ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជា​ឱ្យ​បិទ​បណ្តោះអាសន្ន នូវ​ទីតាំង​ផ្ទះជួល​ស្នាក់នៅ គ្មាន​យីហោ​មួយ នៅ​ទល់មុខ​ផ្ទះសំណាក់ ណាវី ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​។ នេះ​បើតាម​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ថ្ងៃទី​១០ មីនា​នេះ​។​

​លោក អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ វិធានការ​ចំពោះមុខ គឺ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត សហការ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ហ៊ុមព័ទ្ធ​បិទ​ទីតាំង ដែលមាន​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​នោះ បានមក​ស្នាក់នៅ ហើយ​ត្រូវ​ស្រាវជ្រាវ រក​អ្នកពាក់ព័ន្ធ ដើម្បី​នាំមក​ត្រូតពិនិត្យ យក​សំណាក​វិភាគ រក​មេរោគ​កូ​វីដ ១៩ និង​បើ​វិជ្ជមាន ត្រូវ​នាំទៅ​ពិនិត្យ ព្យាបាល ។​

​នៅ​នឹង​ទីតាំង​ខាងលើ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង ខេត្តបន្ទាយមានជ័យ លោក​អនុប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត លោក គាត ហ៊ុល អភិបាល ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​អាជ្ញាធរ មន្ត្រី​សុខាភិបាល គ្រូពេទ្យ មន្ត្រី​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ បាន​ចុះ​ត្រួតពិនិត្យ និង​ស្នើ​កិច្ចសហការ​ជាមួយ ម្ចាស់​ផ្ទះជួល​ស្នាក់ អ្នកពាក់ព័ន្ធ ដើម្បី​បិទ​បណ្តោះអាសន្ន​នូវ​ទីតាំង​នេះ ពោលគឺ បានធ្វើការ​ជាបន្ទាន់ បន្ទាប់ពី​មានការ​សង្ស័យថា មាន​ករណី ការឆ្លង​វីរុស​កូ​វីដ ១៩ ពី​នារី​ជនជាតិខ្មែរ​ម្នាក់ មកពី​ខេត្តសៀមរាប ព្រោះ​នាង មាន​ទំនាក់ទំនង​ស្នេហា ជាមួយនឹង​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ហើយ​បុរស​ជនជាតិ​ចិន​នោះ បាន​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មកកាន់​ខេត្តបន្ទាយមានជ័យ​។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ប្រាប់​សារព័ត៌មាន​ថាៈ នេះ​គ្រាន់តែ​ជា​ករណី​សង្ស័យ ហើយ​ចុះ​ស្រាវជ្រាវ តាម​ការណែនាំ​របស់​ថ្នាក់លើ តែប៉ុណ្ណោះ ព្រោះ​ស្ត្រី​ជា​ដៃគូ​ស្នេហា​នឹង​បុរស​ចិន​រូបនេះ រកឃើញ​វិជ្ជមាន​កូ​វីដ នៅឯ​ខេត្តសៀមរាប រួចហើយ​។​

​លោក​បាន​បន្តថាៈ ប៉ុន្តែ អាជ្ញាធរ​បានធ្វើការ​កា​រងារ​ទូទៅ រដ្ឋបាល និង​សន្តិសុខ​ប៉ុណ្ណោះ ។ ឯ​ការងារ​បច្ចេកទេស គឺ​ខាង​សុខាភិបាល ហើយ​រង់ចាំ​ចេញ ជា​លទ្ធផល ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ ។​

​បើ​យោង​ប្រភព​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ស្នាក់នៅ​ជាន់​ទី​៤ នៃ​ផ្ទះជួល ដែល​កើតហេតុ​ខាងលើ​ថាៈ នៅផ្ទះ​នោះ មាន​ចិន និង​ខ្មែរ ស្នាក់នៅ​ជាង ៣០ នាក់ ដែល​ពួកគេ សុទ្ធតែជា​បុគ្គលិក នៃ​អាជីវកម្ម អន​ឡាញ Game Online ។​

​ប្រភព​បាន​បន្តថាៈ កន្លងមក​ថ្មីៗ​នេះ បុរស​ចិន​ខាងលើ ក៏​ចេញចូល​ធ្វើការ ចំណុច​មួយ នៃ​កាស៊ីណូ ហូ​លី​ដេ ផា​លេស នៅ​ជិត​មាត់​អូរ​ព្រំដែន និង​ក្បែរ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ផងដែរ ។​

​ចំពោះមុខ​នេះ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ជំនាញ បាន​នឹង​កំពុង​ចុះទៅ​ទីនោះ ដើម្បី​ត្រួតពិនិត្យ និង​ប្រមូលយក​អ្នកធ្វើការ ឬ​បាន​ប្រាស្រ័យ​ទាក់ទង ជាមួយ​បុរស​ចិន​ខាងលើ ឱ្យ​យក​សំណាក​វិភាគ រក​មេរោគ​កូ​វីដ ១៩ ដើម្បី​បញ្ជូន​សំណាក ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ភ្នំពេញ ។​

​ចំណែក​លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​១០ ខែមីនា នេះ​ថាៈ ករណី​ខាងលើ លោក​ទទួលបាន​ព័ត៌មាន​ពី ក្រសួងសុខាភិបាល និង​រដ្ឋបាលខេត្ត​មក​ទេ ហើយ​ក៏បាន​បញ្ជូន​មន្ត្រី​ក្រុមការងារ ឆ្លើយតប​បន្ទាន់ ទៅ​សហការ ធ្វើការ​ជាមួយ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង ដើម្បី​ស្រាវជ្រាវ​រក​ជន​ជាតិចិន ដែល​វិជ្ជមាន​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដែល​គាត់​បាន​រត់ចេញ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មន្ទីរពេទ្យ​ផង និង​ស្ត្រីជន​ជាតិខ្មែរ ជា​គូស្នេហ៍ ដែល​ផ្តល់​សំណាក នៅ​ខេត្តសៀមរាប ហើយ​មាន​វិជ្ជមាន​កូ​វីដ ១៩​។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត បាន​បន្តថាៈ មកទល់ពេលនេះ ផ្ទះជួល​ដែល​ជនជាតិ​ចិន​នោះ ស្នាក់នៅ , កាស៊ីណូ​ដែល​គេ​ចេញ ចូល ត្រូវបាន​បិទ មិន​ឱ្យមាន​មនុស្ស​ចេញចូល ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច អំពាវនាវ​ឱ្យ​អ្នកមាន​ការសង្ស័យ សហការ​ផ្តល់​ការត្រួតពិនិត្យ និង​យក​សំណាក​វិភាគ ៕/V​