ដោយៈ ទេព មង្គល -មុនីរ័ត្ន / ភ្នំពេញៈ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសមាគមអ្នកព័ត៌មាន ហ្វេសប៊ុកកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ ដោយសារសមាគមនេះ បានផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលេខ ១០២ ពម.ប្រក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានសម្រេចថាៈ
ប្រការ ១. -លុបប្រកាសលេខ ០៥៨ ព . ម.ប្រក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោក ព្រំ សាន បើកសមាគមអ្នកព័ត៌មាន ហ្វេសប៊ុកកម្ពុជា ដោយសមាគមនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លេ ការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ដែលជាការ បំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចសន្យា ដែលសាមីខ្លួនបានតម្កល់ទុក នៅក្រសួងព័ត៌មាន។
ប្រការ ២. -បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។
ប្រការ ៣. -អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕/V