​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ទី​២ UEFA Europa League ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចំនួន​៨​គូ ដែល​ឈាន​ចូល​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី​១​។ យើង​នឹង​លើកយក​៣​គូ​មក​វិភាគ​ដូចខាងក្រោម ៖

Manchester United vs AC Milan

​នៅពេល​ក្រុម​ទាំង​ពីរ​ជួបគ្នា​នៅ​វគ្គ​នេះ​ក្នុង EL វា​មិនមែន​ជា​ការ​ចាប់ឆ្នោត​ហេងៗ​សម្រាប់​ពួកគេ​នោះទេ តែ​វា​ជា​ការប្រកួត​ដ៏​រំភើប​បំផុត ដែល​ប្រិយមិត្ត​បាល់ទាត់​ទន្ទឹង​ចង់បាន​។

​ជើង​ទី​មួយ​សម្រាប់​គីឡូ​យក្ស​អឺរ៉ុប​ទាំង​ពីរ​នឹង​លេង​នៅ​ទឹកដី Old Trafford របស់​បិសាច​ក្រហម​។ បិសាច​ក្រហម​ធ្វើ​បាន​ល្អ​នៅ​វគ្គ ៣២ ក្រុម​ចុងក្រោយ ដោយ​បំបាក់​ក្រុម Sociedad មក​ពី​អេ​ស្ប៉ា​ញ ៤-០ ក្នុង​ជើង​ទីមួយ​។

Milan ទម្លាក់​ក្រុម Red Star Belgrade ដោយសារ​រូបមន្ត​គ្រាប់​បាល់​ក្រៅ​ទឹកដី ក្រោយ​លេង​ស្មើ​គ្នា​ទាំង​ពីរ​ជើង​។

AC ហាក់​ធ្លាក់ចុះ​ទម្រង់​លេង​បន្តិច​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ត្បិត​ឈ្នះ ២-០ នៅ​ទឹកដី​របស់ Verona ក្នុង​ក្របខ័ណ្ឌ Serie A កាលពី​ចុង​សប្តាហ៍​ក៏ដោយ​។ អ្នក​ចាត់ការ​ទូទៅ​លោក ស្តេ​ហ្វា​ណូ ផ្យូ​លី នឹង​ពុំ​មាន​វត្តមាន​កីឡាករ​កំពូល​របស់​ខ្លួន ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វិក ទេ ដែល​នេះ​នឹង​ធ្វើឱ្យ​ក្រុម​ចាញ់​ប្រៀប​ខ្លាំង​នៅ​តំបន់​ប្រយុទ្ធ​។

​វា​មាន​រយៈពេល​ជាង​១​ទសវត្សរ៍​ហើយ ដែល​ក្រុម​យក្ស​ទាំងពីរ​ខាន​ជួបគ្នា​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប ហើយ​ជួប​គ្នា​ចុងក្រោយបង្អស់​នៅ​ក្របខ័ណ្ឌ CL វគ្គ ១៦ ក្រុម​ចុងក្រោយ បិសាច​ក្រហម​យកឈ្នះ​សរុប​ទាំង​ពីរ​ជើង​ក្នុង​លទ្ធផល​សរុប ៧-២​។

​ផ្អែក​លើ​ទម្រង់​លេង​សព្វថ្ងៃ បិសាច​ក្រហម​រំពឹង​ឈ្នះ​យ៉ាងហោច ២-០ ។​

Tottenham vs Dinamo Zagreb

​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur កំពុង​សម្លឹង​រក្សា​សន្ទុះ​លេង​ល្អ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​ពួកគេ​ស្វាគមន៍​ក្រុម​ជើងឯក​ក្រូ​អាស៊ី Dinamo Zagreb មក​កាន់​ទីក្រុង​ឡុង​ដ៍​សម្រាប់​ជំនួប​ជើង​ទីមួយ​ក្នុង​ក្របខ័ណ្ឌ EL​។​

Spurs កំពុង​រីករាយ​នឹង​ជ័យជម្នះ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​។ ពួក​គេ​លេង​ឈ្នះ ៤ លើ​ក​ជាប់ៗ​គ្នា ហើយ​ស៊ុត​ចូល​ជា​មធ្យម ៣ គ្រាប់​នៅ​គ្រប់​ការប្រកួត​ទាំងអស់​។

​លោក ចូសេ ម៉ូ​រី​ញ៉ូ ច្បាស់​ជា​រំភើប​ចំពោះ​ទម្រង់​លេង​របស់​កីឡាករ ហ្គា​រ៉េត ប៊ែល ដែល​ហាក់​រកឃើញ​កម្រិត​លេង​ល្អ​បំផុត​របស់​ខ្លួន​ឡើងវិញ​នៅ​ខណៈ​ពេល​នេះ​។ ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​វែល​រូប​នេះ​ស៊ុ​តចូល ៦ គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត ៣ គ្រាប់​ក្នុង ៦ ប្រកួត​ចុង​ក្រោយ​សម្រាប់ Spurs​។

​ប៊ែល​ស៊ុតចូ​លពីរ​គ្រាប់​កាលពី​ថ្ងៃអាទិត្យទ​ល់​នឹង​ក្រុម Crystal Palace ដែល​ក្នុង​ការប្រកួត​នោះ ប្រធាន​ក្រុម​របស់ Spurs ហារី​ខេន ក៏​រកបាន​២​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២​គ្រាប់​ផង​ដែរ​។

​គេ​នៅ​ចាំ​អ៊ុត​មើល​សិន​ថា​តើ​លោក Special One នឹងដាក់​កីឡាករ​ខ្លាំងៗ​ឱ្យ​លេង​ថ្ងៃនេះ​ឬ​យ៉ាងណា ព្រោះថា​នៅ​ចុង​សប្តាហ៍​នេះ Spurs នឹង​ប្រកួត​ជាមួយ​ក្រុម​ក្បែរ​ខាង Arsenal ។ ប្រសិនបើ​គាត់​ដាក់​ឈុត​ធំ នោះ​លទ្ធផល​ឈ្នះ ៤ គ្រាប់​ឡើង​ហាក់​មិន​នៅ​ឆ្ងាយ​ពី​ដៃ​របស់​ពួកគេ​នោះ​ឡើយ​។

Olympiacos vs Arsenal

Olympiacos ឡើង​មក​វគ្គ​នេះ​ដោយសារ​គ្រាប់​បាល់​នៅ​នាទី ៨៨ ស៊ុត​ដោយ​កីឡាករ​ទើប​ប្តូរ​ចូល ឈ្មោះ កូកា កាលពី​ពីរ​សប្តាហ៍​មុន​។

​មួយ​គ្រាប់​ចុង​ម៉ោង​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូប​នេះ​គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម Olympiacos ត្បិត​ថា​ចាញ់ PSV ២-១ ក៏ពិតមែន ប៉ុន្តែ​ពួកគេ​ឈ្នះ​ជើង​ទីមួយ ៤-២​។

Olympiacos បាន​ធ្លាក់​នៅ​វគ្គ​នេះ​កាលពី​ឆ្នាំមុន​ក្រោម​ថ្វីដៃ​ក្រុម​របស់​អង់គ្លេស Wolves ក្រោយ​ចាញ់​សរុប ២-១​។ Olympiacos ចូល​មក​ប្រកួត EL ក្រោយ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ CL ឆ្នាំ​នេះ​ក្នុង​វគ្គ​ចែក​ពូ​ល ដោយ​លេង​ឈ្នះ ១ ចាញ់​៥​។​

​កូនក្រុម​របស់លោក ប៉េ​ត្រូ ម៉ា​ទីន បាន​ជួយ​ក្រុមក្រិ​កនេះ​ឈ្នះ​ពាន​លីក​កំពូល​ជា​ហូរហែ​ក៏ពិតមែន ប៉ុន្តែ​មិន​ទាន់​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​អឺរ៉ុប​បាន​ម្តង​នៅឡើយ​ទេ​។ ដោយ​មើល​លើ​ស្ថានភាព​បច្ចុប្បន្ន Olympiacos មិន​ដែល​ឈ្នះ​ក្រុម​មក​ពី​អង់គ្លេស ចំណែក Arsenal កំពុង​អន់ ហើយ​ត្រូវ​ប៉ះ Spurs នៅ​ថ្ងៃអាទិត្យ​ទៀត ដូច្នេះ​លទ្ធផល ១-១ គឺជា​ការព្យាករណ៍​សម​រម្យ​បំផុត​៕

​ការប្រកួត​បាល់ទាត់​អឺរ៉ុប​សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ៖​