ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានចុះពិនិត្យទីតាំងពាក់ព័ន្ធ ក្នុងក្រុងប៉ោយប៉ែត ដើម្បីដាក់ចេញវិធានការបន្ទាន់ ករណីមានអ្នកបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកឆ្លងកូវីដ ១៩ ម្នាក់ គឺស្ត្រីជនជាតិខ្មែរ ហើយដែលនាងបានឆ្លងជំងឺនេះ ពីជនជាតិចិនម្នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កន្លងមក នៅកោះពេជ្រ រាជធានីភ្នំពេញ។
កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកានគរបាលខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងសហការី ព្រមទាំងកងកម្លាំងចម្រុះ បានចុះពិនិត្យមើលទីតាំង ដែលមានការពាក់ព័ន្ធ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ ពិភាក្សា ដាក់ចេញវិធានការបន្ទាន់ ត្រៀមទប់ស្កាត់ តាមវិធានការសុខាភិបាល ក្នុងករណីមានភាពវិជ្ជមាន ទៅលើអ្នកបានប៉ះពាល់ ដោយផ្ទាល់ជាមួយ អ្នកមានវិជ្ជមានកូវីដ ១៩ ម្នាក់ នៅទីតាំងមួយចំនួន នៅក្នុងក្រុង។
សូមរំលឹកថា ករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាអោយបិទបណ្តោះអាសន្ន នូវទីតាំងផ្ទះជួលស្នាក់ គ្មានយីហោមួយ នៅទល់មុខផ្ទះសំណាក់ ណាវី ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត កាលពីថ្ងៃត្រង់ ថ្ងៃទីទី១០ ខែមីនា ឆ្នាំ២០២១ ដែលទាក់ទិនករណីជនជាតិចិន វិជ្ជមានកូវីដ ១៩ នៃព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ នៅកោះពេជ្រ រាជធានីភ្នំពេញ និងស្រីស្នេហ៍ជនជាតិខ្មែរ របស់គេ ដែលឆ្លងជំងឺនេះដែរ។
វិធានការចំពោះមុខ គឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត សហការនឹងអាជ្ញាធរមានសមត្ថកិច្ច ហ៊ុមព័ទ្ធបិទទីតាំង ដែលអ្នកមានផ្ទុកជំងឺនោះ បានមកស្នាក់នៅ ហើយត្រូវស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ដើម្បីនាំមកត្រូតពិនិត្យ យកសំណាកវិភាគ រកមេរោគកូវីដ ១៩ និងបើវិជ្ជមាន ត្រូវនាំទៅពិនិត្យ ព្យាបាល ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានស្នើថា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត តាមវិធានការក្រសួង សុខាភិបាល ឲ្យបានខ្ចាប់ខ្ជួន និងត្រឹមត្រូវ ដើម្បីបង្ការ ការចម្លងវីរុសកូវីដ ១៩ ចូលសហគមន៍។ លោកបានថ្លែងដូច្នេះ ខណៈមកទល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ពលរដ្ឋជាច្រើននាក់ នៅប្លុកខាងលើ និងកន្លែងផ្សេងទៀត ដែលសង្ស័យបានប៉ះពាល់ បានចូលទៅផ្តល់សំណាក រកមេរោគកូវីដ ១៩ ដល់គ្រូពេទ្យ។ ពាក់ព័ន្ធនឹងផ្ទះស្នាក់ ដែលជនជាតិចិនស្នាក់, កាស៊ីណូ ដែលគេចេញចូល បានត្រូវបិទមិនអោយមានមនុស្សចេញ ចូល៕/V