​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​(​រ៉​យ​ទ័រ​) ៖​ស្ថានទូត​ក្រៅ​ផ្លូវការ​របស់​តៃវ៉ាន់​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​បាន​ណែនាំ​ក្រុមហ៊ុន​តៃវ៉ាន់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុងប្រទេស​នេះ​ឱ្យ​បង្ហូតទង់ជាតិ​កោះ​នេះ​និង​បិទ​ស្លាក​​សញ្ញា​បញ្ជាក់​ថា​ពួកគេ​មក​ពី​តៃវ៉ាន់​ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការភ័ន្តច្រឡំ​ជាមួយ​ចិន​បន្ទាប់​ពី​រោងចក្រ​ដែល​ផ្តល់​ហិរញ្ញប្បទាន​មួយចំនួន​ដោយ​ចិន​ត្រូវ​បាន​ដុត​បំផ្លាញ​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​ស្ថានទូត​ចិន​និយាយថា​បុគ្គលិក​ចិន​ជា​ច្រើន​នាក់​បាន​រង​របួស​និង​ជាប់​នៅក្នុង​ការវាយប្រហារ​ដោយ​ការដុត​បំផ្លាញ​កាលពី​ថ្ងៃអាទិត្យ​ពី​សំណាក់​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទៅលើ​រោងចក្រ​កាត់ដេរ​ក្នុង​សង្កាត់​ហ្លាំង​ថា​យ៉ានៅ​ជាយក្រុង​យ៉ាងហ្គោន​ហើយ​ខ្លួន​បាន​អំពាវនាវ​ឱ្យ​មី​យ៉ាន់​ម៉ា​ការពារ​ទ្រព្យសម្បត្តិ​និង​ពលរដ្ឋ​ចិន​។​

​ចិន​ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​គាំទ្រ​របប​យោធា​ដែល​បាន​ឡើង​កាន់​អំណាច​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយ​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង​សាន ស៊ូ ជី​។​

​កោះ​តៃវ៉ាន់​ជា​កន្លែង​ដែល​មាន​ប្រជាជន​ចិន​-​ភូមា​រស់នៅ​ច្រើន​ហើយ​មាន​ទំនាក់ទំនង​វប្បធម៌​និង​ធុរកិច្ច​យ៉ាង​ជិតស្និទ្ធ​។​

​ក្រសួងការបរទេស​តៃវ៉ាន់​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​មាន​តែ​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​ប៉ុណ្ណោះ​ជាប់​នៅក្នុង​អំពើ​ហិង្សា​នេះ ដោយ​ជនជាតិ​ខ្លួន​ចំនួន ១០​នាក់​បាន​ជាប់​នៅក្នុង​បរិវេណ​រោងចក្រ​ទោះជា​យ៉ាងណា​​ពួកគេ​មាន​សុវត្ថិភាព​ទេ​។​

​ក្រសួង​និយាយថា​ការិយាល័យ​តំណាង​របស់​តៃវ៉ាន់​នៅក្នុង​ប្រទេស​នេះ​បាន​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​តៃវ៉ាន់​បន្ទាប់ពី​ទទួលបាន​របាយការណ៍​នៃ​ការវាយប្រហារ​ទៅ​លើ​ក្រុមហ៊ុន​ដែល​វិនិយោគ​ដោយ​ចិន​។​

​ការិយាល័យ​នេះ​បាន​ស្នើ​ឱ្យ​អ្នកជំនួញ​តៃវ៉ាន់​ព្យួ​រសញ្ញា​ជា​ភាសា​ភូមា​ថា “​ក្រុមហ៊ុន​តៃវ៉ាន់​” នៅ​តាម​រោងចក្រ​របស់​ពួកគេ​និង​បង្ហូតទង់ជាតិ​តៃវ៉ាន់​និង​ពន្យល់​ដល់​កម្មករ​ក្នុងស្រុក​និង​អ្នកជិតខាង​ថា “​ពួកគេ​ជា​រោងចក្រ​តៃវ៉ាន់​ដើម្បី​ចៀសវាង​អ្នក​ខាង​ក្រៅ​យល់ច្រឡំ​និង​វាយតម្លៃ​ខុស​”​។​

​ក្រុមហ៊ុន​តៃវ៉ាន់​នៅ​អាស៊ី​អាគ្នេយ៍​ធ្លាប់​ត្រូវ​គេ​ច្រឡំ​ជា​របស់​ចិន​នៅ​ក្នុង​ការតវ៉ា​ពីមុន​រួចមកហើយ រួម​ទាំង​ការតវ៉ា​ក្នុង​ឆ្នាំ ២០១៤​នៅពេល​ដែល​ជនជាតិ​វៀតណាម​រាប់ពាន់នាក់​ដុត​រោងចក្រ​បរទេស​ក្នុង​​ប្រតិកម្ម​ខឹង​នឹង​ការ​ខួង​យក​ប្រេង​របស់​ចិន​នៅក្នុង​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ទាមទារ​ដោយ​វៀតណាម​។​

​ចិន​អះអាងថា កោះ​តៃវ៉ាន់​ដែល​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ គឺជា​ទឹកដី​របស់​ខ្លួន​។​

រដ្ឋាភិបាល​ក្រុង​តៃប៉ិ​មិន​បាន​រក្សា​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​មី​យ៉ាន់​ម៉ា ដែល​ចាត់ទុក​កោះ​នេះ​ជា​ផ្នែក​មួយ​របស់​ចិន​ជា​ផ្លូវការ​៕

អាជ្ញាធរ​កោះ​តៃវ៉ាន់​ណែនាំ​រោងចក្រ​ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​បង្ហូតទង់ជាតិ​របស់​ខ្លួន