ដោយ:អង្គរតូច/សៀមរាប៖យុវជនម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយបើបង្ហោះម៉ូតូហើយភ្លាត់ស្នៀត ចូលឡានដឹកស្រារបៀរ GANZBERG។

ហេតុការណ៍ បានកើតឡើងវេលាម៉ោង៤ និង៣០ នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខសៀមរាប1AE.6849 ឈ្មោះមុំ ធាវី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនរងគ្រោះបើកបង្ហោះម៉ូតូ ហើយទំនងជាភ្លាត់ស្នៀតក៍ចូលក្រោមឡានធុនកូរ៉េ ក្រុមហ៊ុនស្រាបៀរ GANZBERG ពាក់ស្លាកលេខភ្នំពេញ3E.3036 បញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្ដាលអោយស្លាប់តែម្ដង តៃកុងឡានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបន្តថា ករណីនេះម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុក។ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារ៕