ដោយៈ ជា សីហៈ/ភ្នំពេញៈ សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជាបានរាយការណ៍ លោក ប្រ៊ីតុន ស៊ីយ៉ារ៉ូនី ( Bretton Sciaroni)ជាវិនិយោគិនអាមេរិកទីមួយដែលមកបណ្តាក់ទុននៅកម្ពុជា បានបាត់បង់ជីវិត ។
លោក ប្រ៊ីតុន ស៊ីយ៉ារ៉ូនី បានមកប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ដើម្បីជួយយុទ្ធនាការលទ្ធិប្រជាធិបតេយ្យលើកដំបូងរបស់ប្រទេស។
លោកបានបម្រើការងារជាទីប្រឹក្សាច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ជាតំណែងដែលមានថានៈស្មើរដ្ឋមន្ត្រីហើយជាមេធាវីបរទេសដែលបម្រើការយូរជាងគេបំផុតនៅក្នុងប្រទេស។ មេធាវីនិងវិនិយោគិនអាមេរិកម្នាក់ធ្លាប់ធ្វើការនៅឯសេតវិមានផងដែរ។
លោក ប្រ៊ីតុន ស៊ីយ៉ារ៉ូនី បានក្លាយជាទីប្រឹក្សាដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជានិងជាអ្នកឯកទេសដែលបានជួយរៀបចំសេចក្តីព្រាងច្បាប់អាជីវកម្មសំខាន់ៗ។
លោក វីលៀម ហៃឌ៍ ( William A. Heidt) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកម្ពុជាធ្លាប់បានអត្ថាធិប្បាយថា“ លោក ប្រ៊ីតុន ស៊ីយ៉ារ៉ូនី គឺជាមេធាវីបរទេសដំបូងគេម្នាក់នៅកម្ពុជានៅដើមទសវត្ស ១៩៩០ បន្ទាប់ពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានស្តារឡើងវិញ។
លោកគឺជាសសរស្តម្ភមួយនៃសហគមន៍ជំនួញរបស់សហរដ្ឋអាមេរិកចាប់តាំងពីពេលនោះមកដោយជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជាតាមរយៈក្រុមហ៊ុនច្បាប់របស់គាត់និងតួនាទីជាប្រធានសភាពាណិជ្ជកម្មអាម៉េរិក។
លោកបានទទួលមរណភាពនៅអាយុ ៦៩ ឆ្នាំ ៕សរន