ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​គម្លាត​ប្រាក់​ឈ្នួល​រវាង​ស្ត្រី និង​បុរស​នៅ​កម្ពុជា ។

​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​គោលបំណង ផ្សព្វផ្សាយ​ដល់​សាធារណជន នូវ​ការ​រ​រកឃើញ​របស់ UNDP ទាក់ទង​នឹង​កត្តា​ចម្បងៗ​ដែល​ធ្វើឱ្យមាន​គម្លាត​ប្រាក់​ឈ្នួល​រវាង​ស្ត្រី​និង​បុរស​នៅ​កម្ពុជា និង​គោលនយោបាយ​សំខាន់ៗ​ក្នុងការ​កាត់បន្ថយ​គ​ម្លា​ត​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​សំដៅ​ទទួលបាន​នូវ​សមភាព​។​

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី លោក និ​ច បេ​រេ​ស្វត ( Nick Beresford) អ្នកតំណាង ន​វេ​សន​ដ្ឋា​ន UNDP ប្រចាំ​កម្ពុជា​, លោក ថេ ឈុន​ហាក់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ចការនារី និង​លោកស្រី​បណ្ឌិត អេង នេត្រា នាយក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) មន្ត្រី​នៅក្នុង​ស្ថាប័នរដ្ឋ​និង​ឯកជន អង្គការ និង​សិស្ស​-​និស្សិត​។

​ក្នុងឱកាស​នោះ លោកស្រី ជា សិរី បាន​លើកឡើងថា ក្រៅពី​លទ្ធភាព​ក្នុងការ​ទទួលបាន សេវា​ហិរញ្ញវត្ថុ ស្ត្រី​ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ក្នុងការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផងដែរ ដូចនេះ ការបញ្ជ្រាប​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​សហគ្រិនភាព​ទៅក្នុង​កម្មវិធីសិក្សា ពិត​ជាមាន​សារៈសំខាន់​នៅ​កម្ពុជា ដោយសារ​អត្រា​បោះបង់​ការសិក្សា​របស់​ស្ត្រី​មាន​ច្រើន ជាង​បុរស​។ លោកស្រី​បាន​បន្ថែមថា ការណ៍​នេះ​ស្ត្រី​ដែល​បោះបង់​ការសិក្សា​អាច ប្រើប្រាស់​ចំណេះដឹង​ដែល​បាន​រៀនសូត្រ​ខាងលើ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​បាន​៕​/PC/សរន