ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ពី​ករណី​ជនជាតិខ្មែរ​ម្នាក់ ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩​។ នេះ​ជា​ករណី​ទី​១​នៅ​កម្ពុជា​។ នោះ​គឺ​នា​ថ្ងៃទី​១១ ខែមីនា វេលា​ម៉ោង ១០:៤០​នាទី​ព្រឹក មាន​បុរស​ជនជាតិខ្មែរ​ម្នាក់ អាយុ ៥០​ឆ្នាំ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលជា​ករណី​ស្លាប់​លើក​ទី​១ នៅ​កម្ពុជា​។​

​ក្រសួងសុខាភិបាល​បានប្រកាសថា សព​មាន​ទីលំនៅ នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ជា​អ្នកបើកបរ​ឲ្យ ថៅកែ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ សព​នេះ ត្រូវបាន​រកឃើញថា មាន​ឆ្លង​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដែលមាន​លទ្ធផល​បញ្ជា​ក់ដោយ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​

​ក្រោយពី​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ បុរសរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព ចាក់អង្រែ​ក្នុង រាជធានី​ភ្នំពេញ មុននឹង​ត្រូវបាន​បញ្ជូន​បន្តទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត ឬ​មន្ទីរ​ពេទ្យរុស្ស៊ី នៅ​ថ្ងៃទី​៥ ខែមីនា ដោយ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ មាន​អាកា​រៈហ​ត់ និង​ពិបាក​ដកដង្ហើម​។

​ទៅដល់​មន្ទីរ​ពេទ្យរុស្ស៊ី ពេទ្យ​បាន​ថត​សួត​របស់គាត់ ហើយ​លទ្ធផល​បង្ហាញថា គាត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​លើ​សួត​ទាំងសងខាង ដោយសារតែ​ការ​វ៉ៃ​លុក​ពី​កូ​វីដ​១៩​។ ក្រុម​ពេទ្យ​បាន​ប្រឹងប្រែង​អស់​លទ្ធភាព ដើម្បី​ព្យាបាល​បុរសរងគ្រោះ​តែ​មិនអាច​សង្គ្រោះ​
បាន​នោះទេ​។​

​ចំណែក​ប្រពន្ធ និង​កូន​របស់​បុរសរងគ្រោះ​សរុប​ប្រាំ​នាក់​បានធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ដែល​ស្ថិត​នៅផ្ទះ​លេខ​៥៧ ផ្លូវ​បេតុង ក្នុងភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ប្រពន្ធ​និង​កូន​ទាំង ៥​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បានធ្វើ​តេស្ត​លើក​ទី​១ មិនមាន​វីរុស​កូ​វីដ​១៩ ឡើយ​។

​ដូច្នេះ​បើ​រាប់​ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈ មកដល់​ថ្ងៃទី​១១ ខែមីនា​នេះ គឺមាន​រយៈពេល ១២​ថ្ងៃ ចាប់តាំងពី​បុរសរងគ្រោះ រកឃើញ​ឆ្លង​កូ​វីដ​១៩​។ រីឯ​ប្រពន្ធ និង​កូន ក៏បាន​ធ្វើ​ច​ត្តា​ឡី​ស័ក បាន ១២​ថ្ងៃ​ដែរ គឺ​រយៈពេល ១៤​ថ្ងៃ ទើប​គេ​អនុញ្ញាត​ឲ្យ​ចេញពីផ្ទះ​។ ដូច្នេះ​នៅពេលនេះ តើ​ប្រពន្ធ​កូន អាច​ចូលរួម​បុណ្យសព ដែល​ក្រសួងសុខាភិបាល​សម្រេច​ថា ត្រូវ​បូជា​ជា​ប្រញាប់​នោះ ឬទេ​?

​កាលពី​យប់​ថ្ងៃទី​៩​មីនា សម្តេច​តេ​ជោ ហ៊ុន សែន ទើបតែ​បានចេញ​វិធានការ​ផ្ទាល់មាត់​ថា បើ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វិដ​១៩ នោះ​សព​ត្រូវ​បូជា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ហើយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏ត្រូវ​រៀបចំ អនុក្រឹត្យ​ថ្មី​មួយ កំណត់​ពី​ចំនួន​អ្នកចូលរួម​បុណ្យសព និង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មរណភាព ដែល​ត្រូវយក​សព​ទៅ​បូជា​នោះ​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​១០​មីនា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​កែសម្រួល​វិធានការ​លើ​សព​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ គឺអាច​បូជា​ក៏បាន និង​អាច​បញ្ចុះ​កប់​ក៏បាន ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​និ​មួយៗ​។ ប៉ុន្តែ​ទាំង​ការបូជា និង​ទាំង​ការ​បញ្ចុះសព ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​កន្លែង​បូជាសព ប​ច្ឆា សម្រាប់​បូជាសព និង​ទីតាំង​ដី សម្រាប់​បញ្ចុះសព​អ្នកជំងឺ​កូ​វីដ​១៩ ដោយមាន​ទាំង​ការរៀបចំ​ក្តារ​ម្ឈូស សម្រាប់​តម្កល់សព​ឲ្យ​បាន​សមរម្យ​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅពេល​ក្នុងករណី​ទី​១ ដំបូង​គេ​នេះ ដែលមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១១ ខែមីនា​នេះ គេ​មិនទាន់​ដឹងថា តើ​ក្រុមគ្រួសារ ពិសេស​ប្រពន្ធ​កូន​របស់​បុរសរងគ្រោះ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​បុណ្យ ឬទេ ព្រោះតែ​ស្ថិតក្នុង​រយៈពេល​ច​ត្តា​ឡី​ស័ក​ដូច្នេះ​? ហើយ​មកដល់​ល្ងាច​នេះ ក៏​ក្រសួងសុខាភិបាល មិនបាន​បញ្ជាក់ថា សព​បុរស ដែល​ស្លាប់​ដោយ​កូ​វីដ​នោះ ត្រូវ​យកទៅ​បូជា ឬក៏​បញ្ចុះ​នៅទីណា​នោះ​នៅឡើយ​ទេ​៕​សរន