​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ចុងខែ​កុម្ភៈ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) បាន​រិះគន់​សកម្មភាព​នៃ​នាវា​ពិឃាដ​អាម៉េរិក​ឈ្មោះ Curtis Wilbur​ដែល​បើក​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​​ដែល PLA និយាយ​ថា​ធ្វើឱ្យ​ខូច​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​ប្រមុខ​ទីបញ្ជាការ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក (USINDOPACOM) ឧត្តមនាវី ហ្វី​លីព ដេវីដ​សុន បាន​អះអាង​ថា កោះ​តៃវ៉ាន់​អាច​នឹង​ក្លាយជា​មហិច្ឆិតា​មួយ​របស់​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជា​សញ្ញា​មួយ​នៃ​ការជំរុញ​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​បង្កើន​អំណាច​យោធា​របស់​ខ្លួន​នៅ​អាស៊ី​។​

​ថ្លែង​នៅក្នុង​សវនាការ​គណៈកម្មការ​សេវាកម្ម​ប្រដាប់អាវុធ​របស់​ព្រឹទ្ធសភា​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​៩​មីនា លោក​ដេវីដ​សុន​បាន​សម្តែង​ការព្រួយបារម្ភ​ថា ចិន​កំពុង​បង្កើន​”​មហិច្ឆតា​របស់​ខ្លួន​ជំនួស​​សហរដ្ឋ​អាម៉េរិក​និង​តួនាទី​ដឹកនាំ​របស់​យើង​នៅក្នុង​ការរក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០៥០”​។​

​មេបញ្ជាការ USINDOPACOM រូបនេះ​បាន​អះអាងថា “​តៃវ៉ាន់​គឺ​ជា​មហិច្ឆិតា​មួយ​យ៉ាង​ច្បាស់ក្រឡែតរ​បស់​ពួកគេ​នៅ​មុន​កាលបរិច្ឆេទ​នេះ​។​ហើយ​ខ្ញុំ​គិត​ថា​ការគំរាមកំហែង​បាន​ស្តែង​ឱ្យ​ឃើញ​ច្បាស់​ខ្លាំង​​ឡើង​ក្នុង​ទសវត្សរ៍​នេះ​និង​ក្នុង ៦ ឆ្នាំ​ទៅ​មុខ​”​។​

​លោក​បាន​ព្រមាន​ថា​ការកើនឡើង​នូវ​កម្លាំង​យោធា​របស់​ចិន​នៅក្នុង​តំបន់​អាស៊ី​បង្ក​ហានិភ័យ​និង​បង្កើត​ឱ្យ​មាន​ស្ថានភាព​មិន​អំណោយផល​សម្រាប់​សហរដ្ឋអាម៉េរិក​និង​កាត់បន្ថយ​កម្រិត​នៃ​ការ​ទប់ទល់​​របស់​អាម៉េរិក​។​

​ដោយឡែក​លោក​បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង​ថា​បាន​ទាមទារ​យក​ដែនដី​សំខាន់ៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​គំរាម​កោះ​ក្វាម​របស់​សហរដ្ឋ​អាម៉េរិក​ដែល​លោក​ដេវីដ​សុន​និយាយថា​ជា​”​គោលដៅ​ថ្ងៃ​​នេះ​” ហើយ​ដែល​ចាំបាច់​ត្រូវ​ការពារ​និង​ត្រៀម​សម្រាប់​ការគំរាមកំហែង​ដែល​នឹង​កើតមាន​ក្នុង​ពេលអនាគត​”​។​

​ទោះជា​យ៉ាងណា ក្រសួងការបរទេស​ចិន​បាន​ទាត់​ចោល​ការអះអាង​រប​ស់លោក​ដេវីត​សុន​យ៉ាង​លឿន ដោយ​អ្នកនាំពាក្យ​ឈ្មោះ ចា​វ លី​ចៀន និយាយថា​”​ជនជាតិ​អាម៉េរិក​ខ្លះ​នៅតែ​ប្រើ​បញ្ហា​តៃវ៉ាន់​ដើម្បី​​ពន្លើស​អំពី​ការគំរាមកំហែង​ខាង​យោធា​របស់​ចិន​”​។​

​អ្នកនាំពាក្យ​រូប​នេះ​សង្កត់ធ្ងន់​ថា “​ប៉ុន្តែ​នៅក្នុង​ខ្លឹមសារ​នេះ សហរដ្ឋ​អាម៉េរិក​កំពុង​ស្វែងរក​លេស​ដើម្បី​បង្កើន​ការចំណាយ​យោធា ពង្រីក​កម្លាំង និង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តំបន់​”៕

​យន្តហោះ​ចម្បាំង​ចិន​ហោះ​កៀក​តៃវ៉ាន់​ក្នុង​សមយុទ្ធ​ជា​ញឹកញាប់​របស់ខ្លួន​