​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កីឡាករ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ បាន​ឡើង​ឈរលើ “​ទី​កំពូល​នៃ​បញ្ជី​អ្នក​រក​គ្រាប់​បាល់​លើ​ពិភពលោក​” បន្ទាប់​ពី​ស៊ុត​ហែ​ត​ទ្រី​ក (៣​គ្រាប់​) កាលពី​ថ្ងៃអាទិត្យ​ទី​១៤​មីនា ខណៈ​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ប្រេ​ស៊ីល​ប៉េឡេ​បាន​អបអរសាទរ​ខ្សែប្រយុទ្ធ​របស់​ក្រុម​សេះ​បង្កង់ Juventus រូប​នេះ​សម្រាប់​ការ​លើស​ចំនួន​គ្រាប់​បាល់​ផ្លូវការ​របស់​គាត់​។​

​កីឡាក​រវ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​៣​គ្រាប់​ឱ្យ​ក្រុម Juventus ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម Cagliari នៅ​ក្របខ័ណ្ឌ Serie A ដើម្បី​នាំ​គ្រាប់​បាល់​អាជីព​របស់​គាត់​សរុប​ឡើងដល់ ៧៧០ គ្រាប់​សម្រាប់​ក្លិប​និង​ប្រទេស​។​

​រ៉ូ​ណាល់​ដូ​បាន​សរសេរ​យ៉ាង​វែង​នៅលើ​បណ្តាញ​សង្គម Instagram ថា “​គ្មាន​កីឡាក​រណា​ម្នាក់​នៅលើ​ពិភពលោក​ដែល​មិន​បាន​ស្តាប់​រឿងរ៉ាវ​អំពី​ការប្រកួត​និង​សមិទ្ធផល​របស់គាត់ (​ប៉េ​ឡេ​) នោះទេ ហើយ​ខ្ញុំ​ក៏​មិន​លើកលែង​នោះដែរ​”​។​

“​ហើយ​សម្រាប់​ហេតុផល​នោះ ខ្ញុំ​ពោរពេញ​ដោយ​សេចក្តី​រីករាយ​និង​មោទនភាព​នៅ​ពេល​ខ្ញុំ​ដឹង​ថា​គ្រាប់​បាល់​ទាំងនោះ​បាន​ដាក់​ខ្ញុំ​នៅ​លើ​គេ​ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​របស់​ពិភពលោក​ដោយ​យក​ឈ្នះ​លើ​ឯតទគ្គ​កម្ម​របស់​ប៉េឡេ ជា​អ្វី​ដែល​ខ្ញុំ​មិន​អាច​នឹកស្មាន​ដល់​ទេ​ពេល​កំពុង​ចម្រើន​វ័យ​ក្នុងនាម​ជា​ក្មេង​ម្នាក់​មក​ពី​ម៉ា​ឌី​រ៉ា​”​។​

​រ៉ូ​ណាល់​ដូរក​បាន​គ្រាប់​បាល់​ឱ្យ​ក្លិប​បាន​ចំនួន ៦៦៨ គ្រាប់​ពោលគឺ ៥ គ្រាប់​សម្រាប់ Sporting Lisbon ១១៨ សម្រាប់​ក្រុម Manchester United ៤៥០ គ្រាប់​សម្រាប់ Real Madrid និង ៩៥ គ្រាប់​សម្រាប់ Juventus ។ គាត់​ក៏​រក​គ្រាប់​បាល់​បាន ១០២ គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​ផងដែរ​។​

​ប៉េ​ឡេ ដែល​ជា​ម្ចាស់​ជើងឯក​វើល​ខាប់ ៣ សម័យកាល បាន​ស៊ុត​បញ្ចូល​ទី ៧៦៧ គ្រាប់​ជា​ផ្លូវការ​ក្នុង​អាជីព​របស់​គាត់ ទោះបី​គាត់​អះអាង​ថារ​ក​បាន​ជាង ១.០០០ គ្រាប់​រួមទាំង​ការប្រកួត​ក្រៅផ្លូវការ​ក៏ដោយ​៕

រ៉ូ​ណាល់ដូ​ស៊ុតហែត​ទ្រីក​កាលពី​ថ្ងៃអាទិត្យ នាំ​ឱ្យ​ចំនួន​គ្រាប់​បាល់​ផ្លូវ​ការសរុប​កើន​ដល់ ៧៧០ គ្រាប់​