​ប្រែ​សម្រួលៈ​វាសនា​/​កង់​បេរ៉ា ៖​ស្ត្រី​ទូទាំងប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ និង​វិសមភាព​ជេនឌ័​រដោយ​មនុស្ស​រាប់សែន​នាក់​បាន​ចេញ​មក​តាម​ដង​ផ្លូវ​នៅ​​ពេល​កំហឹង​កើនឡើង​ជុំវិញ​ការចោទប្រកាន់​រំលោភ​ផ្លូវភេទ​ដែល​បាន​វាយប្រហារ​រដ្ឋាភិបាល​អភិរក្ស​បច្ចុប្បន្ន​។​

​ការជួបជុំ​បាតុកម្ម​ហៅថា​”​ការ​ដង្ហែ​ក្បួន​ដើម្បី​យុត្តិធម៌​The #March4Justice” ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​និង​ទីប្រជុំជន​ចំនួន​៤០​របស់​អូស្ត្រាលី ជាមួយនឹង​បាតុកម្ម​ធំ​មួយ​នៅ​ក្រុង​កង់​បេរ៉ា ក្រោយ​​ពី​មាន​ការចោទប្រកាន់​អំពី​ការរំលោភ​ផ្លូវភេទ​នៅ​ក្នុង​សភា​របស់​ប្រទេស​នេះ​។​

​ស្លៀកពាក់​ភាគច្រើន​ពណ៌​ខ្មៅ ពួក​អ្នក​ប្រឆាំង​តវ៉ា បាន​ជួបជុំ​នៅ​ក្រៅ​សភា​ដោយ​ពួកគេ​កាន់​បដា​ជាមួយនឹង​ពាក្យស្លោក​ដូចជា « អ្នក​មិន​ស្តាប់​» «​តើ​អ្នកដឹង​ទេ​ថា​មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់​»​និង​«​ខ្ញុំ​ជឿ​សម្តី​នាង​»​។​

​សូមបញ្ជាក់​ថា អតីត​បុគ្គលិក​រដ្ឋ​នាង ព្រីតថា​នី ហ៊ី​ក​ហ្គី​ន កាលពី​ខែ​មុន​បាន​ចោទប្រកាន់ថា នាង​ត្រូវបាន​សហការី​ម្នាក់​ចាប់​រំលោភ​នៅក្នុង​ការិយាល័យ​រដ្ឋមន្ត្រី​មួយ​រូប​នៅ​ឆ្នាំ​២០១៩ ហើយ​មុន​នេះ​ក្នុង​ខែ​​មីនា​នេះ អគ្គ​រដ្ឋអាជ្ញា គ្រី​ស្ទៀន ផត​ធឺ បាន​បដិសេធ​ការចោទប្រកាន់ថា លោក​បាន​ចាប់​រំលោភ​នារី​វ័យ​១៦​ឆ្នាំ​ម្នាក់​នៅ​ឆ្នាំ​១៩៨៨ កាល​ពី​ពួកគេ​នៅ​ជា​សិស្ស​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ផត​ធឺ បានចាប់ផ្តើម​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍ ប្រឆាំង​សារព័ត៌មាន​រដ្ឋ​ABC​ដែល​បាន​ផ្សាយ​ការចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​មុនគេ​។​ទោះ​ជា​មិន​បញ្ចេញ​ឈ្មោះ​​ក៏​ពួក​មេធាវី​និយាយថា​គេ​អាច​ស្គាល់​ថា​ជា លោក​អគ្គ​រដ្ឋអាជ្ញា​ដោយ​ងាយ​នៅក្នុង​អត្ថបទ​ចុះផ្សាយ ហើយ​ចាប់តាំងពី​ការចុះផ្សាយ​នោះមក លោក​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ប្រមាញ់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​សារព័ត៌មាន​ក្នុងស្រុក​ក៏​បាន​រាយការណ៍​ថា ពួក​ស្រីៗ​នៅក្នុង​គណបក្ស​ការងារ​ដែល​ជា​បក្សប្រឆាំង​កាលពី​ពេល​ថ្មីៗ​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុកមួយ ដើម្បី​បរិយាយ​លម្អិត​អំពី​ការរំខាន​យាយីរ​ផ្លូវភេទ​ពី​សំណាក់​​សហការី និង​ពួក​អ្នកនយោបាយ​ប្រុសៗ​។​

​រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​អោយ​បើក​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​វប្បធម៌​កន្លែង​ការងារ​របស់​សភា និង​បង្កើត​សេវា​គាំទ្រ​ថ្មី​សំរាប់​បុគ្គលិក​។​តែ​ពួក​រិះគន់​និយាយ​ថា​ត្រូវតែ​ផ្លាស់ប្តូរ​ប្រព័ន្ធ ហើយ​មិនមែន​​ត្រឹមតែ​ក្នុង​នយោបាយ តែ​នៅក្នុង​សង្គម​អូស្ត្រាលី​ទាំងមូល​តែម្តង​៕

​ស្ត្រី​ទូទាំងប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ និង​វិសមភាព​ជេនឌ័​រ​