ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ ស្ត្រី​ជា​ប៉ូលិស​ឋានៈ​អនុសេនីយ៍ទោ ឈ្មោះ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​បំបៅ​ដោះ​កូន ក្នុងពេល​បំពេញការងារ​នៅ​ទីសាធារណៈ​។ រូបថត​នោះ ត្រូវបាន​គេ​បង្ហោះ​នៅ​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃ​រម្លឹក​ទិវា​នារី​អន្តរជាតិ ឬ​ថ្ងៃ​សិទ្ធិនារី ៨​មីនា​។ ប៉ុន្តែ​ក្រោយ​រូបថត​ប៉ុស្តិ៍​នោះ ត្រូវបាន​គេ​ចែកចាយ​ពេញ​ហ្វេ​ស​ប៊ុ​ក​រហូតដល់​កាសែត​យកទៅ​ចុះផ្សាយ​ផង ។​លទ្ធផល​បន្ទាប់​ម​គឺ​ស្ត្រី​ប៉ូលិស​អធិការរង ស៊ី​ថុង សុខា ត្រូវបាន​ថ្នាក់លើ​កោះហៅ​ទៅ​ណែនាំ ហើយ​ចុងក្រោយ​នៅ​ថ្ងៃទី​៩ ខែមីនា ថ្នាក់លើ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​ទាំងនោះ​។​

ស្ត្រី​ជា​ប៉ូលិស​ឋានៈ​អនុសេនីយ៍ទោ ឈ្មោះ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​បំបៅ​ដោះ​កូន ក្នុងពេល​បំពេញការងារ​នៅ​ទីសាធារណៈ(រូបថត ហ្វេសប៊ុក)

​យ៉ាងណាក៏ដោយ ចំណាត់ការ​លើ​ស្ត្រី​ប៉ូលិស ជា​អធិការរង​ស្រុក​សៀម​ប៉ាង​ដូច្នេះ​ត្រូវបាន​ទទួល​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់ មហាជន តាម​ហ្វេ​ស​ប៊ុ​ក​។ មហាជន ក៏បាន​លើកទឹកចិត្ត​លោកស្រី​អធិការរង ក្នុងនាម​ជា​ម្តាយ ដែល​ត្រូវ​បំពេញការងារ​ផង និង​ត្រូវ​មើល​កូន បំបៅ​ដោះ​កូន​ផង​។​

​ទន្ទឹមនឹង​ការរិះគន់​នឹង​ចំណាត់ការ​លើ​លោកស្រី​អធិការរង​ស្រុក​សៀម​ប៉ាង​នៅតាម​ហ្វេ​ស​ប៊ុ​ក​ក៏បាន​បង្ហោះ​រូបថត​ជាច្រើន​របស់​សមាជិកសភា​បរទេស រួមទាំង​ប៉ូលិស​បរទេស ដែល​បាន​យក​កូនតូច ចូលក្នុង​កិច្ចប្រជុំ និង​បំបៅកូន មាន​ទាំង​ស្ត្រី និង​មាន​ទាំង​បុរស​ផង​។​

​ក្នុងនោះ ក៏មាន​អ្នក​លើកយក​ខ្លឹមសារ​មាត្រា ១៨៤ នៃ​ច្បាប់​ការងារ មក​បង្ហាញថា “​ក្នុង​រយៈពេល​មួយឆ្នាំ ចាប់ពី​ថ្ងៃ ដែល​សំរាលកូន​រួច ស្ត្រី​ដែល​ឲ្យ​កូន​បៅដោះ អាច​បាន​ពេល​មួយ​ម៉ោង ក្នុង​មួយថ្ងៃ ដើម្បី​បំបៅកូន​ខ្លួន​ក្នុងពេល​ម៉ោង​ធ្វើការ​។ រយៈពេល​មួយ​ម៉ោង​នេះ អាច​ចែកជា​ពីរ​វគ្គ ដែលមាន​សាមសិប​នាទី​ក្នុង​មួយ​វគ្គ គឺ​ពេលធ្វើការ​ព្រឹក​ម្តង ពេលធ្វើការ​រសៀល​ម្តង នៅ​ម៉ោង​ណា ដែល​ស្ត្រី​នោះ ព្រមព្រៀង​ជាមួយ​និយោជក​។ បើ​គ្មាន​ការព្រមព្រៀង​ទេ ត្រូវយក​ម៉ោង​នៅ​ពាក់កណ្តាល​ពេល​នៃ​រយៈពេល​ម៉ោង​ធ្វើការ​នីមួយៗ​”​។​

​ក្នុងករណីនេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ បាន​ប្រាប់​អ្នកកាសែត​ថា ការ​បំបៅកូន​ជា​កាតព្វកិច្ច​របស់​ម្តាយ​គ្រប់រូប តែ​ការ​ផ្តល់ព័ត៌មាន​ឬ​រូបភាព​នៅ​កន្លែង​ប្រតិបត្តិការ​របស់ នគរបាល ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី​ប្រធាន​អង្គភាព​។ ការធ្វើ​កិច្ចសន្យា​នេះ មិនមែនជា​ការដាក់វិន័យ​ទេ គឺ​គ្រាន់តែ​ជាការ​អប់រំ ឲ្យ​ចេះ​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។​

​នៅ​ថ្ងៃទី​១០​មីនា លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក្នុងនាម​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានចេញ​លិខិត​មួយ ជូន​អភិបាលខេត្ត​ស្ទឹងត្រែង ដោយ​សម្តែង​ការខកចិត្ត ចំពោះ​ចំណាត់ការ ដែល​លោកស្រី​ថា គ្មាន​គុណធម៌​លើ​ស្ត្រី​ប៉ូលិស ដែល​បាន​បំបៅ​ដោះ​កូន​។ លោកស្រី​បាន​សម្តែង​ការសោកស្ដាយ​ជាខ្លាំង ដែល​លោក​អធិការ បាន​ប្រើ​ឥរិយាបទ​បែបនេះ និង​មិនបាន​វែកញែក​ឲ្យ​ច្បាស់​ពី​កំហុស និង​គុណសម្បត្តិ​។​

​ជា​ការពិតហើយ ស្ត្រី មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ទ្វេដង​លើសពី​បុរស គឺ​បំពេញការងារ ក្នុង​ស្នូល​ស្ថាប័ន​ផង​និង​ត្រូវ​ចិញ្ចឹម​ថែទាំ​កូន​តាំង ពី​នៅក្នុង​ផ្ទៃ រហូត​កើតមក និង​បន្ត​ដល់​ពេញវ័យ​។

​ប៉ុន្តែ​ក្នុងអំឡុងពេល​បំពេញការងារ ពិសេស​លោកស្រី​អធិការរង ទទួលបន្ទុក​ផែន​សណ្តាប់ធ្នាប់ ដែល​ត្រូវ​ចុះ​បំពេញការងារ​នៅតាម​ផ្លូវ ដែល​មើលទៅ​ទំនងជា​តុ​សម្រាប់​ត្រួតពិនិត្យ​និង​ផាកពិន័យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅតាម​ផ្លូវ​ថែមទៀត​គួរតែ​បែងចែក​ឲ្យ​ដាច់​រវាង ការងារ​និង​ការបំពេញ​កាតព្វកិច្ច ជា​ម្តាយ ដែល​ត្រូវ​មើលថែ និង​បំបៅកូន​។​

​ក្នុងករណី​លោកស្រី​អធិការរង ដែល​បាន​យក​កូន​តាម​នេះ​។ ច្បាស់​ជា​មិនអាច​បំពេញការងារ​ឲ្យ​បាន​ពេញលេញ​ឡើយ​។​ម្យ៉ាង​ក៏​ជា គ្រោះថ្នាក់​ថែមទៀត ប្រសិនបើ​លោកស្រី​អធិការ ប្រហែស​តែមួយ​ប៉ព្រិចភ្នែក កូនរ​ពិស រត់​លេង នៅ​នឹង​ផ្លូវ​នាំ​ដល់​គ្រោះថ្នាក់ ជាយ​ហេតុ ក៏​អាច​កើតឡើង​។​

​ជា​ការពិតហើយ កាតព្វកិច្ច​ជា​ម្តាយ គឺ​ត្រូវ​ទទួលខុសត្រូវ​លើ​ការមើល​ថែកូន ពិសេស​កូនតូច​ដូច្នេះ ត្រូវ​បំបៅ​ដោះ​កូន​។ ក្នុងករណីនេះ លោកស្រី​អធិការរង​អាច​នៅ​បំពេញការងារ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​ហើយ​ដឹកនាំ​និង​ចាត់តាំង​កម្លាំង​ចុះ​អនុវត្ត​ការងារ​តាមផ្លូវ ដោយ​លោកស្រី នៅ​បញ្ជា​ដឹកនាំ​ពី​ចម្ងាយ​។ បើ​នៅក្នុង​ការិយាល័យ​ធ្វើការ លោកស្រី មាន​ពេលវេលា​ហើយក៏​កូន​មាន​សុវត្ថិភាព​ជាង​ចេញទៅ​ទីសាធារណៈ​។​

​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​១០​មីនា លោកស្នងការ ស្នងការរង​នគរបាល​ខេត្តស្ទឹងត្រែង រួមទាំង​អធិការនគរបាល​ស្រុក​សៀម​ប៉ាង ដែលជា​តំណាង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​នាំយក​ថវិកា​ឧបត្ថម្ភ ៥០​ម៉ឺន​រៀល ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន ប្រគល់ជូន​លោកស្រី​អធិការរង​ស្រុក​សៀម​ប៉ាង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​លោកស្រី​។

​ក្នុងករណីនេះ ក៏​មិនគួរ​មាន​នរណា​ខុស នរណា​ត្រូវ​ឡើយ​។ បើ​មើល​ពី​សកម្មភាព​របស់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ដែល​បានប្រគល់​ប្រាក់ឧបត្ថម្ភ ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន ដែលជា​អំណោយ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ជូន​ដល់​លោកស្រី​អធិការរង ស៊ី​ថុង សុខា ហាក់ដូចជា​ប៉ះប៉ូវ ចំពោះ​ការហៅ​មក​ប្រជុំ និង​ធ្វើ​កិច្ចសន្យា ពាក់ព័ន្ធ​នឹង​រូបថត​បំបៅ​ដោះ​កូន ក្នុងពេល​បំពេញការងារ​។​

​ប៉ុន្តែ​តទៅ​មុខ មិន​ថា លោកស្រី​អធិការរង​ខ្លួនឯង ឬក៏​ស្ត្រី នៅ​កន្លែង​ផ្សេងទៀត​ទេ គួរតែ​បែងចែក​ឲ្យ​ច្បាស់ រវាង​ការងារ និង​រវាង​ការមើល​ថែកូន​។ បើ​ជាប់​កូនតូច​ដូច្នេះ គួរតែ​បំពេញការងារ​នៅ​ការិយាល័យ ប្រសើរ​ជាង​ចុះ​បំពេញបេសកកម្ម​តាមផ្លូវ​សាធារណៈ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ផង ហើយ​ការបំពេញ​ការងារ ក៏​មិនបាន​ពេញដៃពេញជើង​ឡើយ​។ បើ​ចាំបាច់​ត្រូវតែ​ចុះ​បំពេញការងារ​ដោយ​ខានមិនបាន ក៏​គួរតែ​រក​អ្នកមើល​កូន ហើយ​បើ​ត្រូវតែ​បំបៅ​ដោះ​កូន​មែន ក៏​គួរតែមាន​អ្នកមើល​កូន​ម្នាក់ យកទៅ​តាម ហើយ​ឆ្លៀតពេល ១៥​នាទី ឬ​កន្លះ​ម៉ោង បំបៅ​ដោះ​កូន ក្នុងពេល​បំពេញការងារ​នោះ​។ តែ​សំខាន់ ត្រូវមាន​អ្នកមើល​កូនតូច​នោះ កុំ​ឲ្យ​មាន​គ្រោះថ្នាក់ រត់​លេង​តាមផ្លូវ ត្រូវ​ម៉ូតូ​ឡាន​បុក ឬក៏​ធ្លាក់ចូល​ទឹក បង្ក​ជា​គ្រោះថ្នាក់ ដែល​នឹកស្មាន​មិន​ដល់​។ ម្យ៉ាង បើ​មាន​អ្នកមើល​កូន គឺ​ម្តាយ​ក៏បាន​ស្ងប់ចិត្ត បំពេញការងារ​ក៏បាន​ពេញដៃពេញជើង​ដែរ​៕​សរន