ដោយៈប.ជ័យ / កំពង់ធំៈ កម្លាំងជំនាញការិយាលយប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានសហការជាមួយអធិការដ្ឋាននគរបាល ស្រុកសន្ទុក និង ស្រុកបារាយណ៍ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី បានឃាត់ខ្លួនជនសង្ស័យមេក្លោងជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ (ភូមិសាស្ត្រស្រុកសន្ទុក និង ស្រុកបារាយណ៍ ) ។
ការបង្ក្រាបបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤និង ៣០នាទីល្ងាចនៅចំណុចវាលគោក ភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់ព្រំប្រទល់២ខេត្តដូចខាងលើ ។
សមត្ថកិច្ចបានប្រើវិធានការជំនាញស្ទាក់ចាប់ ពេលជនសង្ស័យធ្វើ សកម្មភាពដោះដូរថ្នាំញៀន តែជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ពេលនោះសមត្ថកិច្ចបានដេញនិងបង្ខំចិត្តបាញ់ឡើងលើចំនួន០២គ្រាប់ ។ ពេលនោះ ជនសង្ស័យបានលោតចុះពីម៉ូតូ ហើយបាញ់តដៃ ហើយត្រូវសមត្ថកិច្ចបានបាញ់ ជនសង្ស័យចំភ្លៅខាងស្តាំចំនួន០១គ្រាប់ រួចក៍ឃាត់ខ្លួនបានតែម្តង ។
ក្រោយចាប់បានជនសង្ស័យម្នាក់ សមត្ថកិច្ចបានបន្តនិតិវិធីឈានទៅឃាត់ខ្លួន ជនសង្ស័យ ម្នាក់ទៀតដែលត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ (ជាសហចារី) ។
ជនសង្ស័យដែលចាប់ឃាត់ខ្លួនបាន ឈ្មោះ ផល្លា តុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអន្លង់ថ្ម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ (ហើយកំពុងបញ្ចូនទៅព្យាបាលរបួសនៅមន្ទីពរទ្យរាជធានីភ្នំពេញ) និង ឈ្មោះ ទិត សៅ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិគគីរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវរក្សាទុក សួរចម្លើយដើម្បីកសាងសំណុំរឿងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចរឹបអូសបាន វត្ថុតាងដូចជា ម្សៅក្រាមពណ៌ ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់ ទម្ងន់៨,៧៥ក្រាម, អាវុធខ្លីចំនួន ០១ដើម គ្រាប់៤១គ្រាប់, ម៉ូតូចំនួន ០១ គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ចីងចំនួន ០១គ្រឿង និង ឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់តាមនីតិវិធី ៕