ខេត្តកោះកុងនឹងដាក់ឱ្យដំណើរអាកាសយានដ្ឋានថ្មីនាខែមិថុនាខាងមុខ ខណៈបច្ចុប្បន្នកំពុងធ្វើតេស្តសាកល្បង

343

ដោយ: ពៅនិមល/ភ្នំពេញ: តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរប្រតិបត្តិការហោះហើរនាខែមិថុនាខាងមុខនេះ ខណៈបច្ចុប្បន្ននេះបានកំពុងធ្វើតេស្តសម្ភារៈ ឬឧបករណ៍ផ្សេងៗ ដើម្បីធានាថា នឹងដំណើរការដោយល្អប្រសើរនិងដោយរលូន។

មានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់កាលពីខែធ្នូ ឆ្នាំ២០២០កន្លងមក បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងដំណើរការស្នើសុំវិញ្ញាបនបត្រពីក្រសួង ដើម្បីបើកប្រតិបត្តិការឱ្យយន្តហោះអាចចុះថតបាន។ លោកបន្តថា បច្ចុប្បន្នអាកាសចរណ៍ស៊ីវិលកំពុងពិនិត្យដើម្បីផ្តល់វិញ្ញាបនបត្រត្តិការនេះ ដោយត្រូវការពេលវេលារយៈពេល៦ខែ ដើម្បីធានាថាក្រុមហ៊ុនបានធ្វើតេស្តសម្ភារៈ និងឧបករណ៍បានរលូនហើយ ទើបចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនដាក់ដំណើរការនូវព្រលានយន្តហោះនេះ។ លោកបានបញ្ជាក់ថា “កាពិតការសង់ត្រូវចប់ហើយប៉ុន្តែត្រូវធ្វើតេស្តសាកល្បង ហើយការដាក់ពាក្យស្នើសុំវិញ្ញាបណ្ណបត្រមានដំណាក់យូរដែរ ៦ខែ ចាប់ពីសាងសង់ឡើងទៅ ញ្ចឹងរយះពេលនឹងសាកល្បងផង ធ្វើតេស្តផង ដាក់ពាក្យស្នើសុំផងដល់ញ្ចឹងផ្សំគ្នាទំាងអស់។ ការធ្វើតេស្តសាកល្បង ការធ្វើតេស្តសាកល្បងមែនធម្មតាទេ ត្រូវយកកប៉ាល់ហោះមកតេស្ត ត្រូវយកឧបករណ៍មកតេស្ត តេស្តឧបករណ៍ដែលបំពាក់ហើយ វាដើរស្រួលអត់ហើយពាក់ព័ន្ធជាមួយកប៉ាល់ហោះអត់ ឆ្លើយឆ្លងគ្នាអត់ច្រើនណាស់ យូរណាស់ ហើយមនុស្សក្នុងប្រតិបត្តិការជាមួយភាគីចិន ត្រូវការឱ្យដឹងថាមានភាពរលូនអត់ យូរណាស់ ការធ្វើតេស្តសាកល្បងអានឹងភាសាគេប្រើញ្ចឹង វាអាចយឺតយ៉ាវដោយសារ បើមានបញ្ហាបច្ចេកទេសត្រូវកែតម្រូវ បើសិនជាអត់មានបញ្ហាទេ វាស្រួលណាស់ វាខ្លីទេ”។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានតម្លៃសរុបប្រមាណ ៣៥០លានដុល្លារ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់សាងសង់ព្រលានយន្តហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ៕សរន