​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ជាច្រើន​គូ​នៅ​តំបន់​អឺរ៉ុប មាន​ចាប់ពី​លី​ក​កំពូល​របស់​អង់គ្លេស​រហូតដល់​បារាំង​។

​យើង​នឹង​លើកយក ៣ គូ​មក​វិភាគ​ដូចខាងក្រោម ៖

– EPL (​ថ្ងៃ​សៅរ៍​) : Leeds vs Chelsea ៖ ក្រុម​ក្ងោក​លឿង Leeds United ហាក់​អស់​សន្ទុះ​នៅក្នុង EPL ហើយ ក្រោយ​ចាញ់ ៤ ដង​ក្នុង​ចំណោម ៥ ប្រកួត​ចុងក្រោយ​។ កូនក្រុម​របស់លោក ម៉ា​សេ​ឡូ ប៊ី​ស្លា នឹង​មាន​ការប្រកួត​ដ៏​លំបាក​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍ ដោយ​ត្រូវ​ស្វាគមន៍​តោ​ខៀវ Chelsea ដែល​ឆ្លងកាត់ ២ ខែ​មកនេះ​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​។

​ដំណឹង​ល្អ​សម្រាប់​ក្រុម​ក្ងោក​លឿង​គឺថា ពួកគេ​មាន​សុវត្ថិភាព​នៅ​រដូវ​កាល​នេះហើយ ទោះ​ឈរ​នៅ​លេខ​១១ និង មាន​ត្រឹម ៣៥ ពិន្ទុ​ក៏ដោយ​។ Leeds ច្បាស់​ជា​ខកចិត្ត​ប្រសិន​បើ​ពួកគេ​បញ្ចប់​រដូវ​កាល​ដោយ​មិន​ឈរ​នៅ​ពាក់កណ្តាល​ផ្នែក​ខាងលើ​នៃ​តារាង​ពិន្ទុ ត្បិត​ខំប្រឹង​លេង​ល្អ​យ៉ាងណាក្តី​។

​មូលហេតុ​ដែល​ពួកគេ​ចាប់ផ្តើម​ធ្លាក់​ជើង​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ប្រហែល​បណ្តាលមកពី​ការនឿយហត់ ព្រោះតែ​ពួកគេ​ជា​ក្រុម​លេង​សម្រុក ៩០ នាទី​ពេញៗ​រាល់​ប្រកួត​។ កាលពី​សប្តាហ៍​មុន​ក្រុម​ក្ងោក​លឿង​ត្រូវបាន​ផ្តួល​ដោយ​ក្រុម​ញញួរ​ធំ West Ham ហើយ​នោះ​គឺជា​បរាជ័យ​លើក​ទី ១៤ របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។

​ក្នុង​ទឹកដី ក្ងោក​លឿង​ចាញ់​ច្រើនជាង​ឈ្នះ ដោយ​ឈ្នះ​ទើបបាន ៥ ដង ហើយ​ចុងក្រោយ​បំផុត​គឺ​ចាញ់​ក្នុង​ទឹកដី​ខ្លួន​ឯង​ទល់​នឹង​ក្រុម Aston Villa​។​

​តោ​ខៀវ Chelsea នៅ​មិនទាន់​ចាញ់​នៅឡើយ​ទេ​ក្រោម​ការដឹកនាំ​របស់​លោក​ថូ​ម៉ាស ធូ​ខល់ ហើយ​ពួកគេ​ប៉ុនប៉ង​បញ្ចប់ទៅ​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង ៤​។ តោ​ខៀវ​ឥឡូវ​ឈរ​នៅ​លេខ ៤ និង​មាន​២​ពិន្ទុ​លើ​ក្រុម West Ham ដែលមាន​១​ប្រកួត​ក្នុង​ដៃ​។

​ក្រុម​តោ​ខៀវ​រកបាន ១១ ពិន្ទុ​ពី ៥ ប្រកួត​ចុងក្រោយ ហើយ​កាលពី​ចុង​សប្តាហ៍​មុន ពួកគេ​បំបាក់ Everton ងាយៗ​ក្នុង​លទ្ធផល ២-០​។ ក្រោម​ការដឹកនាំ​របស់​លោកធូ​ខល់ តោ​ខៀវ​លេង​ក្រៅ​ទឹកដី ៤ ដង​ឈ្នះ ៣ ស្មើ ១​។

​កាល​ជំនួប​ជើង​ទី​១​នៅ​ទឹកដី​តោ​ខៀវ ពួកគេ​ឈ្នះ​ក្ងោក​លឿង ៣-១ ហើយ​ក្ងោក​មិន​ដែល​ឈ្នះ​តោ​ខៀវ​ម្តងណា​ឡើយ​គិត​ចាប់តាំងពី​ឆ្នាំ ២០០២​។ ផ្អែក​លើ​ចំណុច​នេះ យើង​រំពឹង Chelsea ឈ្នះ​សាជាថ្មី​នៅ​ថ្ងៃ​សៅរ៍​នេះ​។

– EPL (​ថ្ងៃ​សៅរ៍​) : Fulham vs Man City ៖ ក្រុម​ឈូកស Fulham បាន​ព្យាយាម​ប្រឹងប្រែង​ខ្លាំង​ណាស់​នៅ​ប៉ុន្មាន​ខែ​មកនេះ ហើយ​ត្បិត​ពួកគេ​ឈរ​នៅ​លេខ ១៨ ក៏ពិតមែន ប៉ុន្តែ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ​១៧ Broghton​។

​កូនក្រុម​របស់​លោក​ស្កុត ផា​ឃើ ទើប​តែ​ឈ្នះ​នៅ​ទឹកដី​របស់​ហង្ស​ក្រហម Liverpool ហើយ​នោះ​ជា​លទ្ធផល​ដ៏​ធំ​សម្បើម​សម្រាប់​ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ​ក្នុង​ការបន្ត​ដង្ហើម​រស់​ក្នុង EPL រដូវ​កាល​ក្រោយ​ទៀត​។

​ទម្រង់​លេង​របស់ Fulham មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ណាស់​បើ​ធៀប​នឹង​ការបើកឆាក​ដើមរដូវ ត្បិត​ពួកគេ​ទើប​ចាញ់ Spurs ក្នុងជំនួប​ចុងក្រោយ​នៅក្នុង​ទឹកដី​ក៏ដោយ​។ ទោះ​ចាញ់​ក៏ពិតមែន តែ​ជា​បរាជ័យ​ប្រផុតប្រផើយ ១-០ ប៉ុណ្ណោះ​។

​ក្រុម​មេឃ​ខៀវ Man City ទើបតែ​លេង​ក្នុង EPL កាលពី​ពាក់កណ្តាល​សប្តាហ៍ ហើយ​យក​ឈ្នះ​លើ Southampton ៥-២ ដែល​រឹត​បង្កើន​ការនាំ​មុខ​ឆ្ងាយ​ទៅៗ​លើ​កំពូល​តារាង​។ ឥឡូវ​មេឃ​ខៀវ​មាន​១៤​ពិន្ទុ​នាំមុខ​លើ​លេខ​២ Man U ដែល​សល់​១​ប្រកួត​ក្នុង​ដៃ​។

​ក្នុងចំណោម ៤៥ ពិន្ទុ​ត្រូវ​យក City បាន​ដណ្តើមយក ៤២ ពិន្ទុ​រួច​ជា​ស្រេច​។ ហើយ​អ្វី​ដែល​ពិសេស​គឺ ៥ ប្រកួត​ក្រៅ​ទឹកដី​ចុងក្រោយ គឺ​ឈ្នះ​រហូត ដូច្នេះ​ថ្ងៃនេះ​ក៏​រំពឹង​ឈ្នះ​ជា​បន្ត ដើម្បី​ឆាប់​បាន​លើក​ពាន EPL​។

– EPL (​ថ្ងៃអាទិត្យ​) : Arsenal vs Tottenham ៖ ជំនួប​រវាង​ក្រុម​អ្នក​ក្បែរ​ខាង​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​គឺ​ការប្រកួត​ធំ​ប្រចាំ​ថ្ងៃអាទិត្យ ប៉ុន្តែ​រដូវ​កាល​នេះ​ក្រុម​ទាំងពីរ​ប្រហែល​ជា​បញ្ចប់​ទៅ​ដោយ​គ្មានអ្វី​ជា​ដុំកំភួន​ដូចគ្នា​។

​ក្រុម​ទាំង​ពីរ​លេង​មិន​ដូច​ការរំពឹងទុក​ទេ​រដូវ​កាល​នេះ​។ Spurs នៅតែ​ខកខាន​ក្នុង​ការកសាង​ក្រុម​ដែល​មាន​អត្តសញ្ញាណ​មួយ​ច្បាស់លាស់ ទោះ​ដឹកនាំ​ដោយ​លោក​ចូសេ ម៉ូ​រី​ញ៉ូ​ក្រោម​គម្រោង​ការចាប់ផ្តើម​ជា​ថ្មី​មួយ​ហៅថា Project Restart​។ ចំណែកឯ​លោក​មី​គែ​ល អាតិតា វិញ មិន​ទាន់​រកឃើញ​ទម្រង់​លេង​ថេរ​សម្រាប់​កាំភ្លើង​ធំ Arsenal នៅឡើយ​ទេ​។

​ឈាន​ចូល​ការប្រកួត​នេះ Spurs មាន​ទម្រង់​លេង​ល្អប្រសើរ​ជាង​កាំភ្លើង​ធំ ហើយ​មាន់​ខ្នាយ​មាស​ជា​ក្រុម​តែមួយ​គត់​នៅ EPL ដែល​រក្សា​ជ័យជម្នះ​ជាប់​គ្នា ៣ លើក​។ ប៉ុន្តែ​ពួកគេ​អាច​រក្សា​ជ័យជម្នះ​ថ្ងៃនេះ​ម្តងទៀត​ទេ​?

​អេ​មីល ស្មី​ត រ៉ូ ជា​កីឡាករ​របួស​តែ​ម្នាក់​គត់​សម្រាប់​កាំភ្លើង​ធំ ប៉ុន្តែ​រូបគេ​បាន​វិលត្រឡប់​មក​វិញ​សម្រាប់​ជំនួប​ជាមួយ Olympiakos កាលពី​ពាក់កណ្តាល​សប្តាហ៍ ក្រោយ​ងើប​ពី​របួស​ថ្មីថ្មោង​។

​ប៉ុន្តែ​វា​ជា​រឿង​ភ្ញាក់ផ្អើល ប្រសិន​បើ​លោក​អាតិ​តាដាក់​រូបគេ​ឱ្យ​លេង​ក្នុងជំនួប​អ្នកក្រុង​ឡុង​ដ៍​ដូច​គ្នា​នៅ​ថ្ងៃអាទិត្យ​។

​សឺ​ច អ៊ូ​រៀ បាន​ត្រឡប់​ពីរ​បួស​វិញ​ហើយ​ចូល​លេង​ឱ្យ Spurs កាលពី​ពាក់កណ្តាល​សប្តាហ៍​ទល់​នឹង​ក្រុម Dinamo Zagreb ក្នុង EL ដែល​នេះ​មានន័យថា កីឡាករ ម៉ាត់ ដូ​ហឺ​ធី នឹង​ត្រឡប់​ទៅលេង​នៅ​ខ្សែ​ស្លាប​ស្តាំ​វិញ​។

​សឺ​ជី​អូ រី​ហ្គី​ឡុន ដែល​មិន​ដាក់​ឱ្យ​លេង​ទល់នឹង Slavia សោះ​នឹង​ត្រូវ​ជំនួស​កីឡាករ បិ​ន ដេវីស នៅ​តំបន់​ការពារ​ស្លាប​ឆ្វេង ត្បិត​កីឡាករ​ជី​អូ​វ៉ា​នី ឡូ សែ​ល​សូ ត្រូវ​បន្ត​នៅក្រៅ​ការប្រកួត​ដោយសារ​របួស​ក្តី​។

​នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ Spurs មានប្រៀប​ជាង ដោយ​លេង​ឈ្នះ​កាំភ្លើង​ធំ ៣ ដង​ស្មើ ២ ដង​ក្នុង​ជំនួប ៥ លើក​ចុង​ក្រោយ​ក្នុង EPL​។ តែ​ទោះ​យ៉ាងណា ខ្សែប្រយុទ្ធ​របស់​ក្រុម​ទាំង​ពីរ​កំពុង​ល្អ​ដូចគ្នា ដោយ​ហារី​ខេន​ក៏​ពូកែ​ស៊ុត ហើយ​អូ​បា​មេ​យ៉ាង​ក៏​ពូកែ​ស៊ុត ហេតុដូច្នេះ យើង​រំពឹង​ក្រុម​ទាំង​ពីរ​ស្មើគ្នា ១-១៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖