វិធានការ​ទប់ស្កាត់​កូ​វីដពេលនេះ គួរតែ​ត្រូវ​ចាប់បង្ខំ​ឲ្យ​អនុវត្ត​ហើយ​!

ដោយ​:​ម៉េង​ឆៃ​/​ភ្នំពេញៈរាជធានី​ខេត្ត​មួយចំនួន​កន្លងមក​បាន​ចេញប្រកាស​ណែនាំ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ថែម​លើ​ការអំពាវនាវ​ហើយ​អំពាវនាវ​ទៀត​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​។ នោះ​គឺ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ផ្អាក​ការជួបជុំ​រៀបចំ​ពិធី​ផ្សេងៗ ក្នុងនោះ មាន​ពិធីមង្គលការ ពិធីជប់លៀង និង​ពិធីបុណ្យ ជាដើម​។

​ប៉ុន្តែ​ពីរ​ករណី​ថ្មីៗ​នេះ ដែលមាន​បុរស កើត​កូ​វីដ​១៩ នៅ​ភ្នំពេញ ទៅ​ចូលរួម​ពិធីមង្គលការ​នៅ​ខេត្តតាកែវ និង​ខេត្តកំពត គឺជា​ករណី​ជាក់ស្តែង ដែល​បង្ហាញថា ការចូលរួម​អនុវត្តតាម​ការអំពាវនាវ ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩ ហាក់​នៅមានកម្រិត​នៅឡើយ​។

​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់ដូចជា​មិន​ខ្វល់​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ទាល់តែសោះ​។ ពួកគេ​នៅតែ​ធ្វើដំណើរ​ចល័ត​ពី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត ហើយ​ចូលរួម​ពិធីមង្គលការ ដោយ​ថែមទាំង​មិន​ពាក់​ម៉ាស​ថែម​ទៀតផង​។ នេះ​បើតាម​ករណី​រប​ស់បុរ​ស ជា​អតីត​សង្ឃ ឈ្មោះ កក្កដា សុ​ភ័​ណ្ឌ ដែល​បាន​ចូលរួម​មង្គលការ​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ កាលពី​ថ្ងៃទី​១២​មីនា​។ រហូតដល់​ថ្ងៃទី​១៤​ខែមីនា​ទើប​លទ្ធផល​បង្ហាញថា បុរស​ចរិត​ស្រី​នេះ កើត​កូ​វីដ​១៩​។​

​ចំណែក​ករណី​រប​ស់បុ​រស អាយុ ២៣​ឆ្នាំ នៅ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤​មីនា​ដែល​បាន​ទៅ​ចូលរួម​ពិធី មង្គលការ​នៅ​ខេត្តកំពត​ក៏បាន​បញ្ជាក់​ពី​ការមិន​គោរព​វិធាន​សុខាភិបាល​ដែល​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​គឺ​ក្រោយ​ការយក​សំណាក​លើក​ទី​១ រួច មិនទាន់​ចេញ​លទ្ធផល​ផង បែរជា​បុរស​សាច់ដុំ​នេះ ទៅ​ចូលរួម​មង្គលការ នៅ​ភូមិ​ដំណាក់​ទ្រព្យ​ខាងជើង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។​

​ក្នុងករណី​ទាំងពីរ​ខាងលើនេះ បង្ក​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ យ៉ាងខ្លាំង​។ នៅ​រសៀល​ថ្ងៃទី​១៥​មីនា​ម្សិលមិញ ក្នុង​សារ​ជា​សំឡេង​ផ្ញើ​ទៅកាន់​អភិបាល​រាជធានី​ខេត្ត សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ សូម​ចេញ​វិធានការ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធី​ជួបជុំ ការរៀប​ពិធីមង្គលការ និង​ពិធីបុណ្យ​ផ្សេងៗ​ទៀត នៅ​ទូទាំងប្រទេស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធី​ជួបជុំ ពិសេស​ពិធីមង្គលការ ហើយ​បើ​ត្រូវធ្វើ ក៏​សូម​ត្រឹមតែ​ពិធីសែនព្រេន​សិន ក្នុង​ពិធី​តូចតាច ហើយ​ចាំ​រៀបការ នៅពេល​ក្រោយ ក៏​មិនយឺត​ពេល​ទេ ហើយក៏​មិន​ខុស​នឹង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ​យើង​ដែរ​។

​ដូច្នេះ​អាជ្ញាធរខេត្ត​រាជធានី ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់ និង​ស្រុក​ក្រុង​ខណ្ឌ ត្រូវ​ចូលរួម​អនុវត្ត​នូវ​បទបញ្ជា និង​វិធានការ​ថ្មី ដើម្បី​ហាមឃាត់​រាល់​ការជួបជុំ​ជប់លៀង ពិសេស​ពិធីបុណ្យ និង​មង្គលការ​ទាំងអស់​។ ក្នុងពេល​កន្លងមក ពិធី​ជួបជុំ​ទាំងអស់នេះ បើ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ ក៏​មិនអាច​ធ្វើទៅ​បានឡើយ​។​

​ម្យ៉ាងវិញទៀត អ្នករៀបចំ​ពិធី​ជួបជុំ​អស់ទាំង​នេះ ពិសេស​ពិធីមង្គលការ ក៏​គួរតែ​ពន្យារពេល ព្រោះថា មាន​រួចមកហើយ អ្នក​រៀបការ​ក្នុងសម័យ​កូ​វីដ​នេះ ដល់ពេល​ស៊ីការ បែរជា​ថត​បង្ហោះ​កើតទុក្ខ​រឿង​មិនមាន​ភ្ញៀវ​មក​ស៊ីការ ហើយ​ត្អូញត្អែរ​រឿង​ខាត​ថ្លៃ​ម្ហូបអាហារ និង​ចំណាយ​នានា ទៅវិញ​។

​ចូរ​កុំភ្លេចថា មែនទែនទៅ ការរៀប​អាពាហ៍ពិពាហ៍ មិនមែន​សំខាន់​លើ​ការជួបជុំ​ស៊ីផឹក​នោះទេ តែ​សំខាន់ គឺ​ប្តី​ប្រពន្ធ​នោះ ដឹក​ដៃ​គ្នា ទៅ​ចុះ​អេ​តា​ស៊ីវិល ឬ​ពាក្យ​ផ្លូវការ​ថា សំបុត្រអាពាហ៍ពិពាហ៍ នៅ​សាលាឃុំ​សង្កាត់ ឯណោះ​ទេ ទើប​មានតម្លៃ​ផ្លូវច្បាប់ បញ្ជាក់ថា ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​នោះ​។​

​ដូច្នេះ​អំឡុងពេល​កូ​វីដ​កំពុង​រាតត្បាត​នេះ គួរតែ​ទាំង​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន ហើយ​ជាពិសេស​ទាំង​ម្ចាស់​ដើមការ ឬ​ម្ចាស់ដើមបុណ្យ ផ្អាក​សិន​។ ចាំ​កូ​វីដ​ចប់ ចាំ​រៀបចំ​ពិធី ក៏​មិនយឺត​ពេល​ឡើយ ហើយ​បើ​ថា ចាំ​មិនបាន ក៏​ធ្វើ​ក្នុង​រូបភាព​តូចតាច ជា​លក្ខណៈ​គ្រួសារ ដែលមាន​អ្នកចូលរួម​តិចតួច​បំផុត​ទៅ​ក៏បាន​។ គឺ​បាន​បង្គ្រប់កិច្ច​តាម​ប្រពៃណី​ទំនៀមទម្លាប់ ហើយ​ក៏បាន​បុណ្យ​ដែរ ឲ្យ​តែ​ចិត្ត​យើង​ជ្រះថ្លា ក្នុង​អំពើ​ល្អ​។ នេះ​សម្រាប់​អ្នកធ្វើ​បុណ្យ​។ រីឯ​អ្នក​រៀបការ គឺ​ការព្រមព្រៀង​រវាង​ក្រុមគ្រួសារ​ទាំងសង្ខាង ហើយ​កូនកំលោះ​កូនក្រមុំ ដឹក​ដៃ​គ្នា ទៅ​ចុះ​អេ​តា​ស៊ីវិល នៅ​សាលាឃុំ ឬ​សាលាសង្កាត់ ជាការ​ស្រេច​។​

សូមកុំ​ឲ្យ​ការជួបជុំ​សប្បាយ​មួយពេល បែរជា​នាំទុក្ខ​ដល់​ក្រុមគ្រួសារ ញាតិមិត្ត​បងប្អូន អ្នកស្រុក​អ្នកភូមិ និង​លំបាក​គេ​លំបាក​ឯង​មួយ​ប្រទេស​ឲ្យ​សោះ​។​

​ម្យ៉ាងវិញទៀត ចាប់ពី​ថ្ងៃទី​១២ ខែមីនា​មក គឺ​ទាំង​ច្បាប់ និង​ទាំង​អនុក្រឹត្យ បានចេញ ដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ​នូវ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ ដូច្នេះ​បើ​មាន​អ្នក​មិន​អនុវត្ត​វិធាន​សុខាភិបាល ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​អ្នក​មិន​ស្តាប់​តាម​ការអំពាវនាវ និង​សេចក្តីជូនដំណឹង​ពី​ការផ្អាក​ការជួបជុំ រៀបការ និង​ពិធីបុណ្យ​ទៀត​នោះ គឺ​ជម្រើស​ចុងក្រោយ មានតែ​ការយក​ច្បាប់ មក​អនុវត្ត​ប៉ុណ្ណោះ​។

​នោះ​គឺ​ច្បាប់ និង​អនុក្រឹត្យ​កូ​វីដ បានកំណត់​ពី​ការផាកពិន័យ​ជា​ប្រាក់ ចាប់ពី ១​លាន​រៀល ដល់ ២០​លាន​រៀល និង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ចាប់ពី ៦​ខែ រហូតដល់ ២០​ឆ្នាំ លើ​អ្នក​ល្មើស​នឹង​បម្រាម មិន​ធ្វើ​ច​ត្តា​ឡី​ស័ក មិន​ចូលរួម​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ ព្រមទាំង​អ្នក ដែល​ធ្វើ​ឲ្យ​ឆ្លង​កូ​វីដ​ដល់​អ្នកដទៃ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular