្នាក់ការកណ្តាល និងលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវស្នើសុំមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ហើយ ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងតាមបណ្តាខេត្ត ត្រូវស្នើសុំ មកកាន់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដែលសាខានោះតាំងនៅ។ ម្ចាស់អាជីវកម្ម ដែលមិនទាន់បានបំពេញតាមបទប្បញ្ញត្តិខាងលើ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណនិង/ឬលិខិតអនុញ្ញាត យ៉ាងយូរបំផុតឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជាកំហិត៕/PC