​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ ដែលមាន​ទីតាំងនៅ​ភូមិ​៧៥ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន គឺ​ភ្នំ​កូនដំរី គួ​ជា​គោលដៅ​ទេសចរណ៍​មួយ​សម្រាប់​ដំណើរ​កំសាន្ត ក្រោយ​ព្រឹត្តិការណ៍​ឆ្លង​ជា​សហគមន៍ កូ​វីដ ១៩ កាលពី​ថ្ងៃ​២០ កុម្ភៈ ត្រូវបាន​បញ្ចប់ ។

​រមណី​ដ្ឋា​ន​នេះ​បើ​មើ​លពី​ចម្ងាយ វា​មាន​រូបរាង​ដូច​កូនដំរី​លុតជង្គង់ និង​បោះ​ប្រ​ម៉ោ​យ​ទៅ ខាងមុខ​។ ភ្នំ​នេះ​មាន​ជាប់ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ជាក់ស្តែង នៅមុន​សម័យ​ខ្មែរក្រហម ពាក្យ «​ស្រឡៅ​ស្រ​ឡូ​ន ភ្នំ​កូនដំរី​» មាន​រំលេច​យ៉ាង​ពិ​រោះ​រណ្តំ​ចិត្ត ក្នុង​បទ​ចម្រៀង «​ម្លប់​ដើម​ស្រឡៅ​» ច្រៀង​ដោយ លោក ស៊ីន ស៊ី​សាមុត និង​អ្នកស្រី រស់ សេរី​សុទ្ធា​។

​ទីនោះ​ក៏​ជា​កន្លែង​ដែលមាន​ប្រវត្តិ​ទាក់ទង​នឹង​ទីតាំង​ប្រវត្តិសាស្ត្រ​កងទ័ព​ខ្មែរក្រហម​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៩៨ ជា​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បានបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ ដោយសារ​ការធ្វើសមា​ហរណ​កម្ម​។
​តាម​ប្រវត្តិសាស្ត្រ ទាហាន​ខ្មែរក្រហម​បានដាក់​តេ​អូ​សម្រាប់​យក​ព័ត៌មាន​នៅ​ចង្កេះភ្នំ​កូនដំរី​(​ម្តុំ​ស្តៅ​) និង​មាន​មូលដ្ឋាន ទ័ព​នៅ​ទីនោះ​។​

មិន​ឆ្ងាយ​ប្រមាណ​ពី​ភ្នំ​កូនដំរី​ត្រង់​អន្លង់​ថ្ងាន់​ជាប់មាត់​ស្ទឹង​មាន​ទីតាំង​កាំភ្លើង​ធំ​របស់​ខ្មែរក្រហម​។

​តំបន់ភ្នំ​កូនដំរី ពីមុន​ធ្លាប់ជា​ព្រៃស្រោង សំបូរ​ទៅដោយ​ដើម​ខ្លុង ដើម​ត្បែង មាន​សត្វ​ដំរី សត្វ​ខ្លា និង​មាន​រូង​/​ល្អាង​អាថ៌កំបាំង និង​ស័ក្តិសិទ្ធិ​។ ភ្នំ​នេះ មាន​ល្អាង​ប្រមាណ​៩ និង​មាន​សត្វ​ស្វា សត្វ​ក្ងោក រុក្ខជាតិ​ឧស​ថ​បុរាណ​ច្រើន ប្រភេទ​។​

បច្ចុប្បន្ននេះ ដីព្រៃ​នៅ​តំបន់ភ្នំ​កូនដំរី​កំពុង​ប្រឈម​នឹង​ការដុត និង​ការទន្ទ្រាន​ដើម្បី​ដាំ​ដំឡូងឈើ រហូត​ទៅដល់​ចង្កេះភ្នំ​៕​