ដោយៈសរិទ្ធ/ភ្នំពេញ: យុវជន២នាក់បានផ្លោះរបងរត់ចេញពីមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឡើងលើដំបូលសំយាបផ្ទះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ យុវជនទាំង២នាក់នេះ មិនស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពពីនគរបាលប៉ុស្តិ៍គោកឃ្លាងបានឱ្យដឹងថា យុវជនទាំង២នាក់នេះ ត្រូវបានអាណាព្យាបាលយកមកដាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាប អ្នកញៀនគ្រឿងញៀន (ឌីធីអេ)។
នៅថ្ងៃកើតហេតុខាងអាណាព្យាបាលបានមកស្នើសុំខាងមណ្ឌល ដើម្បីយកកូនត្រឡប់ទៅផ្ទះវិញស្រាប់តែពួកគេទាំង២នាក់នាំគ្នាផ្លោះរបងរត់ចេញពីក្នុងមណ្ឌល ឡើងទៅលើដំបូលសំយាបផ្ទះដោយដៃមានកាន់កាំបិត និងដែកទីប បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវនាំគ្នាឈប់ឈរមើល និងភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។ តែពួកគេទាំងពីរនាក់មិនព្រមចុះមកទេ បើទោះបីជាសមត្ថកិច្ច និងសន្តិសុខនៅមណ្ឌលនោះព្យាយាមនិយាយយ៉ាងណាក៏គេមិនចុះមកដែរ។ អស់រយៈពេលជិត៣ម៉ោងអាណាព្យាលមកជួយនិយាយអង្វរទើបពួកគេព្រមចុះមក ហើយក៏ទៅជាមួយក្រុមគ្រួសារតែម្តង៕