ភ្នំពេញៈ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ថិតក្នុង​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីដ​១៩ កំពុង​កើតមានឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន ដ៏​វិសេសវិសាល​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​ចំនួន ៤០​ម៉ឺន​ដុល្លារ​អាម៉េរិក (​ព្រះករុណា​ព្រះមហាក្សត្រ ចំនួន ២០​ម៉ឺន​ដុល្លារ និង​សម្តេចព្រះ​មហាក្សត្រី​ចំនួន​២០​ម៉ឺន​ដុល្លារ​) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​១៩​។​ព្រះអង្គទាំងទ្វេកំពុងស្ថិតនៅទីក្រុងប៉េកាំងប្រទេសដើម្បីពិនិត្យព្រះរាជសុខភាព។នេះ​បើ​យោងតាម​ប្រភព​គេហទំព័រ​ហ្វ្រេស​ញូ​វ​នៅ​រសៀល​ថ្ងៃទី​១២​ខែមីនា​នេះ​។​

ព្រះករុណា​ព្រះមហាក្សត្រនិង​សម្តេចព្រះ​មហាក្សត្រី​ដែលកំពុងស្ថិតនៅទីកក្រុងប៉េកាំងប្រទេសចិនព្រះរាជទាន​ព្រះរាជ​ទ្រព្យ​៤០​ម៉ឺន​ដុល្លារ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​

​ប្រភព​ដដែល​បញ្ជាក់ថា​ព្រះរាជ​ទ្រព្យ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ត្រូវបាន​ប្រគល់ជូន​រាជរដ្ឋាភិបាល​តាមរយៈ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។

​គួររំលឹកថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​សរុប​ទាំង​៤​លើក មាន​ចំនួន ៣,៧​លាន​ដុល្លារ​អាម៉េរិក​៕​សរន​