​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​មីនា​ថា លោក​កំពុង​ចេញដំណើរ​ទៅ​អាស៊ី​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​យោធា​ជា​​មួយ​សម្ពន្ធមិត្ត​អាស៊ី និង​ទ្រោល​«​រនាំង​ការពារ​គួរ​អោយ​ជឿជាក់​»​ប្រឆាំង​ចិន​។​

​អូ​ស្ទីន​បាន​ចាប់ផ្តើម​ចេញដំណើ​រ​ដោយ​ឆ្លងកាត់​កោះ​ហា​វ៉ៃ កន្លែង​តាំង​បញ្ជាការ​យោធា​អាម៉េរិក​សំរាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ដំបូង​របស់​លោក​ក្នុងនាម​ជា ប្រមុខ​​ការពារ​ជាតិ​អាម៉េរិក​។​

​លោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ដែល​អមដំណើរ​នាំ​លោក​ទៅ​កាន់​ក្រុង​តូ​ក្យូ ញូវដេល្លី និង​សេ​អ៊ូ​ល​នេះ​ថា «​ដំណើរ​នេះ​និយាយ​អំពី​សម្ពន្ធភាព​និង ភាព​ជា​ដៃគូ​។​វា​ក៏​រួម​មាន​ការជំរុញ​សមត្ថភាព​»​។​

​លោក​បាន​បញ្ជាក់ថា នៅពេល​សហរដ្ឋ​អាម៉េរិក​ផ្តោត​លើ​ការតស៊ូ​ប្រឆាំង​នឹង​ពួក​ជី​ហាត​នៅ​មជ្ឈិមបូព៌ា ចិន​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​កាន់តែ​លឿន​ឡើង​ហើយ​នោះ​ជា​«​ការប្រកួតប្រជែង​ដែល​យើង​​បាន​រិច​រិល​ទៅ​។​ទោះជា​យ៉ាងណា យើង​នៅ​តែ​រក្សា​ការនាំ​មុខ​ការប្រកួតប្រជែង​នោះ យើង​នឹង​បង្កើន​ប្រៀប​ទៅមុខ​»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា « គោលដៅ​របស់​យើង​គឺ​ធ្វើអោយ​ច្បាស់​ថា យើង​មាន​សមត្ថភាព​និង​ផែនការ​ប្រតិបត្តិការ​…​ដើម្បី​អាច​ផ្តល់​នូវ​របាំង​ការពារ​គួរអោយ​ទុកចិត្ត​បាន​មួយ​សំរាប់​ទប់ទល់​នឹង​ចិន ឬ​នរណា​ដែល​ចង់​ប្រជែង​យកឈ្នះ​អាម៉េរិក​»៕

​ឡយ អូ​ស្ទីន នឹង​ចូលរួម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេ​ស​អាម៉េរិ​ក អ៊ែន​ថូ​នី ប្លីង​កិន នៅ​ក្រុង​តូ​ក្យូ និង​សេ​អ៊ូ​ល​