ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ទាំងអស់ អំពី​ការចាប់ផ្ដើម​ប្រមូល​ថ្លៃ​ប្រមូល​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០២១ និង​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង់ថ្លៃ​សេវាកម្ម​នេះ​ឱ្យបាន​គ្រប់គ្នា​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់ដែរថា​៖ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន​ប​ង់​ថ្លៃ​សេវា​ប្រមូល​សំរាម​សម្រាប់​ខែមករា និង​ខែ​មុនៗ ក្នុង​ឆ្នាំ​២០២០ ក៏ត្រូវ​ចូលរួម​បង់ថ្លៃ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ពីព្រោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​វិធានការ​ដោយ​កត់ត្រា​ជា​បំណុល​រួចហើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រកាន់យក​ភាព​អត់ធ្មត់​មិន​អនុវត្ត​វិធានការ​រដ្ឋបាល និង​ច្បាប់ ដោយ​នៅតែ​ទុក​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ជា​អាជីវករ ពាណិជ្ជករ សិប្បករ ធុរជន​ភ្ញាក់រលឹក និង​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សំណល់​រឹង​ឱ្យបាន​ទាន់ពេលវេលា​កំណត់ ដោយឡែក​ចំពោះ​ថ្លៃ​សេវា​ប្រមូល​សំរាម​ខែកុម្ភៈ ឆ្នាំ​២០២១ ត្រូវ​កំណត់​នៅត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​។​

​ចំពោះ​នីតិវិធី​នៃ​ការបង់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​នឹង​ប្រើប្រាស់​លេខ​សម្គាល់​អតិថិជន ID (​មាន​ក្នុង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ឬ​បញ្ហារ​ទូទាត់​នៅ​ធនាគារ​អេស៊ីលីដា​, ហត្ថា​, កាណាឌីយ៉ា ក​.​អ​, វឌ្ឍនៈ​, ប្រៃសណីយ៍​កម្ពុជា ក​.​អ​, ABA, WING, AMK FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា​, ប្រា​សាក់ ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត ដូចជា eMONEY, TrueMONEY, លី​ហួរ​វេរ​លុយ និង PiPay​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ ០៨៧ ២៥៨ ៨៣៕​