​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាង​ហ្គោ​នះ​យ៉ាងហោច​ណាស់​បាតុករ​មី​យ៉ាន់​ម៉ា​១១​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​កាលពី​ថ្ងៃ​ចន្ទ​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​ប្រទេស​នេះ​ជួប​ការ​បង្ហូរឈាម​បំផុត​ចាប់​តាំង​​ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាលពី​៦​សប្តាហ៍​មុន​។​

​កាលពី​ថ្ងៃអាទិត្យ អ្នក​ប្រឆាំង​តវ៉ា ៤៤​នាក់ ត្រូវ​កងសន្តិសុខ​បាញ់សម្លាប់ ។​

​កាលពី​ថ្ងៃ​ចន្ទ​នេះដែរ សហគមន៍​អន្តរជាតិ​បាន​សុំ​អង្វរ​អោយ​អត់ធ្មត់​នៅពេល​បាតុករ​មី​យ៉ាន់​ម៉ា​ចេញ​មក​តាម​ដងផ្លូវ​សា​ជាថ្មី និង​មាន​សេចក្តីរាយការណ៍​អំពី​ការស្លាប់​បាតុករ​បន្ថែម​។​

​អង្គការសហប្រជាជាតិ អាម៉េរិក ចិន​និង​អង់គ្លេស សុទ្ធតែ​បាន​ថ្កោលទោស​អំពើហិង្សា ដែល​អង្គការសហប្រជាជាតិ​បាន​និយាយថា​វា​បាន​ឆក់​យក​អាយុជីវិត​បាតុក​រ​អហិង្សា​អស់​យ៉ាងតិច​១៣៨​នាក់​​រួម​មាន​ស្ត្រី និង​កុមារ​ផង​។​

​ថ្ងៃ​បង្ហូរឈាម​បំផុត​គឺ​ថ្ងៃអាទិត្យ​ទី​១៤​មីនា នៅពេល​បាតុករ​៤៤​នាក់​ត្រូវបាន​សម្លាប់​និង​រោងចក្រ​ចិន​រាប់សិប​ត្រូវបាន​បំផ្លាញ​និង​លួច​ប្លន់​យក​ទំនិញ​។​

​សារព័ត៌មាន​The Global Times​របស់​ចិន​បាន​និយាយថា រោងចក្រ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ចិន​ចំនួន​៣២​ត្រូវបាន​បំផ្លាញ​កាលពី​ថ្ងៃអាទិត្យ ដោយ​ការខូតខាត​ទ្រព្យសម្បត្តិ​មានចំនួន​ប្រមាណ​៣៦,៨៩​លាន​​ដុល្លារ​។​មុននេះ សារព័ត៌មាន​នេះ​និយាយថា រោងចក្រ​កាត់ដេរ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ចិន​ចំនួន​២ ត្រូវបាន​បំផ្លាញ​ដោយ​ការដុត​។​

​ការដុត​បំផ្លាញ​រោងចក្រ​នេះ​បាន​បង្ក​ប្រតិកម្ម​ធ្ងន់ៗ​បំផុត​ពី​ចិន ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន បាន​និយាយ​នៅ​ក្រុង​ប៉េកាំង​ថា​«​យើង​ចង់អោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ចាត់​​វិធានការ​មាន​ប្រសិទ្ធភាព​បន្ថែម​ដើម្បី​ធានា​សន្តិសុខ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​និង​បុគ្គលិក​ចិន​»៕

​បាតុករ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ទ​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​សាជាថ្មី បន្ទាប់​ពី​ការបង្ក្រាប​ដ៏​បង្ហូរឈាម​បំផុត​និង​ការដុត​បំផ្លាញ​រោងចក្រ​