ដោយ: បាយ័ន / សៀមរាប: រថយន្តម៉ាកស្តារិក ដឹកគ្រឿងបន្លាស់រថយន្តមួយគ្រឿង បានបែកកង់ក្រោយហើយក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យរបួសអ្នកបើកបរ។ ករណីក្រឡាប់រថយន្តខាងលើ បានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅផ្លូវលេខ៦៧ ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី បាននិយាយថា នៅវេលាម៉ោងខាងលើមានរថយន្តម៉ាកស្តារិក ពណ៌សមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ២A ៦៧០៣ បានដឹកគ្រឿងបន្លាស់រថយន្ត ហើយបើកបរក្នុងទិសដៅពីស្រុកអន្លងវែង ចូលមកខេត្តសៀមរាប ដោយមានគ្នា២នាក់។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានបែកកង់ខាងក្រោយហើយបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលអោយអ្នកបើកបររថយន្តបានរងរបួស។
អ្នករងរបួសមានឈ្មោះ យិន ប៊ុនរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប អ្នករួមដំណើរឈ្មោះ លាក់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ ដើម្បីព្យាបាល៕