​ប្រែ​សម្រួលៈ​វាសនា​/​ហារី​តវ៉ា​៖​បុរស​ពិសិដ្ឋ ឬ​អ្នក​មាន​បុណ្យ​ដែល​រាងកាយ​អាក្រាត​និង​ពុកចង្កា​ស្រមូម​បាន​ស្ថិត​ចំណោម​បូជនីយេសក៍​(​អ្នក​ស្វះស្វែង​រក​ទី​កន្លែង​គោរពបូជា​)​ហិណ្ឌូ​រាប់សែន​នាក់​ដែល​​បាន​នាំគ្នា​ចុះ​ងូតទឹក​ទន្លេ​គង្គា​របស់​ឥណ្ឌា ដោយ​មិន​អើពើ​នឹង​ការ​គំរាម​អំពី​វីរុស​កូរ៉ូណា ។​

​វា​ជា​ពិធី​សាសនា​ដ៏​ល្បីល្បាញ​និង​បង្កើត​ពណ៌​ចម្រុះ​បំផុត​របស់​ប្រជាជាតិ​អាស៊ី​ខាងត្បូង​នេះ​។​

​អាជ្ញាធរ​នៅក្នុង​ទីក្រុង ហារី​តវ៉ា រំពឹង​ថា​មនុស្ស​២,៥​លាន​នាក់​នឹង​ចូលរួម​ក្នុង​ពិធីបុណ្យ មហា ស៊ីវ​រ៉ា​ទ្រី ដែល​ជា​ព្រឹត្តិការណ៍​ងូតទឹក​ដ៏​នក្ខត្ត​ឬ​ក្ស​មួយ​ក្នុងចំណោម​ពិធី​ដូច្នេះ​ចំនួន​៣ នៅ​ពេល​មួយ​ខែ​ទៅមុខ ​និង​ជា​ផ្នែក​នៃ​ការជួបជុំ​ធំ​មួយ​ហៅថា គុម្ព មេ​ឡា​។​

​មុន​ព្រឹក​ព្រហាម ប្រុសៗ​និង​ស្ត្រី រួម​ទាំង​កូនក្មេង បាន​ប្រញាយ​គ្នា​រក​កន្លែង​នៅ​តាម​មាត់​ទន្លេ​ចម្ងាយ​រាប់គីឡូម៉ែត្រ មុន​ចុះ​ងូតទឹក​មួយ​ភ្លែត​ក្នុង​ទន្លេ​ដែល​មាន​ទឹក​ហូរ​លឿន ដោយ​ពួកគេ​សូត្រធម៌ និង​​បាចផ្កា​ចូលក្នុង​ទន្លេ​គង្គា​។​

​បន្ទាប់មក មាន​ពិធី​ដង្ហែ​ក្បួន​ក្រុម​ពួក​Naga Sadhus​រាប់រយ​នាក់ ។ តាំងខ្លួន​អ្នក​មាន​បុណ្យ បុរស​ស្រាត​និង​ពុកចង្កា​វែងៗ​និង​រាងកាយ​ប៉ា​តទៅ​ដោយ​ផេះ​ទាំងនេះ បាន​ចុះ​ងូតទឹក​នៅ​ប្រជុំ​ពិសិដ្ឋ​ហារី​តវ៉ា​​នៅ​ជើងភ្នំ​ហេមពាន្ត​។​

​បូជនីយេសក៍​ម្នាក់​ឈ្មោះ នី​តេស គុ​មារ បាន​ប្រាប់​សារព័ត៌មាន​បារាំង​ថា « មិន​មាន​ការភ័យខ្លាច​អំពី​ជំងឺឆ្លង​ទេ និង​មនុស្សម្នា​ដើរហើរ​សេរី​។​ឥណ្ឌា​បាន​ផ្ចាញ់​ជំងឺឆ្លង​នេះ​និង​គ្មានអ្វី​ត្រូវ​បារម្ភ​ទេ​»​។​

​ឥណ្ឌា​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ជាង​១១​លាន​នាក់ ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ទី​២​នៅលើ​លោក និង​ស្លាប់​ដោយ​ជំងឺ​នេះ​ជិត​១៦០.០០០​នាក់​៕