ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា នៅលើ​ពិភពលោក​ទាំងមូល ក៏ដូចជា​ប្រទេស​កម្ពុជា​យើង អំពើហិង្សា​នៅក្នុង​គ្រួសារ​ពី​សំណាក់​បុរស​ជា​ស្វាមី ជា​ឪពុក ទៅលើ​ស្ត្រី​ជា​ភរិយា និង​កូនៗ នៅតែ​កើតមាន​ជា​បន្តបន្ទាប់ បើទោះបី​ថ្នាក់ដឹកនាំ​ប្រទេស​នីមួយៗ ខិតខំ​បង្កើត​ឲ្យ​មានច្បាប់ និង​ស្ថាប័ន ឬ​អង្គភាព​អនុវត្ត​ច្បាប់​ប្រឆាំងនឹង​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏ដោយ ។​

​លោក​បន្តថា អំពើហិង្សា​នៅក្នុង​គ្រួសារ ពុំមាន​ផលចំណេញ​អ្វី​ទាល់តែសោះ សម្រាប់​ក្រុមគ្រួសារ​នីមួយៗ ។ ផ្ទុយទៅវិញ​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ មានតែ​បង្ក​ឲ្យ​បែកបាក់​គ្រួសារ ខាតបង់​ទ្រព្យសម្បត្តិ បង្ក​របួស និង​ស្លាប់បាត់​បង់ជីវិត​ប្រពន្ធ​កូន​តែប៉ុណ្ណោះ ។ ទីបំផុត​ទៅ ស្វាមី​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់ ពេលខ្លះ​ត្រូវ​ជាប់ពន្ធនាគារ​ក៏មាន បន្សល់ទុក​កូនកំព្រា​ម្តាយ និង​កេរ្តិ៍​អា​សោច​ដែលមាន​ឪពុក​ជា​ឃាតក ជា​អ្នកទោស​ជាប់ពន្ធនាគារ​ជាដើម​។​

​ក្នុងនោះដែរ បុរស​ជា​ស្វាមី​មួយចំនួន​តូច មានការ​យល់ច្រឡំ គិតថា ខ្លួន​ជា​មេ​គ្រួសារ ជា​អ្នក​រកលុយ​ផ្គត់ផ្គង់​គ្រួសារ ត្រូវ​មានអំណាច​គ្រប់គ្រង​លើ​ប្រពន្ធ​កូន អាច​វាយ​ធ្វើបាប​ប្រពន្ធ​កូន តាមចិត្ត​របស់ខ្លួន ។ ស្វាមី​ខ្លះ យក​លេស​ខ្លួន​ស្រវឹង ហើយក៏​វាយ​ធ្វើបាប​ប្រពន្ធ​កូន ដោយ​គិតថា ខ្លួន​មិនមាន​ទោស​ពៃ​ឡើយ​។ ចំណែកឯ​ស្វាមី​ខ្លះទៀត ដើរ​ផ្លូវខុស​ញៀន​ថ្នាំ ក៏​វាយ​ធ្វើបាប​ប្រពន្ធ​កូន ដោយ​គិតថា ខ្លួន​វង្វេងស្មារតី​មិនដឹង​អី​។ ស្វាមី​មួយចំនួនទៀត វាយ​ធ្វើបាប​ប្រពន្ធ​កូន​ជាប្រចាំ អាង​តែ​ប្រពន្ធ​មិន​តបត មិន​ប្តឹង បានដៃ​។​

​លោក ស សុខា បាន​លើកឡើងថា ចំពោះ​រាល់​ការគិត ការយល់ និង​ការប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ប្រពន្ធ​កូន​របស់​ស្វាមី​មួយចំនួន​ខាងលើនេះ គឺជា​ការយល់ច្រឡំ និង​ជា​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ លើសពីនេះទៅទៀត គ្រប់​ស្វាមី​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ប្រពន្ធ​កូន សុទ្ធតែ​មានទោស​ដែល​មានចែង​នៅក្នុង​ច្បាប់ ពោលគឺ​ស្វាមី​មិនអាច​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​កូន​ជាដាច់ខាត ព្រោះ​វា​អំពើ​ខុសច្បាប់​ទាំងស្រុង​។ ក្នុងនាម​ស្វាមី និង​ជា​ឪពុក​មួយរូប ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្វាមី និង​ឪពុក​ទាំងឡាយ សូម​បញ្ឈប់​រាល់​ការប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​កូន ដោយ​ប្តូរ​មកវិញ​នូវ​ការផ្តល់​ភាពកក់ក្តៅ​ដល់​ប្រពន្ធ​កូន និង​ជា​បង្គោល​ដ៏​រឹងមាំ​សម្រាប់​ក្រុមគ្រួសារ​។ រួមគ្នា​បំបាត់​អំពើហិង្សា​នៅក្នុង​គ្រួសារ ដោយ​ផ្តើមចេញពី​ស្វាមី​គ្រប់រូប​៕​